ភ្នំពេញៈ តុលាការ​សហព័ន្ធ​អាមេរិក​មួយ​បាន​ច្រាន​ចោល​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ថៃ​ចំនួន​ ២ និង​ក្រុមហ៊ុន​អាមេរិក​ ២ ​ដែល​ពលរដ្ឋ​កម្ពុជា​ ៧ ​នាក់​បាន​ប្តឹង​ដោយ​អះអាង​ថា​ពួកគេ​គឺជា​​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​​ និង​ឲ្យ​ធ្វើការ​ដោយ​បង្ខំ​។

ចៅក្រម​ John F Walter ​នៃ​​តុលាការ​សហព័ន្ធ​ប្រចាំ​រដ្ឋ​កាលីហ្វ័រនីញ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​បាន​ច្រានចោល​រឿង​​ក្តី​នេះ បើ​ទោះ​ជា​ការ​កាត់ក្តី​មិន​មាន​ហេតុផល​ក៏ដោយ​។ លោក Walter បាន​លើក​ឡើង​អំពី​ករណី​នេះ​កាលពី​ថ្ងៃ​ទី​ ២១ ខែ​ធ្នូ​ឆ្នាំ​មុន​ដោយ​ថា​ខ្វះ​យុត្តាធិការ​។

ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​ប្តឹង​កាលពី​ខែ​មិថុនា​ឆ្នាំ​ ២០១៦ ដោយ​មាន​ជនរងគ្រោះ​ជា​ជនជាតិ​ខ្មែរ​ ៧ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ ២ ​នាក់​។ ក្នុង​ពាក្យ​បណ្តឹង​នោះ​ជន​រងគ្រោះ​បាន​បញ្ជាក់​ថា​ពួកគេ​ត្រូវ​បាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ក្នុង​ស្រុក​មក​បញ្ចុះបញ្ចូល​ឱ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ថៃ Phatthana Seafood Co. Ltd. ចន្លោះ​ឆ្នាំ​ ២០១១ ​ដល់​ ២០១២ ​ហើយ​បាន​ប្រឈម​នឹង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការងារ​លើស​កម្លាំង ហើយ​គ្រឿង​សមុទ្រ​ទាំង​នោះ​សម្រាប់​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​។

ពាក្យ​បណ្តឹង​នោះ​បាន​បញ្ជាក់​ថា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​គឺជា​ទុក្ខ​លំបាក​មួយ​។ ដើម​បណ្តឹង​ឈ្មោះ​បាន និង​ឈ្មោះ ណាគ្រី ត្រូវ​បាន​គេ​នាំ​យក​ទៅ​ធ្វើការ​នៅ​ទី​នោះ​ដោយ​ពួកគាត់​បាន​ខ្ចី​បុល​គេ ហើយ​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ភីកអាប់​មួយ​គ្រឿង​ដែល​ដាក់​មនុស្ស​ណែន​ និង​ត្រូវ​បាន​គំរាម​កំហែង​ដោយ​ការ​វាយដំ​ផង​ដែរ​។ ​ដើម​បណ្តឹង​ឈ្មោះ​បាន និង​ណាគ្រី​សម្លឹង​មើល​ដោយ​ការ​ភ័យ​ខ្លាច​នៅ​ពេល​ដែល​កម្មករ​រួម​ការងារ​ជាមួយ​គ្នា​ត្រូវ​បាន​វាយដំ​ដោយ​ខ្សែភ្លើង​ពី​ពួក​អ្នក​ជ្រើសរើស​ពលករ​។

ប៉ុន្តែ​បន្ទាប់ពី​ពួកគេ​ទៅ​ដល់​ទី​នោះ​អ្វីៗ​ហាក់​មិន​បាន​ល្អ​ឡើយ​។ ពលករ​មួយ​ចំនួន​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ទិញ​ម្ហូបអាហារ​បរិភោគ​ទេ ហើយ​ជារឿយៗ​ពួកគេ​ត្រូវ​រស់​ទាំង​ស្រេក​ឃ្លាន​។ ឧទាហរណ៍ ដើមបណ្តឹង​ឈ្មោះ​បាន និង​ណាគ្រី​ត្រូវ​ឆ្លៀត​ពេល​ដើរ​រក​ចាប់​ត្រី​ក្តាម ខ្យង​នៅ​តាម​វាលស្រែ​ក្បែរៗ​នោះ​ដើម្បី​យក​ទៅ​ធ្វើ​ម្ហូប​ចម្អែត​ក្រពះ​។ លើស​ពី​នេះ​ទៀត​ដើមបណ្តឹង​ជាច្រើន​បាន​និយាយ​ថា​ពួកគេ​ត្រូវ​បាន​គេ​ចាត់​ឱ្យ​ធ្វើការ​ជាមួយ​សារធាតុ​ក្លរីន​ដោយ​គ្មាន​ឧបករណ៍​ការពារ​គ្រប់គ្រាន់​ដែល​នាំ​ឱ្យ​ពួកគេ​មាន​បញ្ហា​ផ្លូវ​ដង្ហើម​ផង​ដែរ​។

ពាក្យ​បណ្តឹង​នោះ​បាន​បន្ថែម​ថា​នៅ​ពេល​ដែល​កម្មករ​ចង់​ចាកចេញ​ពួកគេ​ត្រូវ​បាន​ថៅកែ​ប្រាប់​ថា​ពួកគេ​មិន​អាច​ទទួល​បាន​លិខិត​ឆ្លងដែន​ពួកគេ​ទេ​គឺ​រហូត​ទាល់​តែ​ពួកគេ​រក​លុយ​សង​បំណុល​ថ្លៃ​សេវា​ជ្រើសរើស​ពលករ​រួចរាល់​អស់​សិន ប៉ុន្តែ​នេះ​ជា​អ្វី​ដែល​ពួកគេ​គ្មាន​លទ្ធភាព​ដោយសារ​ប្រាក់ខែ​ទាប​ជាង​​ការ​សន្យា​ឆ្ងាយ​ខ្លាំង​ណាស់​។

ពាក្យ​បណ្តឹង​នោះ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​អាហារ​សមុទ្រ Phatthana Seafood, SS Frozen Food, Doe Corporations, Rubicon Resources និង Wales & Co ថា​ពួកគេ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បង្ក្រាប​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដោយ​បង្ខំ និង​ការ​ជួញដូរ​មនុស្ស​​ដោយ​អចេតនា​ដោយសារ​តែ​ពួកគេ​ជា​ «​អ្នក​ចូលហ៊ុន​រួម​គ្នា​ដែល​បាន​បំពាន​ច្បាប់​សហរដ្ឋ​អាមេរិក​ដែល​ពួកគេ​បាន​ទទួល​ប្រយោជន៍​ពី​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ដូចជា​បង្គា​ជាដើម​ដែល​គ្រឿង​សមុទ្រ​ទាំង​នោះ​រក​បាន​ដោយ​ពលករ​ដែល​គេ​ជួញដូរ និង​កេងប្រវ័ញ្ច​»​។

ប៉ុន្តែ​ក្នុង​សាលក្រម​ដំណើរការ​រឿង​ក្តី​នេះ​ត្រូវ​បាន​ចៅក្រម​អះអាង​ថា​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​អំពី​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក និង​ការ​ជួញដូរ​មនុស្ស​ដើម្បី​ផ្តល់​ជា​យុត្តាធិការ​ដល់​តុលាការ​សហរដ្ឋអាមេរិក​លើ​សំណុំ​រឿង​នេះ​ទេ​។

យោង​តាម​ពាក្យ​បណ្តឹង ដើមបណ្តឹង​បាន​ចោទ​ប្រកាន់​ថា​ក្រុមហ៊ុន S.S Frozen Food បាន​ទទួល​ផលប្រយោជន៍​ពី​ដើមបណ្តឹង​ម្នាក់​ដែល​ត្រូវ​បាន​គេ​ឱ្យ​ធ្វើ​ការងារ​ទាំង​បង្ខំ ទោះបី​ជា​ដើមបណ្តឹង​ទើប​តែ​បាន​ទៅ​ធ្វើការ​នៅ​ទី​នោះ​គឺ​បន្ទាប់ពី​មាន​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​អាមេរិក​ក្តី​។

ពាក្យ​បណ្តឹង​នោះ​ក៏​បាន​បញ្ជាក់​ពី​ការ​ជាប់​ទាក់ទង​ជាមួយ​នឹង​ភ្នាក់ងារ​ជ្រើសរើស​ពលករ CDM Trading Manpower ផង​ដែរ​នៅ​ក្នុង​ដំណើរការ​ជួញដូរ​។

អ្នកស្រី Lim Vouchna ​ដែល​ជា​មន្ត្រី​ម្នាក់​របស់​ក្រុមហ៊ុន​នេះ​បាន​ថ្លែង​ថា​អ្នកស្រី​មិន​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ករណី​នេះ​បាន​ទេ​ ប៉ុន្តែ​ថា​អ្នកស្រី​បាន​ចាប់ផ្តើម​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ​បន្ទាប់ពី​រឿង​ក្តី​នេះ​បាន​កើតឡើង​រួច​ហើយ​។ ​លោកស្រី​ថា​ក្រុមហ៊ុន CDM Trading Manpower ឈប់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន Phatthana ទៀត​ហើយ​។

លោក DyThe Hoya មន្ត្រី​​អង្គការ​សិទិ្ធ​ការងារ Central ​បាន​ថ្លែង​ថា​ដំណើរការ​តុលាការ​មាន​ភាព​ស្មុគស្មាញ​ណាស់​សម្រាប់​ជន​រងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​ហើយ​ថា​ក្រុមហ៊ុន​ជាច្រើន​តែងតែ​បាន​ឈ្នះ​​ក្តី​នៅ​តុលាការ​ដោយសារ​វិសមភាព​ធនធាន​។ ​លោក​បាន​បញ្ជាក់​​ថា​៖ «​វា​មិន​យុត្តិធម៌​សម្រាប់​ពលករ​នោះ​ទេ​»៕ NS