ភ្នំពេញៈ មន្ត្រីនគរបាលខណ្ឌពោធិសែនជ័យ ត្រូវបានអយ្យការសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ នៅព្រឹកមិញនេះ ពីបទមនុស្សឃាតដោយអចេតនា បន្ទាប់ពីលោកបានធ្វេសប្រហែសធ្វើឲ្យផ្ទុះអាវុធ ពេលចុះប្រតិបត្តិការបង្ក្រាបការជល់មាន់ បណ្តាលឲ្យស្លាប់បុរសម្នាក់កាលពីថ្ងៃអាទិត្យ នៅក្រោយចំណុចផ្សារ កាណាស៊ីធី ក្នុងសង្កាត់ចោមចៅ ២។
លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ «ក្រោយពីបានពិនិត្យឯកសារសំណុំរឿង សាកសួរចម្លើយតាមនីតិវិធី និង ពិនិត្យភស្តុតាង តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់ពីបទ មនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត»។
ជនត្រូវចោទមានឈ្មោះ ចន វិរៈ ជាមន្ត្រីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ និងកងកម្លាំងខណ្ឌ បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅសង្កាត់ចោមចៅ ២ ក្រោយផ្សារកាណាស៊ីធី កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា ក៏បានធ្វើការផ្ទុះអាវុធ និងបានផ្លាតគ្រាប់ទៅបន្ទប់ជួលជាន់ទីបី ក្បែរនោះបណ្តាលឲ្យបុរសជាជនរងគ្រោះ ឈ្មោះ សៀក រ៉ន ត្រូវគ្រាប់ស្លាប់ ដោយបន្សល់ទុកនូវកូនប្រុសស្រី ចំនួនពីរនាក់៕