Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ទីប្រឹក្សា​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​អ្នក​ប្រឌិត​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ស្លាប់

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ រូបថត ហ្វេសប៊ុក

ទីប្រឹក្សា​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធានការ​អ្នក​ប្រឌិត​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ស្លាប់

ភ្នំពេញៈ ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ និង​​​ក្រុម​ប្រឹក្សា​ច្បាប់​​ចាត់​វិធានការ​ទៅ​លើ​ស្រ្តី​ម្នាក់​ដែល​បាន​ប្រើ​ហ្វេសប៊ុក​របស់​នាង​ឈ្មោះ គីម បុប្ផា បង្ហោះ​ព័ត៌មាន​ប្រឌិត​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី។

លោក អាណាន ដាយ៉ាត ទីប្រឹក្សា​លោក ហ៊ុន សែន បាន​ចាត់​ទុក​​ការ​ប្រឌិត​ព័ត៌មាន​របស់ គីម បុប្ផា ថា​ជា​ការ​ប្រមាថ​ទៅលើ​លោក​នាយក​រដ្ឋមន្រ្តី​ហើយ​ថា​សកម្មភាព​នេះ​មិនមែន​ជា​​ការ​រិះគន់​បែប​ស្ថាបនា​ទេ​ប៉ុន្តែ​ជា​ការ​ប្រមាថ​ខុស​ច្បាប់​ក្នុង​ការ​ប៉ុនប៉ង​សម្លាប់​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​តែ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់។

ទោះ​យ៉ាង​ណា​ក្តី​លោក ដាយ៉ាត មិន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​​ប្រឆាំង​នឹង គីម បុប្ផា ទេ​ដោយ​លោក​ថា​លោក​គ្រាន់តែ​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​​ច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ និង​អគ្គស្នងការ​នគរបាល​ជាតិ​ចាត់​ចំណាត់ការ​ទៅ​លើ​ គីម បុប្ផា តែ​ប៉ុណ្ណោះ​។

លោក​​បន្ថែម​ថា​ ថា​តើ​​នឹង​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ឬ​អត់​គឺ​អាស្រ័យ​ទៅ​លើ​​មេធាវី​របស់​រដ្ឋាភិបាល។ «​បុគ្គល​ណា​ដែល​ប្រមាថ​ជីវិត​​របស់​លោក​នាយក​រដ្ឋមន្រ្តី​មាន​ន័យ​ថា​វា​ខុស​ច្បាប់​។ វា​មាន​​ន័យ​ថា​គាត់​ប៉ុនប៉ង​ធ្វើ​ឃាត​។ យើង​ត្រូវ​តែ​មាន​វិធានការ​»។ «​ប្រសិន​បើ​យើង​មិន​មាន​វិធានការ​សីលធម៌​ហ្វេសប៊ុក​នឹង​កាន់​តែ​អាក្រក់​»។

នៅ​លើ​ហ្វេសប៊ុក​របស់​នាង​កាលពី​ថ្ងៃ​ពុធ គីម បុប្ផា បាន​សរសេរ​ថា​ «​ដំណឹង​មរណភាព» «ហ៊ុន សែន ងាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៃ​ប្រទេស​សិង្ហបុរី» ហើយ​នៅ​​ខាង​ក្រោម​ការ​សរសេរ​នេះ​នាង​ក៏​បាន​ដាក់​រូបភាព​លោក ហ៊ុន សែន ដេក​ស្លាប់។

ទោះ​យ៉ាង​ណា​ក្តី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់​លោក​ថា​លោក​បាន​​មក​ដល់​កម្ពុជា​បន្ទាប់ពី​ការ​ពិនិត្យ​សុខភាព​ក្នុង​ប្រទេស​សិង្ហបុរី​ដោយ​មាន​សុខភាព​រឹងមាំ និង​បាន​ថ្លែង​អំណរគុណ​ដល់​ជន​រួមជាតិ​ដែល​បាន​បារម្ភ​​អំពី​សុខភាព​របស់​លោក និង​បាន​ចុច​ Like លើ​ហ្វេសប៊ុក​របស់​លោក​​។

ទន្ទឹម​នេះ​លោក​នាយក​រដ្ឋមន្រ្តី​បាន​ឆ្លើយតប​ចំពោះ​ការ​ផ្សព្វផ្សាយ​ដែល​ថា​លោក​បាន​ស្លាប់​ថា​គឺជា​សកម្មជន​របស់​គណបក្ស​នយោបាយ​។ ជា​ការ​ឆ្លើយតប​លោក ហ៊ុន សែន មិន​គំរាម​ចាត់​ចំណាត់ការ​ទៅ​លើ​នរណា​ដែល​​បាន​ប្រមាថ​លោក​ទេ​គ្រាន់តែ​សូម​ឲ្យ​​អ្នក​ដែល​​ប្រមាថ​ទាំង​នោះ​ប្តូរ​ឥរិយាបថ​បញ្ឈប់​ការ​ប្រមាថ​លោក​ពីព្រោះ​វា​គ្មាន​ប្រយោជន៍​សម្រាប់​ពួកគេ​ទេ។

លោក ហ៊ុន សែន បាន​សរសេរ​ថា​៖ «​តាម​ការ​ស្រាវជ្រាវ​អស់​លោក​គឺជា​សកម្មជន​នៃ​បក្ស​នយោបាយ​ដែល​មេដឹកនាំ​របស់​អស់​លោក​មួយ​ចំនួន​ជា​ជនពាល និង​ជា​ជន​បោកប្រាស់​អាជីព​។​ ពួកគេ​បាន​ហ្វឹកហ្វឺន​តាម​របៀប​ក្មេងពាល​ដែល​សង្គម​ស្អប់ខ្ពើម​។ ពេល​មាន​បញ្ហា​គេ​តែងតែ​រត់​ចោល​ស្រុក​ និង​ទុក​ឱ្យ​ថ្នាក់​ក្រោម​ជាប់​គុក​ជំនួស​»។​

លោក​ ហ៊ុន សែន បាន​បន្ថែម​ថា៖ «ប្អូនៗ​ក្មួយៗ​មិន​មាន​ខាតបង់​អ្វី​នោះ​ទេ​ដោយ​គ្រាន់តែ​មិន​បាន​ជេរ​ប្រមាថ​អ្នក​ដទៃ​នោះ​។ ផ្ទុយ​ទៅវិញ​អស់​លោក​នឹង​ទទួល​បាន​ផល​ចំណេញ​ដោយ​មិន​បាន​កសាង​អំពើ​បាប ​និង​មិន​បាន​ជាប់គុក​ដោយសារ​តែ​មិន​បាន​សាង​អំពើ​ខុស​ច្បាប់​»។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យឹម សុវណ្ណ បាន​ថ្លែង​ថា​គ្មាន​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់​ធ្វើ​បែប​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​បាន​បញ្ជាក់​រួច​ហើយ​ថា​យើង​មិន​បាន​ធ្វើ​រឿង​អាក្រក់​បែប​នេះ​​ដែល​ខ្វះ​សីលធម៌ ​សេចក្តី​ថ្លៃថ្នូរ​ដូច​នេះ​ទេ​។ គណបក្ស​ណា​ធ្វើ​ទៅ​រក​គណបក្ស​នោះ​ទៅ។ ពួកគេ​ចង់​លាប​ពណ៌​លើ​ [គណបក្ស​សង្គ្រោះ​ជាតិ​] ដើម្បី​ឲ្យ​ពលរដ្ឋ​ឃើញ​ថា [គណបក្ស​សង្គ្រោះ​ជាតិ​] ធ្វើ​សកម្មភាព​ដូច​នេះ»​។ «​ប្រសិន​បើ​​វា​នៅ​តែ​មាន​ន័យ​ថា​នេះ​ជា​យុទ្ធសាស្រ្ត​របស់​គណបក្ស​​កាន់​អំណាច​ដូច្នេះ​សូម​ជន​រួមជាតិ​ប្រុងប្រយ័ត្ន​»។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ និង​លោក គៀត ច័ន្ទថារិទ្ធ អ្នក​នាំពាក្យ​នគរបាល​ជាតិ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ម្សិលមិញ​។ ​ប៉ុន្តែ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ថ្លែង​ថា​ការ​បង្កើត​រឿង​ប្រឌិត​​បែប​នេះ​វា​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​​។ «​ដូច្នេះ​នេះ​ជា​ការ​បំពាន​ច្បាប់​។ ជា​គោលការណ៍​​ត្រូវ​តែ​មាន​ការ​ស្វែងរក​​ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​​»៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ