កោះកុងៈ បុរស​ម្នាក់​តំណាង​ឲ្យ​ពលរដ្ឋ​​ ៥០ ​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ​កាលពី​ម្សិលមិញ​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​សម្រេច​ឲ្យ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ «​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ​តាម​មាត្រា​ ២៥៣ ​នៃ​ច្បាប់​ភូមិបាល​ បន្ទាប់ពី​បុរស​រូប​នេះ​បាន​ចូល​ទៅ​បោះបង្គោល​ព្រំដី នៅ​លើដី​ជម្លោះ​។

កាលពី​ថ្ងៃ​ទី​ ២១ និង​ ២២ ខែ​កុម្ភៈ​លោក ហេង សុខ វ័យ ៤៨ ឆ្នាំ​តំណាង​ប្រជាពលរដ្ឋ​ចំនួន ៥០ គ្រួសារ​បាន​ចូល​ទៅ​បោះបង្គោល​ព្រំដី​នៅ​លើ​ដី​ជម្លោះ​ចំនួន ១០៣ ហិកតា​ដើម្បី​​ចរចា​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់​។ លុះ​ដល់​ថ្ងៃ​ទី​ ២៣ កុម្ភៈ បុរស​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ទៅ​តាម​បណ្តឹង​របស់​លោក​ ចាន់ ណាគ្រី មេការ​ក្រុមហ៊ុន លី យ៉ុងផាត់​។ នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង​។

លោក​ អ៊ិន គង់ជិត មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា​លោក ហេង សុខ បាន​ចូល​ទៅ​បោះ​បង្គោល​លើ​ដី​ដែល​មាន​ទំនាស់​កាលពី​ថ្ងៃ​សុក្រ​។ ភ្លាមៗ ​ក្រោយ​ការ​បោះបង្គោល​ដី ដើម្បី​ចរចា​ជាមួយ​ក្រុមហ៊ុន​នោះ​លោក​ ចាន់ ណាគ្រី តំណាង​ក្រុមហ៊ុន LYP Group ដែល​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​កោះកុង​បាន​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ហេង សុខ តែ​ម្តង​។

លោក​បន្ត​ថា​៖ «​ប្រជាពលរដ្ឋ​ដែល​មាន​លោក ហេង សុខ ជា​តំណាង​ហ្នឹង​ដាក់​ពាក្យ​ស្នើសុំ​ទៅ​ខេត្ត​ឲ្យ​កាត់​​ឆ្វៀល​ដី ហើយ​រដ្ឋបាល​ខេត្ត​មិន​ព្រម​ដោះស្រាយ​ឲ្យ​គាត់ បែរ​ទៅជា​ចាប់​ឃាត់​ខ្លួន​គាត់​ក្នុង​សំណុំ​រឿង​ចោទ​ពី​ព្រហ្មទណ្ឌ​។ ​អ៊ីចឹង​យើង​គិត​ថា រឿង​ហ្នឹង​វា​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ ហើយ​ខ្ញុំ​ថា ការ​ឃុំ​ខ្លួន​គាត់​ម្នាក់​ទៀត​នេះ យើង​គិត​ថា​ក្រុមហ៊ុន​នេះ គឺ​មិនមែន​ជា​ក្រុមហ៊ុន​ដែល​អភិវឌ្ឍ​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​អំពី​ភាព​ក្រីក្រ​ទេ​»​។

បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺជា​អ្នក​មាន​លុយ​ដ៏មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ខេត្ត​កោះកុង «​ដូច្នេះ​ហើយ​រាល់​បណ្តឹង​ចេញ​ពី​ក្រុមហ៊ុន​របស់​លោក​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ចាត់ការ​ភ្លាមៗ ហើយ​សំណុំ​រឿង​តែងតែ​ទៅ​ដល់​តុលាការ​ដែល​ជា​រឿយៗ​បាន​ឃុំ​ខ្លួន​ជន​ដែល​ត្រូវ​បាន​ចាប់​ដោយ​កម្លាំង​មាន​សមត្ថកិច្ច​»​។

លោក ឡាយ ទីរ៉ូ ស្នងការរង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ខេត្ត​កោះកុង​បាន​លើក​ឡើង​ថា សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នេះ​ដោយ​ធ្វើតាម​ពាក្យបណ្ដឹង​របស់​ភាគី​តំណាង​ក្រុមហ៊ុន លី យ៉ុងផាត់​។ ប៉ុន្ដែ​លោក​មិន​អាច​សម្រេច​ថា ភាគី​ខាង​ណា​មួយ​ជា​កម្មសិទ្ធិ​ដី​នោះ​ទេ​ ខណៈ​ភាគី​ក្រុមហ៊ុន​មាន​ឯកសារ​បញ្ជាក់​។

លោក​បញ្ជាក់​ថា​៖ «​ក្រុមហ៊ុន​គេ​ដាក់​ពាក្យ​ប្ដឹង​មក​ខាង​ខ្ញុំ ខ្ញុំ​ក៏​ចាត់ចែង​តាម​នីតិវិធី គឺ​គ្រាន់តែ​បាន​សួរនាំ​ពី​មូលហេតុ​ខ្លះៗ ជុំវិញ​ករណី​បណ្ដឹង​របស់​ក្រុមហ៊ុន ហើយ​ឥឡូវ​មន្ត្រី​ខ្ញុំ​បាន​បញ្ជូន​បន្ត​ទៅ​តុលាការ​បន្ត​ទៀត​បាត់​ហើយ ចង់​ដឹង​អ្វី​បន្ថែម​ទៀត​ទាល់តែ​សួរ​ទៅ​តុលាការ​»​។

លោក អ៊ុន សុណ្ណធារី អ្នក​នាំពាក្យ និង​ជា​ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​កោះកុង​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​លោក​ឆ្លើយ​ថា កំពុង​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន​។

លោក ចាន់ ណាគ្រី មេការ​ក្រុមហ៊ុន លី យ៉ុងផាត់ ​បាន​លើក​ឡើង​ថា ករណី​នេះ​ឈ្មោះ ហេង សុខ បាន​ធ្វើការ​រំលោភបំពាន​ដីធ្លី​របស់​ក្រុមហ៊ុន​ទាំង​គាត់​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ដោយ​បាន​មក​បោះបង្គោល​របង​លើ​ដី​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ក៏​បាន​ពន្យល់​គាត់​ជាច្រើន​ដង​ដែរ​ ប៉ុន្ដែ​គាត់​នៅ​តែ​ចោទ​ក្រុមហ៊ុន​ថា រំលោភ​យក​ដី​គាត់​ទៅ​វិញ​។

លោក​បញ្ជាក់​ថា​៖ «​ដី​នេះ​មិនមែន​ជា​របស់​ពួកគាត់​ទេ ព្រោះ​ក្រុមហ៊ុន​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល ដោយ​បាន​កំណត់​ព្រំដី និង​មាន​របង​ច្បាស់លាស់ ហើយ​ពួកគាត់​ចេះ​តែ​មក​ចង្អុល​ថា កន្លែង​នេះ​ដី​គាត់ កន្លែង​នោះ​ដី​គាត់ ហើយ​យើង​ធ្វើ​នេះ គឺ​តាម​នីតិវិធី​ច្បាប់​យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​មក​រំលោភ​ដី​ក្រុមហ៊ុន​ផ្ដេសផ្ដាស​បាន​ទេ​។ កន្លង​មក​ពួកគាត់​ដើរ​តែ​ចោទ​ថា ក្រុមហ៊ុន​ហ្នឹង​រំលោភ​ដី​គាត់ ប៉ុន្ដែ​គ្មាន​ទេ​គឺ​ពួកគាត់​ទេ ដែល​មក​រំលោភ​ដី​ក្រុមហ៊ុន​»​។

នៅ​មុន​ពេល​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​លោក​ ហេង សុខ ​ដែល​មាន​លំនៅឋាន​ក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ តំណាង​ប្រជាពលរដ្ឋ​រូប​នេះ​បាន​ប្តឹង​ទៅ​អភិបាល​ខេត្ត​កោះកុង​គឺ​លោកស្រី មិថុនា ភូថង ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​។ នេះ​បើ​យោង​តាម​ពាក្យ​បណ្តឹង​របស់​លោក ហេង សុខ ដែល​បាន​ដាក់​ចូល​ទៅ​សាលា​ខេត្ត​កោះកុង​កាលពី​ថ្ងៃទី​ ១២ ខែ​ធ្នូ ឆ្នាំ​ ២០១៧​។

ពាក្យ​បណ្តឹង​លោក​ សុខ បាន ពណ៌នា​អំពី​ដំណើរ​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឧកញ៉ា លី យ៉ុងផាត់ ដែល​បាន​កើតឡើង​នៅ​ពេល​ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធសភា​រូបនេះ​បាន​ចូល​មក​ដល់​តំបន់​ព្រែក​ខ្សាច់​នៅ​ឆ្នាំ ២០០៥​។ ប៉ុន្តែ​ជម្លោះដីធ្លី​នេះ​បាន​កើន​កម្តៅ​ខ្លាំង​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០១៦ នៅពេល​ដែល​ក្រុមហ៊ុន​បាន​នាំ​មន្ត្រី​បរិស្ថាន​មក​បោះបង្គោល​ព្រំដី​ចំនួន ៦ បង្គោល​ពី​ចំណុច​ឆាយក្រូច​មក​ដល់​ចំណុច​លើ​ត្រពាំងគា ក្នុង​ភូមិ​សំរុង​តាកែវ ដើម្បី​ខណ្ឌ​ព្រំប្រទល់​ដី​។ ការ​បោះបង្គោល​នេះ​បាន​ហ៊ុមព័ទ្ធ​ផ្ទៃដី​សរុប ១០៣ ​ហិកតា​ដែល​ប្រជាពលរដ្ឋ​ចំនួន ៥០ គ្រួសារ​បាន​អះអាង​ថា ជា​ដី​របស់​ពួកគាត់​។

ពាក្យ​បណ្តឹង​បាន​រៀបរាប់​ទៀត​ថា​ក្រោយ​មក​គឺ​នៅ​ខែ​ធ្នូ ឆ្នាំ​ ២០១៧ នេះ​ក្រុមហ៊ុន​ដែល​មាន​លោក ចាន់ ណាគ្រី ជា​តំណាង​បាន​បញ្ជូន​គ្រឿងចក្រ​មក​ឈូសឆាយ​ប៉ះពាល់​លើដី​ប្រជាពលរដ្ឋ​នៅ​ចំណុច​វាល​ពួចធំ​ក្នុង​ភូមិ​សំរុង​តាកែវ​ធ្វើឲ្យ​បាត់បង់​ស្លាកស្នាម​ព្រំប្រទល់​ក្បាលដី​។

ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា​៖ «​ពួក​ខ្ញុំ​នាំ​គ្នា​ចេញ​ទៅ​តវ៉ា​សុំ​ឲ្យ​គ្រឿងចក្រ​ផ្អាក​ការ​ឈូសឆាយ​ក៏តំណាង​ក្រុមហ៊ុន​មិន​ព្រម​ស្តាប់​ដែរ​»​។

ក្នុង​បណ្តឹង​លោក ហេង សុខ ក៏​សុំ​អន្តរាគមន៍​ពី​លោកស្រី មិថុនា ភូថង គឺ «​ស្នើសុំ​កាត់​ឆ្វៀល​ផ្ទៃដី​ទំហំ ១០៣ ហិកតា​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​វាល​ពួចធំ ភូមិ​សំរុងតាកែវ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ ពី​ទីតាំង​អនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន SEZ និង​សុំ​ចុះបញ្ជី​ដី​គ្រប់គ្រង​ជា​កម្មសិទ្ធិ​»​។

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោកស្រី​មិន​ទាន់​ទទួល​បាន​ដំណឹង​អំពី​ការ​ចាប់​ខ្លួន​លោក ហេង សុខ នៅ​ឡើយ​ទេ តែ​លោកស្រី​ថា​លោកស្រី​នឹង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ពាក់ព័ន្ធ​ករណី​នេះ​។

ជម្លោះ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ៥០ ​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​លោក លី យ៉ុងផាត់​នេះ​បាន​កើតឡើង​ក្រោយពី​ក្រុមហ៊ុន​នេះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ៩៩៧៧ ហិកតា​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ ២០១០​។ ផ្ទៃដី​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​នេះ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​​បទុមសាគរ ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​៕