ព្រះវិហារៈ តុលាការ​ខេត្ត​ព្រះវិហារ​កាលពី​រសៀល​ថ្ងៃ​សៅរ៍​បាន​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​លួច​កាប់​បំផ្លាញ​ព្រៃ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​កាលពី​ម្សិលមិញ​។

លោក សុខា បាន​ថ្លែង​បន្ត​ថា​បុរស​សង្ស័យ​ក្នុង​អំពើ​កាប់​បំផ្លាញ​ព្រៃឈើ​ខាង​លើ​ឈ្មោះ ធី សុភា អាយុ ២៧ ​ឆ្នាំ​ជា​ជន​ចំណាកស្រុក​មកពី​ខេត្ត​ត្បូងឃុំ​។ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សន្តិសុខ​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ និង ក្រុម​មន្ត្រី​ឧទ្យានុភិរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ​ចាប់​ឃាត់​ខ្លួន​កាលពី​វេលា​ម៉ោង​ ២:០០ ​ព្រឹក​ថ្ងៃ​ទី​ ២៧ ខែ​មករា​ឆ្នាំ​ ២០១៨ ខណៈ​កំពុង​ធ្វើ​សកម្មភាព​លួច​កាប់​ផ្ដួល​រំលំ​ដើមឈើ​ប្រភេទ​ធ្នង់ នាងនួន និង បេង នៅ​ចំណុច​ផ្នែក​ខាង​ក្រោម​ជាប់​ជណ្ដើរ​បុរាណ​ផ្នែក​ខាង​ជើង​នៃ​ប្រាសាទ​ព្រះវិហារ​។

លោក សុខា បាន​បញ្ជាក់​ថា​៖ «​ជនសង្ស័យ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​យើង បង្ក្រាប​ចាប់​បាន​នៅ​នឹង​កន្លែង​ក្នុង​អំឡុង​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង និង​បាន​រឹបអូស​រណារយន្ត​ចំនួន​មួយ​គ្រឿង​ព្រម​ទាំង​សម្ភារ​បម្រើ​ឲ្យ​បទល្មើស​មួយ​ចំនួន​។ នៅ​កន្លែង​កើតហេតុ​មាន​ដើមឈើ​ប្រភេទ ធ្នង់ នាងនួន និង​ បេង សរុប​ចំនួន​​ ១៥ ​ដើម​ត្រូវ​បាន​ផ្ដួលរំលំ និង ត្រូវ​បាន​អារ​ច្រៀក​ជា​ក្ដារបន្ទះ​បាន​មួយ​ចំនួន​»​។

យោង​តាម​របាយការណ៍​សួរ​ចម្លើយ​ជនសង្ស័យ​បាន​និយាយ​ថា​ខ្លួន​បាន​មក​ស្នាក់នៅ​ក្នុង​ឃុំ​ស្រឯម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ដើម្បី​លួច​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ​នេះ​។

យ៉ាង​ណា​ក៏ដោយ​ជនសង្ស័យ​អះអាង​ថា​គ្មាន​នរណា​ម្នាក់​នៅ​ពី​ក្រោយ​ករណី​នេះ​ទេ​គឺ​ខ្លួន​មក​លួច​កាប់​ដើម្បី​យក​ទៅ​លក់​បន្ត​យក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ខ្លួន​ប៉ុណ្ណោះ​។

លោក សុខា បាន​បន្ត​ថា​ទោះ​ជា​មាន​ការ​ឆ្លើយ​ដោះសារ​បែប​នេះ​ក្ដី​ជនសង្ស័យ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ សម្រេច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រះវិហារ​ភ្លាមៗ​នៅ​រសៀល​ថ្ងៃ​សៅរិ៍​ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​តុលាការ​ក៏​បាន​សម្រេច​ចេញ​បញ្ជា​ឲ្យ​ឃុំ​ខ្លួន​ជនសង្ស័យ​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ដោយ​ចោទប្រកាន់​ពី​បទ «​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់ និង​មាន​ស្ថាន​ទម្ងន់​ទោស​» ក្នុង​តំបន់​អភិរក្ស​ប្រាសាទ​ព្រះវិហារ​។

យោង​តាម​ច្បាប់​ជនសង្ស័យ​អាច​នឹង​ជាប់​ទោស​ពី ២ ​ទៅ​ ៥ ​ឆ្នាំ​ប្រសិន​បើ​តុលាការ​រកឃើញ​នូវ​ទោស​កំហុស​របស់​គេ​តាម​ការ​ចោទប្រកាន់​៕