ភ្នំពេញៈ ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​សៀវភៅ​ស​មួយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ជីក​រក​ឫសគល់​ ចំពោះ​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅថា​ «​បដិវត្តន៍​ពណ៌​ដែល​គាំទ្រ​ដោយ​បរទេស​» ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​វាយប្រហារ​ទៅ​លើ​ប្រទេស​មហាអំណាច​ដូចជា អាមេរិក ថា ព្យាយាម​បង្ក​ «​មហន្តរាយ​ដែល​មិន​អាច​វាស់​ស្ទង់​បាន​» ក្នុង​ប្រទេស​កម្ពុជា​។

សៀវភៅ​ស ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ឆ្នាំ​ ២០១៨ នេះ​មាន​ ១៣២ ​ទំព័រ​បាន​គូស​បង្ហាញ​អំពី​ទឡ្ហីករណ៍​នៃ​មូលហេតុ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​បាន​លើក​ឡើង និង​ពង្រីក​ការ​អះអាង​ដែល​ធ្វើឡើង​នៅ​ក្នុង​វីដេអូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សុន្ទរកថា​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា ទីស្តីការ​គណៈរដ្ឋមន្ត្រី​សរសេរ​សៀវភៅ​នេះ​ «​ដើម្បី​ប្រាប់​អំពី​ប្រវត្តិសាស្ត្រ​ការពិត​របស់​កម្ពុជា​»​។ លោក ឥសាន ថ្លែង​ថា​៖ «​វា​ជា​គំរូ​ល្អ​ទៅ​ប្រទេស​ដទៃៗ​ជុំវិញ​ពិភពលោក ដែល​រង​ការ​ឈឺចាប់​ពី​ប្រទេស​មហាអំណាច​ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​»​។

សារព័ត៌មាន Fresh News ដែល​គាំទ្រ​រដ្ឋាភិបាល​បាន​ចុះផ្សាយ​សៀវភៅ​ស​នេះ​ទាំង​មូល​នៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ហើយ​បាន​និយាយ​ថា​សៀវភៅ​នេះ​នឹង​ត្រូវ​បោះពុម្ព​ចំនួន​ ៧ ​ម៉ឺន​ច្បាប់​ដើម្បី​ចែកចាយ​។

នៅ​ក្នុង​សៀវភៅ​នេះ រដ្ឋាភិបាល​គូរ​រូបភាព​ប្រទេស​កម្ពុជា​ជិត​ធ្លាក់​ក្នុង​សង្គ្រាម ដោយសារ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល ដែល​ទទួល​បាន​ថវិកា​ពី​ «​ប្រទេស​មហាអំណាច​»​។

សៀវភៅ​នេះ​សរសេរ​ថា​៖ «​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ជា​ដដែលៗ​ថា សង្គ្រាម​ដែល​ទោះ​ទើប​ចប់​ថ្មីៗ​អាច​នឹង​កើត​មាន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។ «​នេះ​មិនមែន​ជា​ការ​គំរាម​កំហែង​ ឬ​វិធីសាស្ត្រ​ចិត្តសាស្ត្រ ដើម្បី​ឈ្នះ​គូបដិបក្ខ​នោះ​ទេ​។

គណបក្ស​ប្រឆាំង​បាន​និយាយ​ថា ពួកគេ​មិន​មាន​អាវុធ ប៉ុន្តែ​ពាក្យ​សម្តី​របស់​ពួកគេ សកម្មភាព​របស់​ពួកគេ និង​ហិង្សា​ដែល​អាច​កើត​មាន​គឺជា​គន្លឹះ​ដែល​អាច​ផ្តួចផ្តើម​ឲ្យ​មាន​សង្គ្រាម​»​។

បើ​ទោះបី​ជា​សៀវភៅ​នេះ​ដែល​ផ្តល់​ភ័ស្តុតាង​តិចតួច​អំពី​ការ​ចោទប្រកាន់​ថា ប្រទេស​លោក​ខាង​លិច​ជា​មេគំនិត​រៀបចំ​បដិវត្តន៍​ពណ៌ លោក​ ឥសាន បាន​ថ្លែង​ថា ភ័ស្តុតាង​នោះ​គឺ «​មិន​អាច​បដិសេធ​បាន​»​។

ទោះ​យ៉ាង​ណា​ក្តី​ក្រុម​អ្នក​វិភាគ​បាន​ហៅ​ការ​រៀបចំ​សៀវភៅ​នេះ​ថា​ជា​ទម្រង់​នៃ​ការ​ឃោសនា​ដែល​រៀបចំ​ឡើង​ដើម្បី​បញ្ចុះបញ្ចូល​សាធារណជន​អំពី​តម្រូវការ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

អ្នក​វិភាគ​នយោបាយ​លោក មាស នី ថ្លែង​ថា​រដ្ឋាភិបាល​ធ្វើ​សៀវភៅ​ស​នេះ​ឡើង ដើម្បី​បិទបាំង​នូវ​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម ដូចជា​ការ​បណ្តេញ​ចេញ​ទាំង​បង្ខំ ការ​រំលោភ​បំពាន​ដីធ្លី និង​អំពើ​ពុករលួយ​។

លោក នី បាន​ថ្លែង​ថា​៖ «​នៅពេល​រដ្ឋាភិបាល​មិន​ចេះ​របៀប​គ្រប់គ្រង ឬ​ដោះស្រាយ​បញ្ហា​សង្គម ពួកគេ​ប្រើ​ពាក្យ​បដិវត្តន៍​ពណ៌ ជា​ពាក្យ ឬ​មធ្យោបាយ​បង្ក្រាប​ប្រជាជន​»​។ លោក នី ក៏​នៅ​តែ​មិន​ជឿ​ផង​ដែរ​ថា សៀវភៅ​នេះ​នឹង​មាន​ឥទ្ធិពល​ខ្លាំង​។

លោក នី ថ្លែង​ថា​៖ «​មិនមែន​ប្រជាជន​កម្ពុជា​ទាំងអស់​ចូលចិត្ត​ការ​អាន​នោះ​ទេ​»​។ «...​រដ្ឋាភិបាល​គួរ​ស្វែងរក​វិធី​ផ្សេង​ដើម្បី​នៅ​ជិត​ប្រជាជន និង​ពង្រឹង​ទំនុក​ចិត្ត និង​ទំនាក់​ទំនង​ជាមួយ​ពួកគេ​»​។

សៀវភៅ​ស​នេះ​ដែល​មាន​រូបភាព​កុបកម្ម​ជុំវិញ​ពិភពលោក អះអាង​ថា​ការ​កុបកម្ម Arab Spring និង​បដិវត្តន៍​នៅ​អឺរ៉ុប​ខាង​កើត​គឺ​ «​រៀបចំ និង​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រទេស​មហាអំណាច និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ​» គឺ​ដូច​ចលនា​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ភ័ស្តុតាង​សៀវភៅ​នេះ​លើក​យក​រូបភាព​លោក John McCain នៅក្នុង​ការ​ប្រមូល​ផ្តុំ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ក្នុង​ឆ្នាំ ២០១១ អំពី​របៀប​ដែល​កម្ពុជា​អាច​នឹង​កើត​មាន​ចលាចល​ស្រដៀង​គ្នា​នឹង​ប្រទេស​អេហ្ស៊ីប និង​ប្រទេស​ទុយនីស៊ី​។

សៀវភៅ​នេះ​សរសេរ​ថា​៖ «​បដិវត្តន៍​ពណ៌ គឺជា​ឧបករណ៍​នយោបាយ​ថ្មី​មួយ និង​ជា​យុទ្ធសាស្ត្រ​ឈ្លានពាន​ដោយ​មិន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ក្រោម​លេស​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​»​។ សៀវភៅ​នេះ​បន្ត​ថា បដិវត្តន៍​ពណ៌​ «​មិនមែន​ជា​ឆន្ទៈ​ពិត​របស់​ប្រជាពលរដ្ឋ​ទេ​»​។

តាមរយៈ​ការងារ​នេះ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក៏​បាន​រិះគន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ (VOA) វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD) និង​វិទ្យុ​សំបុកឃ្មុំ​ថា​បំផ្លើស​ «​ដើម្បី​បំពុល​បរិយាកាស​សង្គម​» ​និង​ចោទប្រកាន់​អង្គការ​សង្គម​ស៊ីវិល​ដូចជា​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ អង្គការ អាដហុក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ អង្គការ​តម្លាភាព​អន្តរជាតិ អង្គការ​ខុមហ្វ្រែល និង​អង្គការ​និកហ្វិច ថា​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​ប្រឆាំង​។

ទីស្តីការ​គណៈរដ្ឋមន្ត្រី​បន្ត​ចោទសួរ​មូលហេតុ​អ្វី​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បរាជ័យ​មិន​ទប់ស្កាត់​វោហារស័ព្ទ​ប្រកាន់​ពូជសាសន៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រឆាំង​វៀតណាម និង​អះអាង​ថា UNOHCHR ផ្តល់​ស្ថានភាព​ជន​ភៀសខ្លួន​ដល់​មេបញ្ជាការ​ខ្មែរក្រហម ឌុច ព្រមទាំង​ស្ត្រី​កំណាន់​របស់​លោក កឹម សុខា ក្នុង​ការ​ប៉ុនប៉ង​ទាញ​យក​សក្ខីកម្ម​ក្លែងក្លាយ​ពី​នាង​។

តំណាង​ប្រចាំ​ប្រទេស​របស់ UNOHCHR លោក Simon Walker កាលពី​ថ្ងៃ​ទី​​ ១៣ ខែ​កុម្ភៈ បាន​បដិសេធ​ចំពោះ​ការ​អះអាង​ទាំង​នេះ ហើយ​អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​អាស៊ី លោក Phil Robertson ក៏​បាន​បដិសេធ​ផង​ដែរ ដោយ​ថ្លែង​ថា​លោក​បាន​រិះគន់​ជា​សាធារណៈ ចំពោះ​វោហារស័ព្ទ​ប្រឆាំង​ជនជាតិ​វៀតណាម «​ជាច្រើន​ដង​ហើយ​»​។

លោក Phil Robertson បាន​សរសេរ​តាម​អ៊ីមែល​ថា​៖ «​ជា​ជាង​ស្តីបន្ទោស​អ្នក​ដទៃ គណបក្ស​ប្រជាជន​កម្ពុជា​គួរ​ក្រឡេក​មើល​ខ្លួនឯង​»​។ «... ការ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើឲ្យ​មាន​ការ​រឹបអូស​ដីធ្លី ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​ដីធ្លី ការ​លួច​ធនធាន​ធម្មជាតិ​អំពើ​ពុករលួយ និង​សេវា​រដ្ឋាភិបាល​មិន​ល្អ ការ​ប្រើប្រាស់​យោធា និង​ការ​ចាប់​ខ្លួន​ព្រម​ទាំង​ការ​រំលោភ​បំពាន​សិទ្ធិ​ជាច្រើន​ទៀត ដែល​ទាំង​នេះ​គឺជា​កំណត់ត្រា​ដែល​ស្ទើរ​តែ​មិន​មាន​អង្គការ​ណា​អាច​គាំទ្រ​»​។

លោក អំ សំអាត ទីប្រឹក្សា​ផ្នែក​ច្បាប់​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ និង​លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា​ក៏​បាន​សង្កត់​ធ្ងន់​ផងដែរ​ថា ពួកគេ​មិនមែន​បក្ខពួក​និយម​ទេ​។

សៀវភៅ​នេះ​ក៏​រិះគន់​អាមេរិក និង​សហភាព​អឺរ៉ុប​ជា​ដដែលៗ ជាពិសេស​ចំពោះ​ប្រតិកម្ម​របស់​ពួកគេ ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង​។

សៀវភៅ​នេះ​និយាយ​ថា​៖ «​អាស៊ី​ និង​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប គឺ​អព្យាក្រឹត ដោយសារ​ប្រទេស​ទាំង​នោះ​បាន​ដឹង​អំពី​ស្ថានភាព​របស់​កម្ពុជា​យ៉ាង​ច្បាស់​»​។

ផ្ទុយ​ទៅ​វិញ ប្រតិកម្ម​របស់​អាមេរិក​ និង​សហភាព​អឺរ៉ុប​ «​មិនមែន​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ពិតប្រាកដ ក្នុង​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​គឺ​ដើម្បី​បង្កើត​ការ​គាំទ្រ​គណបក្ស​ប្រឆាំង​ដែល​ជា​របស់​អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​ដែល​មាន​ភាព​លម្អៀង និង​វាយប្រហារ​រដ្ឋាភិបាល​ជាច្រើន​ឆ្នាំ​មកហើយ​»​។

ដោយ​បង្ហាញ​វោហារស័ព្ទ​ប្រឆាំង​នឹង​ការ​គំរាម​ដាក់​ទណ្ឌកម្ម រួម​ទាំង​លទ្ធភាព​នៃ​ការ​បង្កក​ទ្រព្យសម្បត្តិ​ ឬ​លុបចោល​កិច្ចព្រមព្រៀង​សម្រាប់​ការ​នាំ​ចេញ​​ «​ទំនិញ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​» ​ទៅ​អឺរ៉ុប រដ្ឋាភិបាល​បាន​អួត​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន ​«​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​» ​ពី​ប្រជាជន​។

សៀវភៅ​នេះ​បន្ដ​ថា​៖ «​ពួកគេ​មិន​គាំទ្រ​ចលនា​បំផ្លាញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​»​។ សៀវភៅ​នេះ​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​ឈ្នះ​ការ​បោះឆ្នោត​ខែ​កក្កដា​ «​ភ្លូកទឹក​ភ្លូកដី​»​។

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ធ្វើ​អធិប្បាយ​។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក ជាម ចាន់នី បាន​ថ្លែង​នៅ​ថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ថា​ លោក​មិន​យល់ស្រប​ចំពោះ​ការ​ផ្តោត​របស់​រដ្ឋាភិបាល​ទៅ​លើ​បដិវត្តន៍​ពណ៌​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គ្មាន​អ្វី​បរិយាយ​ទេ ពីព្រោះ​វា​ជា​រឿង​ដដែលៗ​»​។

លោក​បន្ត​ថា​៖ «...[​អាមេរិក​ និង​អឺរ៉ុប​] ​មិនមែន​នៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​នៅ​ខាង​ប្រជាពលរដ្ឋ​កម្ពុជា​។ យើង​មិន​នៅ​ជាមួយ​ប្រទេស​មហាអំណាច​ទេ យើង​កំពុង​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​»៕ PS