ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបដិសេធការសុំនៅក្រៅឃុំរបស់លោក គឹម សុខ ដែលជាអ្នករិះគន់រដ្ឋាភិបាលដោយព្រះរាជអាជ្ញាបានអះអាងថាការដោះលែងលោក សុខ មុនបញ្ចប់ទោសជាប់ពន្ធនាគារ ១៨ ខែអាចនាំឲ្យ «វឹកវរ» នៅក្នុងសង្គម និងធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខកចិត្តដោយតុលាការកំពូលបានសម្រេចរក្សាការឃុំខ្លួនលោក គឹម សុខ នៅក្នុងពន្ធនាគារដដែល។
លោក គឹម សុខ ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈឆ្នាំមុនពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ» ដោយលោកបានចោទប្រកាន់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយការធ្វើឃាតលោក កែម ឡី ដែលជាអ្នកវិភាគនយោបាយទាំងកណ្តាលថ្ងៃនៅក្នុងរាជធានីភ្នំពេញ។
លោក សុខ ថ្លែងថា៖ «ខ្ញុំបានដាក់ពាក្យប្តឹងទៅកាន់តុលាការកំពូលពីព្រោះវាអយុត្តិធម៌ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាននិងកំពុងប្រើប្រាស់អំណាច និងមន្ត្រីរបស់គាត់ដើម្បីដាក់ខ្ញុំនៅក្នុងគុកងងឹតដែរ»។
លោកបាននិយាយថានៅក្នុងពន្ធនាគារសិទ្ធិរបស់គាត់ត្រូវបានគេរំលោភបំពានដោយលោកបានអះអាងថាលោកត្រូវបានគេវាយដំ និងគំរាមកំហែងដល់អាយុជីវិតទៀតផង។ លោកបានបញ្ជាក់ថាប្រសិនបើលោកត្រូវបានដោះលែងនោះលោកនឹងមិនរត់គេចខ្លួននោះទេ ប៉ុន្តែលោកនឹងប្រមូលភ័ស្តុតាងដើម្បីប្រឆាំងទៅនឹងការកាត់ទោសរូបលោកនេះ។
លោកបានថ្លែងថា៖ «ខ្ញុំនឹងមិនរត់ទេខ្ញុំនឹងប្រយុទ្ធប្រឆាំងនឹងរឿងក្តីនេះ»។
ព្រះរាជអាជ្ញាតុលាការកំពូលលោក ចាន់ តារារស្មី បានជំរុញឱ្យតុលាការបដិសេធសំណើរបស់លោក គឹម សុខ «ដើម្បីប្រយោជន៍សង្គមប្រយោជន៍ដល់សាធារណៈ និងដើម្បីជាប្រយោជន៍ដល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ប្រធានចៅក្រមលោក គឹម សុថាវី បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ដោយលើកឡើងអំពីនីតិវិធីស្របច្បាប់ និងបានបន្ថែមថា៖ «សំណើសុំនៅក្រៅឃុំគឺមិនសំខាន់ទេពីព្រោះតុលាការបានសម្រេចកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារ ១៨ ខែរួចហើយ»។
កាលពីម្សិលមិញមេធាវីរបស់គណបក្សប្រជាជនលោក គី តិច បានអបអរសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូលនេះដោយលោកបានបន្ថែមថាមានករណីប្តឹងលោក គឹម សុខ ទី ២ ទៀតទាក់ទងទៅនឹងបទញុះញង់ និងបរិហារកេរ្តិ៍ដែលត្រូវបានប្តឹងដោយរដ្ឋាភិបាលហើយកំពុងស្ថិតនៅក្រោមការពិចារណាតាមផ្លូវច្បាប់។
លោក គី តិច បាននិយាយថាលោក គឹម សុខ គឺ «ច្រងេងច្រងាង» ហើយមិនព្រមស្តាប់ចៅក្រមទេ និងបានជេរប្រមាថតុលាការទៀតផង។
លោកថ្លែងថា៖ «ប្រសិនបើគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនោះបទឧក្រិដ្ឋនឹងកើតឡើងគ្រប់ទីកន្លែងពីព្រោះគាត់មិនព្រមស្តាប់នរណាទាំងអស់»។
លោកបានបន្តថា៖ «គាត់បានបង្កភាពវឹកវរ និងបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យប្រឆាំងនឹងគណបក្សប្រជាជន»។
បន្ទាប់ពីគាត់ត្រូវបានបដិសេធមិនឱ្យនៅក្រៅឃុំលោក សុខ បានចោទប្រកាន់តុលាការថាជាកូនអុករបស់នាយករដ្ឋមន្ត្រី។
លោកនិយាយថា៖ «តុលាការគ្រាន់តែជាត្រាប្រថាប់សម្រាប់លោក ហ៊ុន សែន ប៉ុណ្ណោះ... តុលាការបានជួយលោក ហ៊ុន សែន ឱ្យដាក់ពន្ធនាគារលទ្ធិប្រជាធិបតេយ្យ»។ លោក គឹមសុខ បានថ្លែងដូចនេះខណៈដៃទាំង ២ របស់គាត់កំពុងជាប់ខ្នោះ និងត្រូវបានគេបណ្តើរចេញពីបន្ទប់សវនាការ៕ NS