ភ្នំពេញៈប្រទេស​ថៃ​ កំពុង​រៀបចំ​បង្កើត​តុលាការ​ពិសេស​ចំនួន​ពីរ​ ដើម្បី​ដោះស្រាយ​វិវាទ​របស់​​ពលករ​នៅ​ក្នុង​ឧស្សា​ហកម្ម​នេសាទ​ខុសច្បាប់​ ដែល​កំពុង​តែមាន​ចំនួន​យ៉ាង​ច្រើន​។

លោក​ Papop Siamham អ្នក​ស​ម្របស​ម្រួល​មូលនិធិ​សិ​ទិ្ធ​មនុស្ស​ និង​អភិ​វឌ្ឍន៍​ នៅក្នុង​ប្រទេស​ថៃ​បាន​ថ្លែង​ថា​ តុលាការ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ទាំងពីរ​នេះ នឹង​ជួយ​ដោះស្រាយ​រឿង​ក្តី​ដែល​កើត​ឡើង​ក្រោយ​ថ្ងៃទី​ ១ ខែកុម្ភៈ។

លោក​មានប្រសាសន៍​ថា៖«តុលាការ​នេះ​ នឹង​ជួយ​សម្រួល​ដល់​តុលាការ​សាលា​ដំបូង​ ក្នុងការ​វិនិច្ឆ័យ​សំណុំ​រឿង​ ដែល​ទាក់ទង​ទៅ​នឹង​វិវាទ​របស់​កម្មករ​ ក្នុង​វិស័យ​នេសាទ​ឲ្យ​បាន​លឿន​ជាង​មុន»។ លោក​បាន​បន្ថែម​ថា​ ចំណាត់ការ​នេះ ​ត្រូវ​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ ប៉ុន្តែ​កាល​បរិច្ឆេទ​ថ្ងៃ​ចាប់​ផ្តើម​នៅ​មិនទាន់​ច្បាស់​នៅឡើយ។

កម្លាំង​ពលកម្ម​នៅក្នុង​ឧស្សា​ហកម្ម​នេសាទ​របស់​ប្រទេស​ថៃ​ ភាគ​ច្រើន​ គឺជា​ជន​បរទេស ​ហើយ​មាន​ពលករ​ចំណាក​ស្រុក​កម្ពុជា​ជា​ច្រើននាក់​ ត្រូវ​បាន​ឈ្មួញ​បង្ខំ​ឲ្យ​ពួកគេ​ចូល​ទៅធ្វើការ​ នៅក្នុង​ឧស្សា​ហកម្ម​មួយ​នេះ។ សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ​ ២០១៥ បាន​ឲ្យកាត​លឿង​មួយ​ ទៅ​ឲ្យ«ឧស្សាហកម្ម​នេ​សាទ​របស់​ថៃ»នេះ​​ដោយ​ពួកគេ​បាន​ស្នើ​ឱ្យ​មានការ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់។

លោក Daniel Murphy អ្នក​ប្រឹក្សា​យោបល់​ផ្នែក​សិទ្ធិ​ការងារ​ បាន​ថ្លែង​នៅក្នុង​អ៊ីម៉េល​ថា​ តុលា​ការ​នេះ​ ភាគ​ច្រើន​ ត្រូវ​បង្កើត​ឡើង​ ដើម្បី​ដោះស្រាយ​ដូច​អ្វី​ដែល​លោក​ Jaruvat Waisaya ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​ច្បាប់​ និង​វិវាទ​ បាន​លើក​ឡើង ដែល​វា​ជាចំនួនដ៏​ច្រើន​បំផុត​មួយ ​នៅ​តំបន់​អាស៊ី។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ​រាយ​ការណ៍​ថា​ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ ​តុលា​ការ​ព្រហ្ម​ទណ្ឌ​ថៃ​​បាន​ដោះស្រាយ​សំណុំ​រឿង​ក្នុង​ឧស្សា​ហកម្ម​នេសាទ​បាន​ជាង​ ៤០០០​ ករណី។

លោក Murphy ថ្លែង​ថា​ ទោះបីជា​យ៉ាង​ណា​ក៏ដោយ​ ចំណាត់​ការ​នេះ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ។

លោក​បញ្ជាក់​ថា៖«ខ្ញុំ​សង្ឃឹមថា​ យើង​អាច​នឹង​មើលឃើញ​កម្រិត​នៃ​ការ​ប្តេជ្ញាចិត្ត​ស្រដៀង​គ្នា​នេះ​​ ទៅនឹង​ការ​អនុ​វត្តន៍​បទបញ្ជា​ការងារ​របស់​ថៃ​ និង​ការ​អនុវត្ត​វិធាន​ការ ​ដើម្បី​កែលម្អ​ជីវិត​រស់នៅ​របស់​កម្ម​ករ​ក្នុង​វិស័យ​នេសាទ​ទាំ​ងមូល​ ​ដើម្បី​ការពារ​ពួក​គេ​ ពីការ​បង្ខំ​ឲ្យធ្វើ​ពលកម្ម​ដោយ​បង្ខំ»៕ NS