ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្លែង​ថា គំនិត​ដែល​ថា​លោក ជុន ច័ន្ទបុត្រ ភ័យ​ខ្លាច​នៅ​សហរដ្ឋអាមេរិក​គឺជា​គំនិត​ «​ឆ្កួតៗ​» ​និង​គ្មាន​តម្លៃ​នឹង​យក​មក​និយាយ​ទេ ស្របពេល​ដែល​ក្រសួង​ព័ត៌មាន​បាន​ស្នើឲ្យ​ក្រសួង​ការបរទេស​កម្ពុជា​ជួយ​អន្តរាគមន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​កែតម្រូវ​ព័ត៌មាន​អំពី​ហិង្សា​នៅ​ក្រចេះ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មីនា​។

លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែង​នៅ​ខេត្ត​កំពង់ធំ​កាលពី​ម្សិលមិញ​ថា អាមេរិក​មាន​សារព័ត៌មាន​សេរី និង​បើកចំហ​ជាង​គេ​នៅ​លើ​ពិភពលោក ហើយ​ថា​គ្មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ភ័យ​ខ្លាច​ឡើយ​។

​លោក​ថ្លែង​ដូច្នេះ​ជា​ការ​ឆ្លើយតប​នឹង​អ្នក​សារព័ត៌មាន ​ដែល​ចោទសួរ​លោក​អំពី​ការ​លើកឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​​នៅក្នុង​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ កាលពី​ថ្ងៃ​សុក្រ​ នៅ​​ពេល​លោក​លើក​ឡើង​ថា​ លោក ជុន ច័ន្ទបុត្រ ភ័យខ្លាច «CIA អាមេរិក​សម្លាប់​ដូច កែម ឡី​»​។

លោក William Heidt បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ប្រាប់​អ្នកថា​គ្មាន​អ្នក​សារព័ត៌មាន​ម្នាក់​ណា មាន​ការ​ភ័យខ្លាច​ទេ នៅ​សហរដ្ឋអាមេរិក​។ ​គ្មាន​ទាល់​តែ​សោះ​។ ដូច្នេះ​គំនិត​ដែល​ថា ជុន ច័ន្ទបុត្រ មាន​ការ​ភ័យខ្លាច​នៅ​សហរដ្ឋអាមេរិក​គឺ​ពិតជា​គំនិត​ឆ្កួតៗ​។ វា​គ្រាន់​តែ​ជា​គំនិត​ឆ្កួតៗ​ប៉ុណ្ណោះ ហើយ​វា​មិន​មាន​ប្រយោជន៍​ក្នុង​ការ​លើក​យក​វា​មក​ពិភាក្សា​ទេ​»​។

ក្នុង​ដំណើរ​ទៅ​ចូលរួម​ជំនួប​កំពូល​អាស៊ាន​ និង​អូស្ត្រាលី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ពលរដ្ឋ​ខ្មែរ​អ្នក​គាំទ្រ​លោក​នៅ​ទី​នោះ​ដោយ​លោក​បាន​ថ្លែង​ថា លោក ជុន ច័ន្ទបុត្រ ជា​ចារកម្ម​របស់​លោក​ហើយ​បាន​ស្នើសុំ​ឲ្យ​ឧត្តម​សេនីយ៍​មួយ​រូប​ជួយ​ការពារ​ពី​ការ​តាម​សម្លាប់​របស់​ CIA ​អាមេរិក​។ ​លោក​បាន​បញ្ជាក់​ថា​៖ «​គាត់​សុំ​ឲ្យ​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជួយ​ការពារ​ផង ប្រយ័ត្ន​ពួក​អាមេរិក​សម្លាប់​គាត់​ដូច កែម ឡី​។ ជុន ចាន់បុត្រ បើ​អ្នក​ឯង​ហ៊ាន​ស្បថ​ថា អ្នក​ឯង​ជួប ម៉ៅ សុផាន់ ហើយ​ជួប​កូនប្រុស​ខ្ញុំ​ឬ​អត់​?»​។

ក្រៅពី​ការលើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី សារព័ត៌មាន ហ្វ្រេសញូវ​ក៏​បាន​បញ្ចេញ​សារ​តាម​ប្រព័ន្ធ WhatsApp ដែល​មាន​ឈ្មោះ Pou Chun Chann និង​រូប​លោក ជុន ច័ន្ទបុត្រ ហើយ​ក្នុង​ការសន្ទនា​នោះ​ឈ្មោះ​ Pou Chun Chann បាន​សរសេរ​ថា​ចង់​ជួប​ឪពុក​នៅ​ទីក្រុង​ស៊ីដនី​។ លើស​ពី​នេះ​ទៀត​សារព័ត៌មាន ហ្វ្រេសញូវ​បាន​សម្ភាស​ជាមួយ​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដោយ​លោក​បាន​អះអាង​ថា​ កាលពី​ថ្ងៃទី​ ២២ ខែ​មីនា ២០១៧ លោក​បាន​ឲ្យ​កម្លាំង​​ ៣ ​នាក់​តាម​ការពារ​លោក ជុន ច័ន្ទបុត្រ ពី​ព្រលាន​យន្តហោះ​រហូត​ដល់​សណ្ឋាគារ​សាន់វ៉េ មុខ​ស្ថានទូត​អាមេរិក ហើយ​ថា​នៅ​ថ្ងៃ​ទី​ ២៣ ខែ​មីនា​លោក​បាន​និយាយ​ជាមួយ​លោក ជុន ច័ន្ទបុត្រ ១ ​ម៉ោង និង​ ៤៥ ​នាទី​។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បាន​ថ្លែង​ថា​៖ «​កន្លង​មក​លោក ជុន ច័ន្ទបុត្រ ធ្លាប់​បាន​ប្រាប់​ពី​រឿងរ៉ាវ​លំបាក​មួយ​ចំនួន​នៅ​វិទ្យុ​អាស៊ីសេរី ហើយ​ថា​នឹង​ចង់​ចាកចេញ​ពី​វិទ្យុ​បរទេស​មួយ​នេះ ប៉ុន្តែ​មិន​ដឹង​ចាកចេញ​ដោយ​វិធី​ណា​នោះ​ទេ​។ លោក ជុន ច័ន្ទបុត្រ ធ្លាប់​បាន​និយាយ​ប្រាប់​ខ្ញុំ​​ថា ធ្វើការ​នៅ​ទី​នោះ​ត្រូវ​តែ​ធ្វើការ​តាម​ពួកគេ​ [​អាមេរិក​] គេ​ឲ្យ​និយាយ​អ្វី​ត្រូវ​ធ្វើ​តាម​គេ បើ​មិន​ធ្វើ​តាម​គេ គេ​នឹង​សម្លាប់​ចោល​»​។

ទាំង​លោក ជុន ច័ន្ទបុត្រ និង​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ លោក ជុន ច័ន្ទបុត្រ បាន​ថ្លែង​តាម​វីដេអូឃ្លីប​មួយ​នៅ​អូស្ត្រាលី​ថា​លោក​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ចេញ​ភ័ស្តុតាង​ និង​ឯកសារ​បន្ថែម​ទៀត​ និង​ស្នើ​ឲ្យ​លោក ហ៊ុន សែន ​ចូល​​ក្នុង​កម្មវិធី​វិទ្យុ​របស់​លោក​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សប្បាយ​ចិត្ត​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឲ្យ​លោក​យក​ភ័ស្តុតាង​មក​ដើម្បី​ឲ្យ​អាច​ថា ខ្ញុំ​ជា​ចារកម្ម​របស់​លោក​ដើម្បី​បកស្រាយ​នៅ​លើ​វិទ្យុ​យើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ម្តង ហើយ​បាន​ប្រជាពលរដ្ឋ​សួរ​សំណួរ​ផង​។ ខ្ញុំ​ក៏​ចង់​ដឹង​ដែរ តាមពិត​អន្ទះសា​ចង់​ដឹង​ណាស់​ថា​ហេតុ​​អី ហើយ​ខ្ញុំ​បាន​បញ្ជូន​ឯកសារ​អី​? ​ដំណឹង​អី ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លះ​? ​ហើយ​ការពិត​គឺ​ខ្ញុំ​ក៏​បាន​និយាយ​ខ្លះ​ដែរ​នៅ​លើ​ហ្វេសប៊ុក ​របស់​ខ្ញុំ​បាទ​គឺថា​ មាន​តែ​ចារកម្ម​សម្ងាត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទេ បញ្ជូន​សម្ងាត់​មក​ខ្ញុំ​ហើយ​ខ្ញុំ​មាន​ភ័ស្តុតាង​»​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​ ១៥ ​មីនា​បាន​សរសេរ​លិខិត​មាន​ ២ ​ទំព័រ​ផ្ញើ​ទៅ​កាន់​ក្រសួង​ការបរទេស​កម្ពុជា​ដោយ​ស្នើសុំ​ឲ្យ​ក្រសួង​ជួយ​អន្តរាគមន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​កែតម្រូវ​ព័ត៌មាន​ដែល​បាន​ចុះ​ថា «​មាន​ពលរដ្ឋ​ចំនួន​ ៦ ​នាក់​បាន​ស្លាប់ និង​រងរបួស ៤០ ​នាក់​ក្នុង​ហេតុការណ៍​បង្ក​ហិង្សា​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ​ ២០១៨»​។

ដោយ​យោង​លើ​ចម្លើយ​របស់​​អ្នកស្រី គិន ភ័ក្ត្រ ដែល​ជា​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក ក្រសួង​ព័ត៌មាន​អះអាង​ថា​ហិង្សា​រឿង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ​គឺជា​ «​ផែនការ​របស់​វិទ្យុ​អាស៊ីសេរី​ដែល​តែងតែ​ឃុបឃិត​ជាមួយ​គណបក្ស​ប្រឆាំង​រៀបចំ​ឡើង​ជា​បន្តបន្ទាប់ បំផុស​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​ដើម្បី​ទម្លាក់​កំហុស និង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​»​។

ទោះ​យ៉ាង​ណា​ក្រសួង​ព័ត៌មាន​មិន​បាន​ប្រាប់​ឲ្យ​អាស៊ីសេរី​កែតម្រូវ​ព័ត៌មាន​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​។

លោក អ៊ុក គឹមសេង អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ថ្លែង​​ថា ក្រសួង​បាន​ស្នើ​ទៅ​ក្រសួង​កិច្ចការ​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​ដោយសារ​វិទ្យុ​អាស៊ីសេរី​មិន​មាន​ស្នាក់ការ​នៅ​កម្ពុជា​។ លោក​បាន​បន្ត​ថា​៖ «​យើង​ធ្វើ​ការងារ​ការទូត​តាម​ក្រសួង​ការបរទេស ព្រោះ​អី​អាស៊ីសេរី​អត់​មាន​ការិយាល័យ​តំណាង​នៅ​កម្ពុជា​ទេ​។​ ​ដូច្នេះ​មាន​តែ​ក្រសួង​ការបរទេស​ខ្មែរ​ដែល​មាន​មធ្យោបាយ​ផ្តល់​ទៅ​ឲ្យ​សហរដ្ឋ​អាមេរិក​»៕