ភ្នំពេញៈ នគរបាល២រូប នៃខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួនសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយករណីផ្ទុះអាវុធ ក្នុងប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ និងលេងអាប៉ោង បណ្តាលឲ្យត្រូវបុរសម្នាក់ស្លាប់ ខណៈក្រុមគ្រួសារ ក៏បានទទួលសំណងមួយចំនួនពីអាជ្ញាធរខណ្ឌផងដែរ។
លោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា មន្ត្រីនគរបាល២រូប ដែលមិនបញ្ចេញអត្តសញ្ញាណ ត្រូវបានសាកសួរ ទាក់ទិននឹងករណីផ្ទុះអាវុធនេះ។
លោកថ្លែងថា ការបង្ក្រាបល្បែងជល់មាន់ ដែលធ្វើឲ្យមនុស្សស្លាប់នេះ «មិនមែនជាចេតនា ក្នុងការធ្វើឃាតមនុស្សទេ»។
លោកបន្តថា៖«វិធានការច្បាប់គឺយើងបានឃាត់មន្ត្រីនគរបាល ២ រូបជាមន្ត្រីនៅអធិការដ្ឋាន..នៅជាប់ឃុំឃាំង ថ្វីដ្បិតគាត់ជាសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសមែនប៉ុន្តែពេលដែលវាគ្រោះថ្នាក់ដល់មនុស្សអ៊ីចឹងគឺយើងបើកការអង្កេតចប់សព្វគ្រប់ហើយ។
លោកបន្តថា៖«អង្គហេតុយើងពិនិត្យឃើញហើយ គឺជាកិច្ចប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ ហើយការផ្ទុះអាវុធក្នុងប្រតិបត្តិការ គឺដើម្បីគំរាមស្មារតីជនល្មើសឲ្យនៅឲ្យស្ងៀម ឲ្យប្រតិបត្តិការរបស់មន្ត្រីទទួលបានជោគជ័យគ្មានគោលបំណងបាញ់ប្រហារនរណាម្នាក់ទេ»។
បុរសជាកម្មកររោងចក្រម្នាក់ បានត្រូវគ្រាប់កាំភ្លើងស្លាប់ ខណៈកំពុងនៅក្នុងបន្ទប់ជួល ជាមួយប្រពន្ធនៅជាន់ទី ៣ នៅពេលដែលកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដែលចុះបង្ក្រាបសង្វៀនជល់មាន់ និងលេងអាប៉ោង បានប្រើកាំភ្លើងបាញ់រះឡើងលើជាង ១០ គ្រាប់ ស្ថិតក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃអាទិត្យ ទី២១ ខែមករា។
បុរសជាជនរងគ្រោះឈ្មោះ សៀក សារ៉ន អាយុ ៣៣ ឆ្នាំ មកពីស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវគ្រាប់កាំភ្លើងរបស់នគរបាល ២ គ្រាប់ ដែលមួយគ្រាប់ត្រូវចំបំពង់ក និងមួយគ្រាប់ទៀត ត្រូវអំបែងគ្រាប់ចំដៃស្តាំ ហើយបានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយ។
ស្ត្រីជាប្រពន្ធជនរងគ្រោះ ឈ្មោះ ណុប សុផានី អាយុ ២៧ ឆ្នាំ បានស្រែកទ្រហោយំបណ្តើរនិយាយបណ្តើរនៅនឹងកន្លែងតម្កល់សពនៅវត្តពោធិ៍ចិនតុង កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំមិនសុខចិត្តទេ...ឲ្យខ្ញុំធ្វើអីក៏ធ្វើដែរ ឲ្យតែប្តីខ្ញុំរស់វិញ។ ប្តីខ្ញុំនៅសុខៗ ហេតុអីគេបាញ់ប្តីខ្ញុំ?»។
បងថ្លៃជនរងគ្រោះ ឈ្មោះ ណុប ចាន់ថា ឲ្យដឹងថា មានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌបានយកថវិកាមួយចំនួនមកជូនដល់គ្រួសារពួកគាត់គឺក្នុងការចង់ «សម្របសម្រួលសងជំងឺចិត្ត» ចំនួន ៨០០០ ដុល្លារ។
លោកបន្តថា ៖ «យើងមិនចង់រករឿងអីធំដុំទេសំខាន់គឺឲ្យគាត់ទទួលខុសត្រូវលើគ្រួសារ និងកូនៗ(ជនរងគ្រោះ)»។
ទោះយ៉ាងណាលោកចាន់ថា ថ្លែងថា ការសម្របសម្រួលយកលុយនេះមិនមែនបញ្ចប់រឿងឬ«យកជីវិតទៅប្តូរនឹងលុយ» នោះទេគឺដើម្បីយកទៅដោះស្រាយចិញ្ចឹមកូនជនរងគ្រោះប៉ុណ្ណោះ។
ជនរងគ្រោះបានស្លាប់ចោលកូន ២ នាក់ម្នាក់ប្រុសអាយុ ២ ឆ្នាំ និងម្នាក់ទៀតស្រីអាយុ ៥ ឆ្នាំ៕