ឧត្តរមានជ័យៈ ស្ត្រី​ជា​តំណាង​ពលរដ្ឋ​ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​ដែល​ជា​មន្ត្រី​យោធា​ម្នាក់​ប្តឹង​ដោយ​ចោទ​ថា បាន​បំពាន​លើ​សេចក្តី​សម្រេច​របស់​តុលាការ និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ដ៏ស្មុគស្មាញ​មួយ​នៅ​ខេត្ត​ឧត្ដរមានជ័យ​។

អ្នកស្រី អឹម ចន្ថា អាយុ ៥៤ ​​ឆ្នាំ​តំណាង​ឲ្យ​ពលរដ្ឋ​ ១២០ ​គ្រួសារ​រស់នៅ​ឃុំ-ស្រុក​អន្លង់វែង​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​​ឧត្តរមានជ័យ​កាលពី​ម្សិលមិញ ខណៈ​សាលា​ដំបូង​ខេត្ត​បាន​​កោះ​ហៅ​អ្នកស្រី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​តាម​បណ្តឹង​ក្រុមហ៊ុន​ដាតារ៉ាប់ប៊ើ Data Rubber (Cambodia) Co. Ltd​។

ដើមចម​នៃ​បណ្តឹង​នេះ​បណ្តាល​មកពី​ជម្លោះ​ដីធ្លី​ទំហំ​ ៥០០ ​ហិកតា​ក្នុង​ចំណោម​ដី​ ៧៧០០ ​ហិកតា​ដែល​ក្រសួង​បរិស្ថាន​បាន​កាត់​ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ឲ្យ​ក្រុមហ៊ុន​ និង​ផ្តល់​សិទ្ធិ​ឲ្យ​ឈូសឆាយ​ដើម្បី​ដាំ​កៅស៊ូ​កាលពី​​ឆ្នាំ​ ២០១១​។

លោកស្រី ណារ៉េន អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក​ខេត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​សុំ​អន្តរាគមន៍​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​គណៈរដ្ឋមន្ត្រី​ក៏​​បាន​ចេញ​ ស.ជ.ណ លេខ​ ៥២៥ ​កាលពី​ថ្ងៃ​ទី​ ៣០ ខែ​ឧសភា ឆ្នាំ​ ២០១២ ដើម្បី​កាត់​ដី​ទំហំ​ ៣៣៥៤ ហិកតា​ដែល​ប៉ះពាល់​ចេញ​ពី​ក្រុមហ៊ុន Data និង​ទំរីង​រ៉ាប់ប៊ើរ ដើម្បី​ផ្តល់​ឲ្យ​ពលរដ្ឋ​ ២២០០ ​គ្រួសារ​។

តែ​ពលរដ្ឋ​ទាំង​ ១២០ ​គ្រួសារ​បាន​អះអាង​ថា ពួកគាត់​មិន​ដែល​បាន​ទទួល​ដី​នោះ​ទេ​។

ករណី​នេះ​ក្រុមហ៊ុន​បាន​ប្តឹង​ទាមទារ​ដី​នោះ​ទៅ​តុលាការ​ខេត្ត​រហូត​ដល់​សាលា​ឧទ្ធរណ៍​ទៀត​។ បន្ទាប់មក​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ចេញ​ដីកា​រក្សា​ការពារ​ដោយ​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​កាលពី​ខែ​សីហា​​ឆ្នាំ​ ២០១៧ ហើយ​មួយ​ខែ​ក្រោយ​មក​តុលាការ​ខេត្ត​បាន​ហៅ​​អ្នកស្រី អឹម ចន្ថា និង​តំណាង​ពលរដ្ឋ​ផ្សេង​ទៀត​ទៅ​ប្រាប់​ពី​​ដីកា​រក្សា​ការពារ​នោះ​នៅ​សាលា​ស្រុក​អន្លង់វែង ប៉ុន្តែ​ពលរដ្ឋ​បាន​ជំទាស់ ដោយ​សំអាង​​ថា​ពួកគាត់​បាន​ចូល​កាន់​កាប់​ដី​នោះ​តាំងពី​ឆ្នាំ​ ២០០២ និង ​២០០៣ មក​ម្ល៉េះ​។

អ្នកស្រី ចន្ថា បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​យើង​ប្រកែក​ថា មិន​អាច​ទទួល​យក​បាន​ទេ​ដីកា​នេះ ព្រោះ​មុន​ចេញ​ដីកា​រក្សា​ការពារ ហេតុ​អី​មិន​សិក្សា​ឲ្យ​ច្បាស់លាស់​ថា ដី​ហ្នឹង​អ្នក​ណា​នៅ​មុន​អ្នកណា​នៅ​ក្រោយ​? សម្តេច​កាត់​ចេញ​ឲ្យ​ពលរដ្ឋ​ហ្នឹង​នៅ​ត្រង់​ណា​ខ្លះ​?»​។

អ្នកស្រី​បន្ថែម​ថា​៖ «​ហេតុ​អី​បាន​តុលាការ​សម្រេច​កាត់​ឲ្យ​ទៅ​ក្រុមហ៊ុន​? អ៊ីចឹង​ពលរដ្ឋ​មិន​ស្លាប់​អស់​ហើយ​។ ពេល​មាន​ដីកា គេ​មិន​ឈូស​ឆាយ​ខ្ទេចខ្ទី​អស់​ហើយ​។ ឲ្យ​ខ្ញុំ​ទទួល​យក​ម៉េច​បាន​?»​។

អ្នកស្រី បន្ថែម​ថា​ពលរដ្ឋ​មិន​បាន​ទទួល​ដីកា​រក្សា​ការពារ​នោះ​ទេ ហើយ​ដោយសារ​ការ​ជំទាស់​នោះ​ហើយ ទើប​មាន​​ឧត្តមសេនីយ៍ត្រី​ម្នាក់​ឈ្មោះ​ ដួង ស៊ីណា តំណាង​ក្រុមហ៊ុន​បាន​ប្តឹង​អ្នកស្រី​ពី​បទ​ «​រំលោភ​លើ​សេចក្តី​សម្រេច​របស់​តុលាការ និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​អូរតាម៉េង​»​។

តុលាការ​បាន​កោះ​ហៅ​ឲ្យ​អ្នកស្រី​ចូល​សាកសួរ​នៅ​ថ្ងៃ​ទី​ ៥ ​ដើម​ខែ​នេះ​​តែ​អ្នកស្រី​បាន​សុំ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​វិញ​។ ដោយសារ​មិន​ទាន់​មាន​មេធាវី​ និង​មិន​ទាន់​រៀបចំ​ឯកសារ ទើប​បាន​សុំ​អន្តរាគមន៍​ពី​អង្គការ​អាដហុក​។

អ្នកស្រី​ចន្ថា និង​អង្គការ​អាដហុក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ឈ្មោះ ដួង ស៊ីណា ទើប​តែ​បាន​ចេញ​មុខ​ជា​តំណាង និង​​អ្នក​ការពារ​ក្រុមហ៊ុន​ចាប់​ឆ្នាំ​ ២០១៧ ​មក ហើយ​បាន​បញ្ជា​ឲ្យ​សន្តិសុខ​បាញ់​ថ្នាំ​ និង​បើក​ត្រាក់ទ័រ​ភ្ជួរ​បំផ្លាញ​ស្រូវ ចេក និង​ស្វាយចន្ទី​ជាដើម​។

អ្នកស្រី​ថា​៖ «​តាំងពី​ ដួង ​ស៊ីណា ហ្នឹង​ចេញ​មុខ​មក​ភ្លាម​ចាប់ផ្តើម​ធ្វើបាប​ពលរដ្ឋ​អត់​មាន​ឲ្យ​នៅ​សុខ​បាន​ទេ​។ ពលរដ្ឋ​ដេក​ព្រួយ ដេក​ភ័យ​រហូត​ដល់​សព្វ​ថ្ងៃ​ហ្នឹង​»​។

លោក ណារ៉េន បាន​ឲ្យ​ដឹង​ថា​ការ​ចោទប្រកាន់​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​អាច​មាន​ការ​ឃាត់​ខ្លួន​ក្រោយ​សាកសួរ​។

លោក​ក៏​បាន​លើកឡើង​ដែរ​ថា ដីកា​រក្សា​ការពារ​នោះ​គឺ​ផ្អែក​តែ​លើ​ការ​អនុញ្ញាត​ពី​ក្រសួង​បរិស្ថាន​ដែល​បាន​ចេញ​មុន ស.ជ.ណ របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

លោក​ ណារ៉េន​បន្ត​ថា​៖ «​ពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ដី​ហ្នឹង​មាន ស.ជ.ណ ​ពី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាត់​ឲ្យ​ពួកគាត់​ហើយ ហេតុ​អី​សាលា​ឧទ្ធរណ៍​កាត់​រំលោភ​ ស.ជ.ណ?»​។

ទោះ​យ៉ាង​ណា​លោក ដួង ស៊ីណា បាន​បដិសេធ​ការ​ចោទប្រកាន់ ហើយ​ថា​គឺ​ពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​បាន​កាប់​បំផ្លាញ​ដើម​កៅស៊ូ​ក្រុមហ៊ុន​លោក​អស់​រាប់សិប​ដើម និង​យក​ស្រូវ​ទៅ​ព្រោះ​លើ​ដី​ក្រុមហ៊ុន​ព្រម​ទាំង​បាន​ជេរប្រមាថ​សន្តិសុខ​ក្រុមហ៊ុន​ទៀត​ផង​។

លោក​បញ្ជាក់​ថា​៖ «​គាត់​កាប់​បំផ្លាញ​ដើម​កៅស៊ូ​ច្រើន​សា​ហើយ​...​ក្រុមហ៊ុន​មិនមែន​ធ្វើ​អត់​ច្បាប់​ទេ ហើយ​ក៏​មិន​រំលោភ​យក​ដី​ប្រជាជន​ដែរ គឺ​សុទ្ធ​តែ​មាន​អនុក្រឹត្យ មាន​សម្តេច​តេជោ​ចុះហត្ថលេខា​។ តែ​គាត់​អត់​មាន​អី​ផង មក​កាប់​ដើម​កៅស៊ូ និង​មក​រំលោភ​យក​ដី​គេ​»​។

លោក​ថា​ក្រៅពី​ឈ្មោះ អឹម ចន្ថា លោក​ក៏​បាន​ប្តឹង​មនុស្ស​ប្រមាណ​ ៣ ​នាក់​ផ្សេង​ផង​ដែរ​។

លោក​ ស៊ីណា បាន​អះអាង​​ទៀត​ថា គ្មាន​ ស.ជ.ណ ឯណា​ចេញ​ដើម្បី​កាត់​ដី​ក្រុមហ៊ុន​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​ទេ​។

លោក​បញ្ជាក់​ថា បើ​មាន ស.ជ.ណ ​មែន លោក​ប្រាកដ​ជា​បាន​ដឹង​ហើយ ហើយ​លោក​ក៏​នឹង​អនុវត្ត​តាម​ផង​ដែរ ព្រោះ​ដី​នោះ​ជា​ដី​របស់​រដ្ឋ​មិនមែន​ជា​ដី​របស់​លោក​ទេ​៕