Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​បញ្ជូន​ខ្មែរ​ ២ ​នាក់​មក​វិញ​បន្ទាប់ពី​ចាប់​ឃុំ​ខ្លួន ៣ ថ្ងៃ

ថៃ​បញ្ជូន​ខ្មែរ​ ២ ​នាក់​មក​វិញ​បន្ទាប់ពី​ចាប់​ឃុំ​ខ្លួន ៣ ថ្ងៃ

បន្ទាយមានជ័យៈ អាជ្ញាធរ​ថៃ​កាលពី​ព្រឹក​ម្សិលមិញ​បាន​ចាប់​បញ្ជូន​បុរស​កម្ពុជា​ពីរ​នាក់​ត្រឡប់​មក​កម្ពុជា​វិញ បន្ទាប់ពី​បាន​ឃាត់​ខ្លួន​ធ្វើការ​អប់រំ​ចំនួន​បី​ថ្ងៃ​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លងដែន​ទៅ​លេង​ល្បែង​ភ្នាល់​បញ្ជល់​មាន់​ដោយ​ខុស​ច្បាប់​នៅក្នុង​ស្រុក​ថាប់ប្រាយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

លោក ចក់ វិចិត្រ នាយ​កងល្បាត​នៃ​អង្គភាព​យោធា​ការពារ​ព្រំដែន​ដែល​ឈរ​ជើង​នៅ​ច្រក​របៀង​តំបន់​ ៥​ បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​​ថ្ងៃ​ម្សិលមិញ​​ថា​កាលពី​ថ្ងៃ​ទី​ ៧ ​ខែ​មករា ​ឆ្នាំ​ ២០១៧​ បុរស​ខ្មែរ​ ២ ​នាក់​រួមមាន​ឈ្មោះ ឈឿន សេង​ អាយុ​ ៤៥ ​ឆ្នាំ និង អូន ដែង អាយុ​ ៣៣ ​ឆ្នាំ​ដែល​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ព្រៃចាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​គ្រា​ដែល​ពួកគាត់​បាន​ឆ្លង​ចូល​ទៅ​លេង​ល្បែង​ភ្នាល់​បញ្ជល់​មាន់​ដោយ​ខុស​ច្បាប់​នៅក្នុង​ទឹកដី​ថៃ​ត្រង់​ចំណុច​ភូមិ​ទ័ព​សៀម ឃុំ-ស្រុក​ថាប់ប្រាយ៉ា ខេត្ត​ស្រះកែវ។

លោក​​បញ្ជាក់​ថា៖ «ពួកគេ​ត្រូវ​បាន​ក្រុម​តម្រួត​ថៃ​ប្រចាំ​ស្រុក​ថាប់ប្រាយ៉ា​ឃុំ​ខ្លួន​រយៈពេល​​បី​ថ្ងៃ​នៅក្នុង​ស្ថានីយ​តម្រួត​​ក្នុង​តំបន់​នោះ​ដោយ​បាន​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ឆ្លង​ចូល​មក​លេង​ល្បែង​ភ្នាល់​ដោយ​ខុស​​ច្បាប់​នៅ​ក្នុង​ទឹកដី​ថៃ និង​បាន​ផាក​ពិន័យ​ពួកគេ​ក្នុង​ម្នាក់ៗ​ចំនួន​ ២៥០០ ​បាត​ព្រម​ទាំង​បាន​រឹបអូស​យក​មាន់​គក​របស់​ពួកគេ​ផង​ដែរ»។

លោក ចក់ វិចិត្រ បាន​​ឲ្យ​ដឹង​ទៀត​ថា​ទោះ​ជា​បែប​ណា​ក្ដី​ពួកគេ​មិន​ត្រូវ​បាន​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ណា​មួយ​ពី​អាជ្ញាធរ​ថៃ​នោះ​ទេ​ក្នុង​អំឡុង​ពេល​ជាប់​ឃុំ​បី​ថ្ងៃ​​​នោះ។ ​ពួកគេ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​របៀង​តំបន់​ ៥ ស្ថិត​ក្នុង​ឃុំ​អូរបី​ជាន់​ ស្រុក​អូរជ្រៅ​កាលពី​ព្រឹក​ម្សិលមិញ។

បច្ចុប្បន្ន​ដោយសារ​​តែ​ភាព​ក្រីក្រ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​តែងតែ​លួច​ឆ្លង​ដែន​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ទឹកដី​ថៃ​ហើយ​ជា​ញឹកញាប់​តែងតែ​ត្រូវ​​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​ ឬ​ក៏​ត្រូវ​បាញ់​សម្លាប់​ក៏មាន៕

0

Comments

Please, login or register to post a comment