កំពង់​ស្ពឺៈ តុលាការ​ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​មីនា​ម្សិ​ល​មិញ​ បាន​ប្រកាស​សាល​ក្រម​ផ្តន្ទា​ទោស​អ្នក​ស្រី សំ​ សុខា សាជាថ្មី​ ដោយ​ដាក់​ពន្ធនាគារ​​កំណត់​ ២​ ឆ្នាំ​ដដែល ពាក់​ព័ន្ធ​នឹង​ការ​យក​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ខេត្ត​ព្រះ​សីហនុ កាល​ពី​ខែ​មេសា ឆ្នាំ ​២០១៧។

អ្នក​ស្រី សំ រចនា ត្រូវ​ជា​ប្អូន​ស្រី​របស់​អ្នក​ស្រី​សំ​ សុខា បាន​ថ្លែង​ថា តុលាការ​ បាន​កាត់​ទោស​បង​ស្រី​របស់​អ្នក​ស្រី​ ឲ្យ​ជាប់​ពន្ធនាគារ​ ២​ ឆ្នាំ​ដដែល ក្រោយ​ពេល​បាន​បើក​សវនាការ​កាល​ពី​ថ្ងៃ​ទី ១៥​ ខែ​មីនា សប្តាហ៍​មុន។

អ្នក​ស្រី​ថ្លែង​ថា ការ​កំណត់​ដាក់​២​ឆ្នាំ​នេះ​«ជារយៈ​ពេល​យូរ​ ដោយ​សារ​តែ​គាត់​ បាន​សារភាព​ទទួល​កំហុស និង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ជួយ​បន្ធូរ​បន្ថយ​ទោស»។

អ្នក​ស្រី​ ​សំ សុខា បានរត់​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​មួយ​រយៈ​ ក្រោយ​ពេល​តុលាករ​ខេត្ត​កំពង់​ស្ពឺ​ បាន​ចេញ​ដី​កា​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ ២​បទ​ល្មើស​ គឺ​បទជេរ​ប្រមាថ និង​បទ​ញុះ​ញង់​ ឲ្យ​មាន​ការ​រើសអើង។ បទ​​ចោទ​នេះ​​ កើត​ឡើង​នៅ​ពេល​អ្នក​ស្រី​ បាន​យក​ស្បែក​ជើង​គប់​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ១ ខែ​មេសា ឆ្នាំ​ ២០១៧ នៅ​ខេត្ត​ព្រះ​សីហនុ។

កាល​ពី​ថ្ងៃ​​ទី​ ២៥ ខែ​មករា ស្ត្រី សំ សុខា ត្រូវ​តុលាការ​ខេត្ត​កំពង់ស្ពឺ​កាត់ទោស​កំបាំង​មុខ និង​ចេញ​សាលក្រម​ផ្តន្ទាទោសដាក់​ពន្ធនាគារ​ ២ ​ឆ្នាំ។

លោក ខុន ខូច មន្ត្រី​ផ្នែក​អង្កេត​​នៃ​​អង្គការ​​សិទ្ធិ​មនុស្ស​លីកាដូ​ខេត្ត​កំពង​ស្ពឺ​ បាន​និយាយ​ថា ក្រៅ​ពី​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​២​ឆ្នាំ អ្នក​ស្រី សំ សុខា ក៏​ត្រូវ​បាន​​តុលាការ តម្រូវ​ឲ្យ​បង់​ប្រាក់​ពិន័យ​​ចំនួន ៥​ លាន​រៀល​​ផង​ដែរ​។​

លោក អ៊ុន ច័ន្ទ​ថុល មេធាវី​ការពារ​អ្នក​ស្រី​ សំ សុខា បាន​ថ្លែង​ថា​ ការ​​ជម្រះ​ឡើង​វិញ​នេះ​ ដោយសារ​តែ​កាល​ពី​ខែ​មករា តុលាការ​ បាន​កាត់​ទោស​កូន​ក្តី​របស់​លោក​ ដោយ​កំបាំង​មុខ ហេតុ​ដូច្នេះ​ កូន​ក្តី​របស់​លោក ​បាន​ប្តឹង​ទាស់​នឹង​ការ​សម្រេច​នោះ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​កាត់​ក្តី​ឡើង​វិញ។

លោក​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃទី​ ១៥​ មីនា មាន​តែ​ការ​សួរ​ទៅ​លើ​កូន​របស់​អ្នក​ស្រី​ សំ សុខា​ ដែល​ជា​អ្នក​កាន់​ទូរស័ព្ទ​ថត​សកម្មភាព​គប់​ស្បែក​ជើង។ លោក​និយាយ​​ថា៖ «ទី​មួយ​គាត់​ស្នើ​សុំ​បន្ធូរ​បន្ថយ​ទោស ហើយ​គាត់បាន​ទទួល​សារភាព និ​ងលើក​លែង​ទោស ...»។

លោក អ៊ូ ផាត អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ និង​ជា​ព្រះ​រាជអាជ្ញា​ ក្នុង​សំណុំ​រឿង​នេះ​ មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បាន​ទេ កាល​ពី​ម្សិល​មិញ៕