កោះកុងៈ បុរសឈ្មោះ​ ​ហ៊ុន​ វណ្ណៈ ​អាយុ​ ៣៥ ​ឆ្នាំ​ និង​ឌឹម​ គុណ​ឌី​ អាយុ​ ២១ ​ឆ្នាំ​ មាន​គោលដៅ​រួមគ្នា​ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ចំពោះ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​​រំលោភ​បំពាន និង​បំផ្លាញ​ដោយ​​អ្នក​មាន​អំណាច​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​​ខែ​កញ្ញា​ ដោយ​សារ​​ការ​តាម​ដាន​ការ​រំលោភ​បំពាន​ទាំង​នោះ​។

សវនាការ​ជំនុំ​ជម្រះ​លើ​បុរស​ទាំង​ ២ គឺ វណ្ណៈ និង​ គុណឌី ដែល​ប្រឈម​​មុខ​នឹង​បទ​ «ញុះញង់» និង​ការ​ថត​​រូប​ «កន្លែង​ឯក​ជន» ដោយ​មិន​មាន​ការ​​អនុញ្ញាត ត្រូវបាន​​បើក​សវនាការ​កាល​ពី​ម្សិលមិញ ​នៅ​សាលា​ដំបូង​ខេត្ត​​កោះកុង តែ​មិន​បាន​ប្រកាស​សាល​ក្រម​ភ្លាម ​ទេ ​តែនឹង​ប្រកាស​សាលក្រម​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

ក្នុងសវនាការ​សួរ​ដេញ​ដោល​ត្រូវ​បាន​ចំណាយ​ពេល​អស់​ ៣ ​ម៉ោង​កន្លះ​កាល​ពី​ព្រឹក​ម្សិល​មិញ​ទៅ​លើ​ វណ្ណៈ និង គុណឌី។

អ្នក​ទាំង​ ២ ​ត្រូវ​ឃុំខ្លួន​ជាង​ ៤ ខែ​នៅ​ពន្ធនាគារ​ខេត្ត​ពីបទ​ «ប៉ះ​ពាល់​ដល់​សិទ្ធិ​ខាង​​រូបភាព​នៃ​បុគ្គល ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍» បន្ទាប់​ពី​តំណាង​ក្រុម​ហ៊ុន​​លី យ៉ុងផាត់ (LYP) លោក​ចាន់ ណាគ្រី​ បាន​ប្តឹង​ពួកគេ​ពេល​ចុះ​​ថត​​កប៉ាល់​ដឹកខ្សាច់​ក្រុម​ហ៊ុន​កាល​ពី​ខែ​កញ្ញា​ ឆ្នាំមុន។

លោក​ សំ ចំរើន មេធាវី​ការពារ​ក្តី​ឲ្យ​សកម្ម​ជន​ទាំង​ ២ នាក់​បាន​អះអាង​ថា មេធាវី​មាន​មូល​ដ្ឋាន​គ្រប់​គ្រាន់​ និង​ពេញ​លេញ រួម​នឹង​វត្ថុ​តាង​និង​សាក្សី​ដែល​អាច​ដោះ​បន្ទុក​​ទៅ​នឹង​បទ​ចោទ​ប្រកាន់​របស់​ព្រះ​រាជអាជ្ញា​បាន។

លោក​ចំរើន​បញ្ជាក់​ថា៖ «លោក​ចៅក្រម​ជា​អ្នក​សម្រេច​ តែ​យើង​សង្ឃឹម​ថា​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ចំពោះ​កូន​ក្តី​ខ្ញុំ។ ទាំង​ខ្ញុំ​ និង​រូប​គាត់​ទាំង​ ២ នាក់​បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​សម្រេច​ឲ្យ​រួចផុត​បទ​ចោទ​ព្រោះ​ថា​ យើង​អត់​មាន​កំហុស»។

ខណៈ​លោក​ អ៊ីវ ត្រាយ ​តំណាង​អយ្យការ​ក្នុង​សវនាការ​នេះ​បាន​ថ្លែង​ថា ​ការ​សម្រេច​យ៉ាង​ណា​លើ​សំណុំ​រឿង​នេះ​ គឺ​ស្ថិត​លើ​ចៅក្រម​ជា​អ្នក​សម្រេច​ និង​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​ថ្លែង​ថា៖​«យើង​ពិនិត្យ​ទៅ​លើ​ឯកសារ​ភ័ស្តុតាង​ដែល​មាន​នៅ​ក្នុង​សំណុំ​រឿង»។

លោក​ អ៊ុន សុវណ្ណធានី​ អ្នក​នាំ​ពាក្យ​អយ្យការ​នៃ​តុលាការ​ខេត្ត​ កោះកុង​បាន​ថ្លែង​ថា ករណី​នេះ​តុលា​ការ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ទាំងអស់។

លោក សេង ញ៉ាក់ មកពី ក្រុម​ហ៊ុន​លី យ៉ុងផាត់ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ។

ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​ចាប់​ខ្លួន សកម្មជន​ទាំង ២ ​គ្រាន់​តែ​ថត​រូប​កប៉ាល់​ដឹក​ខ្សាច់​ ​ពីទូក​របស់​ពួកគេ​នៅ​សមុទ្រ ដែល​មាន​ចម្ងាយ​រហូត​ដល់​មួយ​គីឡូ​ម៉ែត្រ​ពី​កប៉ាល់​​ទាំង​នោះ​ដែល​​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក​ ​លី យ៉ុងផាត់ ក្នុង​ស្រុក​ព្រែក​ខ្សាច់​ ក្នុង​ស្រុក​ គិរីសាគរ។

អ្នកស្រី ទី ម៉ារី​ ដែល​ជា​ម្តាយ​របស់​បុរស វណ្ណៈ បាន​ថ្លែង​ថា ​កូន​ប្រុស​របស់​អ្នក​ស្រី ​កើត​និង​ធំ​ដឹង​ក្តី​នៅ​​ខណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំពេញ ​ហើយ​បាន​​បោះបង់​​អាជីវកម្ម​ជួសជុល​ទូរស័ព្ទ​របស់​គ្រួសារ​ដើម្បី​ក្លាយ​ជា​សកម្មជន​បរិស្ថាន។

អ្នក​ស្រីបាន​ថ្លែង​កាល​ពីថ្ងៃ​ចន្ទ​ថា៖ «វណ្ណៈ បើ​ទោះ​បី​ជា​ខ្ញុំ​ហាម​ឃាត់​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​ធ្លាប់​ប្រាប់​គាត់​ឲ្យ​ឈប់​​ដោយសារ​បារម្ភ​អំពី​សុវត្ថិភាព... ​ក្រោយ​មក ខ្ញុំ​យល់​ព្រម​ឲ្យ​គាត់​ធ្វើ​ការងារ​បរិស្ថាន​ ប៉ុន្តែ​ក៏​​បាន​ប្រាប់​គាត់​ផង​ដែរ​ថា ​ប្រ​សិន​បើ​វា​ប៉ះពាល់​មន្រ្តី​ជាន់​ខ្ពស់​ណា​មួយ គាត់​អាច​នឹង​ត្រូវ​គេ​ចាប់​ខ្លួន។ គាត់​មិន​ស្តាប់​ដោយសារ​គាត់​ស្រឡាញ់​ការងារ​នេះ»។

ប្រសិន​បើ​ត្រូវ​បាន​កាត់​ទោស អ្នក​ទាំង​ ២ ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ២ ឆ្នាំ​ពី​បទ «ញុះញង់» និង​រហូត​ដល់​មួយ​ឆ្នាំ​បន្ថែម​ទៀត​ពី​បទ​ថត​រូប​នៅ​ «កន្លែង​ឯកជន» ហើយ​បទ​ចោទ​ប្រកាន់​នេះ​អាច​ទទួល​រង​ការ​ពិន័យ​រហូត​ដល់​ ៥០០ ដុល្លារ។

អ្នក​ច្បាប់​ឯករាជ្យ លោក សុក សំអឿន បាន​ថ្លែង​នៅ​ក្នុង​លក្ខណៈ​ទូទៅ​ពាក់​ព័ន្ធ​នឹង​​ការ​ញុះញង់​ការ​និយាយ​ ឬ ​មតិ​យោបល់ ដោយ​ថ្លែង​ថា៖«រូបថត​មិន​មែន​ជា​ការ​ញុះញង់​ទេ​ តើ​ច្បាប់​ណា​មួយ​ហាម​ប្រាម​មិន​ឲ្យ​មាន​ការ​ថត​រូប​វត្ថុ​មួយ​នោះ​ទេ ហើយ​​ក្នុង​ករណី​នេះ សកម្មជន​គឺ​គ្រាន់​តែ​ថត​រូប​កប៉ាល់​​ដែល​សង្ស័យ​ថា​ដឹក​ខ្សាច់​ មិន​មែន​ជា​មនុស្ស​ទេ​»។

លោក ក៏បាន​​អះ​អាង​ថា រូបថត​ទាំង​នោះ​ត្រូវ​បាន​ថត​ចេញ​ពី​សមុទ្រ​ដែល​ជា​កន្លែង​សាធារណៈ​មិន​មែន​ជា​របស់​នរណា​ម្នាក់​ទេ។

អង្គការ​មាតា​ធម្មជាតិ បាន​ចេញ​តួលេខ​ខ្សាច់​ស៊ីលីកា ដែល​បង្ហាញ​ថា ​មាន​ការ​នាំ​ចេញ​ខ្សាច់​កម្ពុជា​ជាង​ ៣០ ​លាន​ដុល្លារ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​នៅ​ក្នុង​គយ​តៃ​វ៉ាន់​​ទំ​នង​ជា​មិន​មាន​នៅ​ក្នុង​តួលេខ​របស់​គយ​កម្ពុជា។

ការ​បង្ហាញ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ​ដ៏​ធំ​ជាង​នេះ​ក្នុង​ឆ្នាំ​ ២០១៦ នៃ​ការ​នាំ​ចេញ​ខ្សាច់​ទៀង​ទាត់​ទៅ​ប្រទេស​ សិង្ហបុរី ដែល​បាន​កត់ត្រា​ការ​នាំ​ចូល​ខ្សាច់​ចំនួន​​ ៧៥២ ​លាន​ដុល្លារ​ពី​ឆ្នាំ​ ២០០៧ និង ២០១៥ ខណៈ​កម្ពុជា​កត់​ត្រា​តែ ៥,៥ ​លាន​ដុល្លារ។

ក្រុម​ហ៊ុន Mong Reththy Group Co Ltd ​និង​ក្រុម​ហ៊ុន​ ​Silica Service Cambodge Co Ltd ​ដែល​​លោក ​យ៉ុង​ផាត់ ​កាល​ពី​ពេល​មុន​ ត្រូវ​បាន​ចុះ​បញ្ជី​ជា​នាយក​ គឺជា​ក្រុម​ហ៊ុន​តែ​ ២ ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​អាជ្ញាប័ណ្ណ​ក្នុង​ប្រទេស​កម្ពុជា ​សម្រាប់​ការ​នាំ​ចេញ​ខ្សាច់​ ស៊ីលីកា។

ទាំង​លោក ឫទ្ធី និងលោក យ៉ុង​ផាត់ គឺជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​កាន់​អំណាច​និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។

លោក Phil Robertson អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ប្រចាំ​អាស៊ី​ បាន​ថ្លែង​ថា «វា​ច្បាស់​ថា សវនាការ​ជំនុំ​ជម្រះ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​​ទាំង​ ២ នាក់​គឺ​ជំរុញ​ដោយ​ក្រុមហ៊ុន​មួយ​ដែល​មាន​ឥទ្ធិពល ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ទៅ​នឹង​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ចង់​ឲ្យ​មាន​ការ​តាម​ដាន​ណា​មួយ​ទៅ​លើ​ការ​​បូម​ខ្សាច់ ឬ​ប្រតិបត្តិ​ការ​ដទៃ​ៗ​ទៀត​​​​ចំពោះ​ធន​ធាន​ធម្មជាតិ​​​ក្នុង​ខេត្ត​កោះ​កុង​»។​

លោក​បាន​សរសេរ​​តាម​អ៊ីមែល​ថា​៖ «វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​​ដែល​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​ញុះ​ញង់​​ដោយ​សារ​ការ​ថត​រូប​នៅ​សមុទ្រ​​ដែល​ថា ជា​កន្លែង​ឯក​ជន​ តាម​រយៈ​ការ​បន្ត​សំណុំ​រឿង​ដែល​គ្មាន​​ភ័ស្តុ​តាង​​វា​ជា​សារ​​បង្ហាញ​ថា​ មិន​មាន​ច្បាប់​នៅ​​ទី​នេះ​ ​ហើយ​​សកម្មជន​បរិស្ថាន​ឬ​​សិទ្ធិ​មនុស្ស​​ណា​​ដែល​ធ្វើ​ឲ្យ​ពួកគេ​ខឹង​នឹង​ត្រូវ​ជាប់​ពន្ធនាគារ»។

យុវជន​ វណ្ណៈ ​ដែល​មាន​ទំនក់​ទំនង​​ជិត​ស្និទ្ធទៅ​នឹង​លោក​ ​កែម​ ​ឡី ​​ជា​អ្នក​វិភាគ​នយោបាយ​ដែ​ល​ត្រូវ​បាន​​គេ​ធ្វើ​ឃាត​ក្នុង​ឆ្នាំ​ ២០១៦​ បាន​ចូល​រួម​ជា​មួយ​អង្គការ​មាតា​ធម្មជាតិ។ ​នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក Alex Gonzalez-Davidson​ ដែល​ជា​សហស្ថាបនិក​​អង្គការ​មាតា​ធម្មជាតិ។

លោក ​ថ្លែង​ថា៖ «បេសកកម្ម​របស់​លោក វណ្ណៈ ​គឺ​​ផ្តល់​ព័ត៌មាន​ទៅ​សាធារណជន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម ​អំពី​ភាព​អយុត្តិធម៌​​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស អ្នក​ដែល​ពាក់ព័ន្ធ​នឹង​បរិស្ថាន និង​​ការ​អនុវត្ត​មិន​ត្រឹម​ត្រូវ​ និង​ការ​រំលោភ​បំពាន​​សិទ្ធិ​មនុស្ស​ដោយ​រដ្ឋ»។

អ្នកស្រី ម៉ារី​ ដែល​ជា​ស្រ្តី​មេផ្ទះ​ បាន​​ថ្លែង​ថា ​អ្នក​ស្រី​​ខក​ចិត្ត​ណាស់​ ដែល​​កូន​ប្រុស​របស់​អ្នក​ស្រី​ជាប់​ពន្ធនាគារ​​ដោយសារ​ការ​ការពារ​ទ្រព្យ​សម្បត្តិ​រដ្ឋ។ ឪពុក​របស់​លោក​ វណ្ណៈ ដែល​ជា​អតីត​ទាហាន ឥឡូវ​នេះ​ជា​កសិករ​នៅ​ខេត្ត​ កំពង់ធំ។

អ្នក​ស្រី​ថ្លែង​ថា៖ «វា​មិន​មែន​ជា​ការ​ខុស​ទេ ដែល​ការ​ពារ​ធនធាន​ធម្មជាតិ​ដើម្បី​អត្ថប្រយោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ​ទាំង​អស់។ រដ្ឋាភិបាល​ ឬ ​តុលាការ​គួរ​ពិនិត្យ​ [ករណី​ខ្សាច់] នេះ​ជា​ការ​ងារ​របស់​រដ្ឋាភិបាល ប៉ុន្តែ​ពួកគេ​កំពុង​​នៅ​ស្ងៀម»។

អ្នក​ស្រី​បាន​ថ្លែង​បន្ត​ថា កូន​ប្រុស​អ្នក​ស្រី​ និង​យុវជន ​គុណ​ឌី ​ត្រូវ​បាន​ចោទ​​ប្រកាន់​ពី​បទ​ញុះ​​ញង់​ ​ដែល​ជា​បទ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ ខណៈ​ពួក​គេ​គ្រាន់​តែ​ថត​រូប​ប៉ុណ្ណោះ។

អ្នកស្រី​បាន​​បញ្ជាក់​ថា៖ «ប្រទេស​​របស់​យើង​មាន​ច្បាប់ ដូច្នេះ​សូម​អនុវត្ត​ច្បាប់ មិន​មែន​អនុវត្ត​ច្បាប់​តែ​តាម​បុគ្គល​មាន​អំ​ណាច​ទេ»។

ខណៈ​ម្តាយ​របស់​យុវជន គុណឌី អ្នក​ស្រី​ ឌួង សាក់ធារី អាយុ​ ៥០ ឆ្នាំ​ដែល​ធ្វើ​ការ​នៅក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា តុលា​ការ​នឹង​ផ្តល់​យុត្តិធម៌​ និង ​សេរីភាព​ដល់​ពួកគេ។ ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេពី​ព្រោះ​ពួក​គេ​គ្រាន់​តែ​ថត​រូប​កប៉ាល់​ពី​ចម្ងាយ​ប៉ុណ្ណោះ»។

លោក Gonzalez-Davidson បាន​សរសេរ​ថា៖ «យើង​បាន​និយាយ​ជាមួយ​ប្រភព​នៅ​ក្នុង​ស្ថាប័ន​នគរបាល​និង​តុលាការ​ខេត្ត​ កោះកុង គឺ​​បាន​ត្អូញត្អែរ​ចំពោះ​ការ​ឃុំ​ខ្លួន ​និង​ការ​បញ្ជូន​សកម្មជន​ទៅ​ពន្ធនាគារ​ ដោយ​សារ​តែ​គ្មាន​បទ​ឧក្រិដ្ឋ​ណា​មួយ​ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ទេ។ ប្រភព​ទាំង​នោះ​បាន​អះអាង​ថា លោក​លី​ យ៉ុង​ផាត់​និង​មនុស្ស​ដែល​ជិត​ស្និទ្ធ​ជាមួយ​គាត់ ពេល​នោះ​​បាន​គំរាម​កំហែង​អ្នក​ដែល​ត្អូញ​ត្អែរ​អំពី​បញ្ហា​នេះ​ថា ​ពួកគេ​អាច​ត្រូវ​អស់​តំណែង​ឬ​មាន​បញ្ហា​ចំពោះ​ខ្លួន​ឯង​​ ដូច្នេះ​ហើយ​ពួកគេ​មិន​មាន​ជម្រើស​​ទេ​គឺ​ត្រូវ​អនុវត្ត​តាម​បទ​បញ្ជា»៕ PS/NS