ភ្នំពេញៈ ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ដែល​ពាក់ព័ន្ធ​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ដើម្បី​យក​ទារក​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​ហើយ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ ១៨ ​ខែ​នោះ​ត្រូវ​សភា​ព្រហ្មទណ្ឌ​នៃ​សាលា​ឧទ្ធរណ៍​ពី​ម្សិលមិញ​ប្រកាស​សាលដីកា​ដោយ​រក្សា​ទោស​នៅ​ដដែល បន្ទាប់ពី​ជំនុំ​ជម្រះ​កាលពី​ថ្ងៃ​ទី​ ២៧ ខែ​ធ្នូ​កន្លង​មក​។

នៅ​ក្នុង​បន្ទប់​សវនាការ និង​នៅ​ចំពោះ​មុខ​ស្ត្រី​ជាប់ចោទ​លោកស្រី​ចៅក្រម​ គឹម ដានី បាន​អាន​សាលដីកា​ថា​សំណុំ​រឿង​ដែល​មាន​ស្ត្រី​ជាប់​ចោទ​ឈ្មោះ​ Tammy Alayne Chales អាយុ​ ៤៩ ​ឆ្នាំ​ដែល​កាលពី​ថ្ងៃ​ជំនុំ​ជម្រះ​មាន​លិខិត​ពី​វេជ្ជបណ្ឌិត​អះអាង​ថា​ជន​ជាប់ចោទ​មាន​ជំងឺ​ដុំ​ពក​ភ្នែក​ហើយ​មុន​ជាប់ឃុំ​ក៏​ត្រូវ​វះកាត់​ម្តង​ហើយ​ដែរ​។

លោកស្រី​ចៅក្រម​បន្ត​តាម​លិខិត​ពេទ្យ​ថា​គ្រូពេទ្យ​ថា​ប្រសិន​បើ​ដុំ​ពក​ភ្នែក​នោះ​រើ​ឡើង​វិញ​នោះ​ជំងឺ​នេះ​ត្រូវ​តែ​វះកាត់​។ ​ប៉ុន្តែ​ការ​លើក​ឡើង​នេះ​លោកស្រី​ចៅក្រម​ហាក់​មិន​និយាយ​ដល់​ការ​អនុញ្ញាត​ឲ្យ​ជនជាប់ចោទ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ព្យាបាល​ពេល​ជំងឺ​មហារីក​រើ​ឡើង​វិញ​ឬ​យ៉ាង​ណា​នោះ​ដែរ​។

ចំពោះ​មូលហេតុ​ដែល​ត្រូវ​សភា​ព្រហ្មទណ្ឌ​តម្កល់​ទោស​នោះ​លោកស្រី​ចៅក្រម​ពន្យល់​ទៅ​ស្ត្រី​ជាប់​ចោទ​ថា​៖ «​ទោស​​ ១៨ ​ខែ​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ដល់​ជន​ជាប់ចោទ​នោះ​គឺ​មាន​លក្ខណៈ​សមល្មម​ហើយ​ព្រោះ​បើ​តាម​មាត្រា​នៃ​ក្រម​ព្រហ្មទណ្ឌ​ទោស​នេះ​ត្រូវ​ជាប់​ឃុំ​ពី​ ៦ ​ខែ​ទៅ​ ២ ​ឆ្នាំ​ឯណោះ​។ ដូច្នេះ​តុលាការ​មិន​អាច​ធ្វើ​តាម​ការ​ស្នើសុំ​ពី​ជនជាប់ចោទ​កាលពី​ថ្ងៃ​ជំនុំជម្រះ​ឲ្យ​បន្ថយ​ទោស​ដល់​ខ្លួន​បាន​ទេ​»​។

គួរ​រំឭក​ដែរ​ថា​កាលពី​ថ្ងៃ​ជំនុំ​ជម្រះ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះ Tammy Alayne-Chales អាយុ ៤៩ ឆ្នាំ​បាន​ទទួល​កំហុស និង​សុំ​ឲ្យ​បន្ថយទោស​ដែល​ការ​ស្នើសុំ​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១ ​ឆ្នាំ​ ៦ ​ខែ​។

កាលពី​ថ្ងៃ​ជំនុំជម្រះ​ស្ត្រី​ជាប់​ចោទ​ប្រាប់​ចៅក្រម​ថា​គាត់​ត្រូវ​លោកគ្រូ​ពេទ្យ​ផ្ញើ​លិខិត​ពី​បរទេស​បញ្ជាក់​អំពី​បញ្ហា​ជំងឺ​មហារីក​កោសិកា​របស់​គាត់​។

ដូច្នេះ​គាត់​សូម​ឲ្យ​តុលាការ​ជួយ​កាត់​បន្ថយ​ទោស​ដើម្បី​ឲ្យ​គាត់​ឆាប់​បាន​ចេញ​ពី​មន្ទីរ​ឃុំឃាំង​ទៅ​ព្យាបាល​ជំងឺ​។

លោកស្រី​ចៅក្រម គឹម ដានី បាន​ឲ្យ​ដឹង​តាម​អង្គហេតុ​ថា​កាលពី​អំឡុង​ឆ្នាំ ២០១៥-២០១៦ ស្ត្រី​ជាប់ចោទ​ Tammy Alayne Chales បាន​មក​ប្រទេស​កម្ពុជា​ហើយ​ស្វែងរក​ស្ត្រី​ខ្មែរ​ដើម្បី​ពពោះ​យក​ទារក និង​បាន​ទាក់ទង​បុរស​ឈ្មោះ​ ពេជ្រ ឫទ្ធី និង ស្ត្រី​ឈ្មោះ សំរិទ្ធ ចរិយា ដើម្បី​រក​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​។

អង្គហេតុ​បង្ហាញ​បន្ត​ថា​បន្ទាប់ពី​ជន​ទាំង ២ នាក់​រក​ស្ត្រី​ខ្មែរ​បាន​ក៏​នាំ​ទៅ​មន្ទីរសម្ភព​ដើម្បី​ចាក់​មេជីវិត​ដែល​ស្ត្រី​ជាប់​ចោទ​ផ្តល់​ប្រាក់​ឲ្យ​ថ្លៃ​សេវា​ចំនួន​ ៣០០ ដុល្លារ​។ រីឯ​ស្ត្រី​ជា​អ្នក​ពពោះ​នោះ​គឺ​ស្ត្រី​ជាប់​ចោទ​ផ្តល់​ប្រាក់​ឲ្យ​ ១ ​ម៉ឺន​ដុល្លារ​ពេល​ទារក​កើត​មក​។

ប៉ុន្តែ​រឿង​នេះ​ត្រូវ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ឃាត់​ខ្លួន​បុរស ឈ្មោះ ពេជ្រ ឫទ្ធី ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ ៣ ខណ្ឌ​ទួលគោក និង​ស្ត្រី​ឈ្មោះ សំរិទ្ធ ចរិយា អាយុ​ ៣០ ​ឆ្នាំ​មុខរបរ​ឆ្មប​ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​នៅ​ថ្ងៃ​ទី​ ១៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៦​។ បើ​តាម​របាយការណ៍​នគរបាល​បង្ហាញ​ថា ករណី​នេះ​មាន​ស្ត្រី​ខ្មែរ​ ២៣ ​នាក់​ហើយ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​រកឃើញ​ទាក់ទង​នឹង​ករណី​គេ​ឲ្យ​ពពោះ​ជំនួស​ក្នុង​អាជីវកម្ម​ខុស​ច្បាប់​។

ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ទាំង​ ២៣ ​នាក់​នោះ​គេ​បង្កើត​បាន​ទារក ៥ នាក់​ខណៈ​ស្ត្រី​ ១៨ នាក់​ទៀត​កំពុង​ពពោះ​នៅ​ឡើយ​។

សំណុំ​រឿង​នេះ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​​ ៣ ខែ​សីហា ឆ្នាំ​ ២០១៧ សម្រេច​ផ្តន្ទាទោស​ជន​ជាប់ចោទ​ដាក់​ពន្ធនាគារ​ ១ ​ឆ្នាំ ៦ ខែ​ចោទ​បទ «​អន្ដរកាល​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ និង​បទ​សុំ​ឲ្យ​ផ្ដល់​ឯកសារ​ទុច្ចរិត​» និង​ពិន័យ​ប្រាក់ ៤ លាន​រៀល​ចូល​ថវិការដ្ឋ​។ ដោយ​ឡែក​ជន​ជាប់ចោទ​ខ្មែរ ​២ នាក់​ទៀត​ក៏​ជាប់​ដូច​គ្នា​ជា​ចារី​សមគំនិត​៕