ភ្នំពេញៈសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២២ មីនានេះ បានបើកសវនាការ ជំនុំជម្រះបណ្ដឹងបរិហារកេរ្តិ៍ដែលអគ្គនាយកដ្ឋានពន្ធដារ បានប្តឹងម្ចាស់កាសែត Cambodia Daily។ ប៉ុន្តែ សវនាការបានផ្អាករង់ចាំឯកសារបកប្រែបន្ថែម។
សំណុំរៀងបរិហាកេរ្តិ៍នេះ ត្រូវបានប្តឹងដោយអគ្គនាយកដ្ឋានពន្ធដារ តំណាងដោយលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ដោយប្តឹងឈ្មោះ Deborah Krisher Steele ម្ចាស់កាសែត Cambodia Daily។
បណ្ដឹងនេះពាក់ព័ន្ធនឹងការលើកឡើងរបស់អ្នកស្រី Deborah Krisher Steele ដែលបាននិយាយថា អគ្គនាយកដ្ឋានពន្ធដារ បានធ្វើឲ្យបែកធ្លាយឯកសារពាក់ព័ន្ធប្រាក់ពន្ធដែលកាសែត Cambodia Daily ត្រូវបង់ គឺមានចំនួនសរុបជាង ៦ លានដុល្លារ បូកទាំងការពិន័យថយក្រោយរយៈពេល ១០ ឆ្នាំ និងការអះអាងដែលថា ការបិទកាសែតនេះ ពាក់ព័ន្ធនឹងរឿងនយោបាយ។
ក្នុងសវនាការព្រឹកមិញ លោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ដែលឆ្លើយបំភ្លឺក្នុងនាមអគ្គនាយកដ្ឋានដារ បានថ្លែងថា៖ «ការប្តឹងនេះ ដោយសារតែលោកស្រី Deborah Krisher Steele កាលពីថ្ងៃទី ២៣ សីហា ២០១៧ បាននិយាយតាមវិទ្យុអាស៊ីសេរីដោយបានចោទប្រកាន់អគ្គនាយកដ្ឋានពន្ធដារថា បានធ្វើឲ្យបែកធ្លាយឯកសារ»។
លោកថ្លែងបន្តថា៖ «អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នអនុវត្តច្បាប់ ហើយមិនបានធ្វើឲ្យបែកធ្លាយឯកសារទេ។ ការថ្លែងរបស់លោកស្រី ធ្វើឲ្យប៉ះពាល់ដល់អគ្គនាយកដ្ឋានពន្ធដារ»។
លោក សេង លាង ចៅក្រមជំនុំជម្រះ បានសម្រេចផ្អាកសវនាការ ដោយរង់ចាំមេធាវីនៃភាគីទាំងពីរ ដាក់លិខិតពាក់ព័ន្ធជាភាសាខ្មែរ ហើយសវនាការនឹងបន្តនៅថ្ងៃទី ១២ ខែមេសា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៧ លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឲ្យតុលាការផ្តន្ទាទោសលោកស្រី Deborah Krisher Steele តាមច្បាប់នឹងទាមទារសំណង ៨០០ លានរៀល៕