កំពតៈ តុលាការខេត្តកំពត កាលពីថ្ងៃទី ២១ ខែកុម្ភៈ បានសម្រេចឃុំខ្លួន គ្រូឱសថបុរាណខ្មែរម្នាក់ ដែលបានលក់ថ្នាំផ្សំចេញពីឫសឈើដោយសង្ស័យថា មានសារជាតិពុល បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ក្រោមបទចោទ «មនុស្សឃាតដោយអចេតនា» ខណៈដែលជនជាប់ចោទ និងជនរងគ្រោះបានទិញ-លក់ឱសថបុរាណខ្មែរ និងយកទៅត្រាំស្រាផឹកកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ។
លោក ម៉ាន់ បូរេត អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឲ្យដឹងថា លោកគ្រូឱសថបុរាណខ្មែរ ដែលជាជនជាប់ចោទរូបនេះ ត្រូវបានលោក ខាន់ សុផល ព្រះរាជអាជ្ញារង ចោទប្រកាន់ពីបទ «មនុស្សឃាតដោយអចេតនា» តាមច្បាប់នៃមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។
លោកបញ្ជាក់ថា ក្រោយពីបានធ្វើការចោទប្រកាន់«ជនជាប់ចោទរូបនេះ ក៏ត្រូវបានមន្ត្រីបញ្ជូនទៅឃុំខ្លួនបណ្ដោះ អាសន្ននៅពន្ធនាគាររួចហើយដែរ កាលពីម្សិលមិញ(២១ខែកុម្ភៈ)។ ខ្ញុំមិនអាចផ្ដល់ព័ត៌មានអ្វីលម្អិតដល់លោកទៀតបានទេ»។
លោក សូ ប៊ុនធឿន អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលស្រុកទឹកឈូ បានលើកឡើងថា តាមការសួរចម្លើយពីក្រុមគ្រួសារជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះទាំងពីរ បានអង្គុយផឹកស្រាថ្នាំក្លែមសាច់ឆ្កែជាមួយគ្នា លុះបន្តិចក្រោយមកស្រាប់តែជនរងគ្រោះទាំងពីរមានអាការៈក្អួតចង្អោរ ឃើញសភាពមិនស្រួល និងមានសភាពគួរឲ្យបារម្ភ ក៏បានដឹកជនរងគ្រោះតាមរថយន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យប្រទេសវៀតណាមតែម្តង ប៉ុន្ដែស្ថានភាពធ្ងន់ធ្ងរពេក បុរសម្នាក់បានស្លាប់ តាមផ្លូវធ្វើដំណើរទៅប្រទេសវៀតណាម។
ជនរងគ្រោះ ដែលស្លាប់ដោយសារពុលស្រាថ្នាំមានឈ្មោះ សំ វណ្ណា ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។ ដោយឡែកបុរសដែលកំពុងធ្វើការសង្គ្រោះបន្ទាន់មានឈ្នោះ ហ៊ួត ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពតពួកគេជាមិត្តភក្ដិនឹងគ្នា។
លោក ប៊ុនធឿនបញ្ជាក់ថា៖ «ក្រោយពីមានការប្ដឹងពីក្រុមគ្រួសាររងគ្រោះ មន្ត្រីយើងក៏បានឃាត់ខ្លួនជនសង្ស័យភ្លាមៗដែរ ហើយបានសួរនាំ និងឃុំបានមួយយប់ ក៏បញ្ជូនបន្តទៅស្នងការខេត្តចាត់ការបន្តទៀត។ ចំណែកសពជនគ្រោះ បានពិនិត្យរួចប្រគល់ជូនក្រុមគ្រួសារ និងជនរងគ្រោះដែលសង្គ្រោះទាន់ពេល ក៏បានរួចផុតពីសេចក្ដីស្លាប់ដែរ»។
លោក សៅ សំអឿន ស្នងការរងខេត្តកំពត ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា លោកបានសួរនាំបន្ថែមលើរបាយការណ៍មន្ត្រីស្រុកទឹកឈូដែរ ប៉ុន្ដែមន្ត្រីលោកក៏បានឃុំខ្លួនជនសង្ស័យបណ្ដោះអាសន្ននៅស្នងការជិត ១០ ថ្ងៃ រួចបញ្ជូនបន្តទៅតុលាការកាលពីថ្ងៃ២១កុម្ភៈ។ លោកថា៖«ការសម្រេចយ៉ាងណានោះ នៅលើតុលាការហើយ»។
តាមដំណើររឿង ករណីនេះ លោក ជិន សុវណ្ណារិទ្ធ ត្រូវជាកូនប្រុសរបស់សព ឈ្មោះ សំ វណ្ណា បានឱ្យដឹងថា ការស្លាប់របស់ឪពុកខ្លួន ដោយសារឱសថបុរាណ ដែលផ្សំពីឫសឈើព្រៃ មានសារធាតុពុល របស់លោកគ្រូ អ៊ឹង ឈាន់ ហៅ កៅ ពោលគឺមិនមែនស្លាប់ដោយសារការហូបស្រាក្លែមសាច់ឆ្កែ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ។
លោកបានរៀបរាប់ប្រាប់ថា កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលជាថ្ងៃកើតហេតុ នៅភូមិកំពង់គ្រែង គឺលោកបានទៅផ្ទះឪពុក ហើយក៏បានឃើញឈ្មោះ អ៊ឹង ឈាន់ បានយកថ្នាំឫសឈើមួយកញ្ចប់ មកលក់ឲ្យឪពុកលោក ហើយគ្រូថ្នាំរូបនេះក៏ចេញទៅវិញដែរ ប៉ុន្ដែលោកក៏មិនបានចាប់អារម្មណ៍ដែរ។ លុះដល់ម៉ោង ១១ ព្រឹក ឪពុក និងមិត្តភក្ដិ ក៏បានសាច់ឆ្កែមួយដុំ បាននាំគ្នាចំអិនផឹកស្រាដែលត្រាំថ្នាំនោះ ក្លែមជាមួយសាច់ឆ្កែ។
ឪពុកលោកផឹកបានពីរកែវតូច និងមិត្តភក្ដិគាត់ផឹកបានមួយកែវដែរ ប៉ុន្ដែអ្នកទាំងពីរស្រាប់តែមានអាការៈក្អួតចង្អោរ ទន់ដៃ ទន់ជើង រឹងក និយាយមិនរួចតែម្ដង។
លោកបញ្ជាក់ថា៖ «ឃើញពួកគាត់ដូចនេះ ពួកខ្ញុំក៏បញ្ជូនគាត់ទៅប្រទេសវៀតណាម ប៉ុន្ដែប៉ាខ្ញុំបានស្លាប់តាមផ្លូវ ហើយមិត្តភក្ដិគាត់ជួយសង្គ្រោះទាន់ពេល។ ពេលអ្នកទាំងពីរបានជួបរឿងបែបនេះ គេនាំគ្នាផ្អើលថា ពួកគាត់ពុលសាច់ឆ្កែ ប៉ុន្ដែជាក់ស្ដែង ខ្ញុំបានយកស្រាថ្នាំនោះ ឲ្យពេទ្យពិនិត្យ ទើបដឹងថា ពួកគាត់មិនមែនពុលសាច់ឆ្កែទេ គឺពុលស្រាថ្នាំនោះវិញ»។
បើតាមការបំភ្លឺពីសំណាក់គ្រូផ្សំឱសថបុរាណឈ្មោះ អ៊ឹង ឈាន់ បានប្រាប់មន្ត្រីនគរបាលថា មុនជួបករណីនេះ សំ វណ្ណា បានកុម្ម៉ង់ឲ្យខ្លួនផ្សំថ្នាំខ្មែរយកត្រាំស្រាផឹក សម្រាប់ការពាររោគហឺត ទើបខ្លួនបានផ្សំជូនតាមការកុម្ម៉ង់ ក្នុងនោះមានផ្កាស្លាក់(ថ្កាពុល) ដោយបានប្រាប់ទៅជនរងគ្រោះថា ថ្នាំនេះបើយកមកត្រាំស្រាត្រូវទុករយៈពេល ១០ ថ្ងៃទើបពិសារបាន បើហូបភ្លាមអាចពុលស្លាប់មិនខានឡើយ។
អ្នកផ្សំថ្នាំបានបន្តថា បន្ទាប់ពីបានផ្តាំរួចហើយជនរងគ្រោះ ក៏យកថ្នាំទៅត្រាំស្រា ប៉ុន្តែជនរងគ្រោះមិនបានអនុវត្តតាមបណ្តាំ គឺត្រាំភ្លាមផឹកភ្លែតតែម្តង ទើបបណ្តាលឲ្យពុលស្លាប់បែបនេះ៕