ភ្នំពេញៈ ជនជាប់ចោទ​ជាតិ​អូស្ត្រាលី លោក James Ricketson ពាក់ព័ន្ធ​រឿង​បង្ហោះដ្រូន ត្រូវ​បាន​តុលាការ​កំពូល​ បដិសេធ​ឲ្យ​នៅ​ក្រៅ​ឃុំ ក្រោយ​ការ​ប្រកាស​សេចក្តី​សម្រេច​ចិត្ត​ នៅព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា​នេះ។

បុរស​រូប​នេះ​ កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស ក្រោម​បទ​ ចារកម្ម ក្រោយពី​ខ្លួន​ត្រូវ​នគរបាល​ចាប់​ នៅ​ថ្ងៃទី​ ៣ ខែ​មិថុនា ឆ្នាំ​២០១៧ ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះយន្តហោះដ្រូន​ ដែល​បាន​ផ្តិត​រូប​ភាព​នៅ​ រាជ​ធានី​ភ្នំពេញ។

កន្លង​មក​លោក Ricketson និង​មេធាវី​របស់​ខ្លួន តែងតែ​បដិសេធ​នូវ​ការ​ដែល​ចោទ​ប្រកាន់​ថា​គាត់​ពាក់ព័ន្ធ​នឹង​ចារកម្ម​ ដែល​រដ្ឋាភិបាល​គិត​ថា លោក​ទាក់ទង​នឹង​គណបក្ស​ប្រឆាំង។

គណបក្ស​សង្គ្រោះជាតិ ជា​គណបក្ស​ប្រឆាំង ក៏​ត្រូវ​បាន​តុលាការ​កំពូល​ កាត់​ក្តី​រំលាយ​ កាលពីថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ ហើយមេដឹកនាំ​បក្ស​លោក កឹម សុខា ក៏​បាន​កំពុង​ឃុំ​ខ្លួន​រង់​ចាំ​ការ​កាត់​ក្តី ពី​ករណី​«ក្បត់​ជាតិ​»៕