ភ្នំពេញៈ នគរបាលជាតិកំពុងប្រមូលព័ត៌មានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់សមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១១៨ រូប ខណៈមន្ត្រីក្រសួងមហាផ្ទៃបានព្រមានថាការរឹបអូសទ្រព្យសម្បត្តិអាចនឹងធ្វើឡើងប្រសិនបើមន្ត្រីគណបក្សទាំងនោះនៅបន្តធ្វើសកម្មភាព «បដិវត្តន៍ពណ៌របស់ពួកគេ» នៅបរទេស។
សមាជិកជាន់ខ្ពស់ចំនួន ១១៨ រូបរបស់គណបក្សសង្គ្រោះជាតិត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំបន្ទាប់ពីតុលាការកំពូលកាលពីខែវិច្ឆិកាបានរំលាយគណបក្សប្រឆាំងដែលមានប្រជាពលរដ្ឋគាំទ្រស្ទើរពាក់កណ្តាលប្រទេសនេះដោយចោទប្រកាន់ថាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
របាយការណ៍នគរបាលជាតិសម្រាប់ខែធ្នូមានមួយឃ្លាបានសរសេរថាខ្លួនត្រូវការធ្វើឲ្យមានវឌ្ឍនភាពទៅលើការស៊ើបអង្កេតមន្ត្រីគណបក្សសង្គ្រោះជាតិ «១១៨» រូបតាមរយៈ «ការវិភាគ និងវាយតម្លៃ» ធនធានហិរញ្ញវត្ថុរបស់អ្នកដែលប៉ុនប៉ងធ្វើសកម្មភាពអវិជ្ជមាន។
អត្ថបទនេះបានឲ្យដឹងទៀតថា៖ «បន្តផ្តោតលើសន្តិសុខជាតិដោយយកចិត្តទុកដាក់ទៅលើការប្រមូលព័ត៌មាន ការវិភាគ និងការវាយតម្លៃធនធានហិរញ្ញវត្ថុរបស់អ្នកដែលមានគោលដៅអវិជ្ជមានចំពោះប្រទេសជាតិ និងរដ្ឋាភិបាល» នឹងត្រូវបានដាក់នៅក្នុងបញ្ជីក្រោមសកម្មភាពបន្តសម្រាប់ខែមករាឆ្នាំ ២០១៨ នេះ។
ដំណើរវិវឌ្ឍន៍នេះបានធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីក្រុមសហជីពគាំទ្ររដ្ឋាភិបាលដែលស្នើសុំឲ្យរដ្ឋាភិបាលបង្កកទ្រព្យសម្បត្តិបិទលិខិតឆ្លងដែន និងហាមប្រាមការផ្ទេរលុយ និងព្យួរគណនីធនាគាររបស់អតីតអ្នកនយោបាយទាំង ១១៨ នាក់នោះចំពោះការព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលបរទេសឲ្យដាក់ទណ្ឌកម្មមកលើមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានថ្លែងកាលពីម្សិលមិញថា ការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់មន្ត្រីគណបក្សសង្គ្រោះជាតិគឺគ្រាន់តែជាការបន្តបង្ក្រាបទៅលើបដិវត្តន៍ពណ៌។
កាលពីថ្ងៃអាទិត្យលោកនាយករដ្ឋមន្ត្រីបានអះអាងថាខណៈបដិវត្តន៍ត្រូវបានបង្ក្រាបមជ្ឈដ្ឋានអមិត្តនៅតែកំពុងបន្តឃុបឃិតគ្នាដើម្បីផ្តួលរំលំរដ្ឋាភិបាល។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងការប្រារព្ធខួប «ជ័យជម្នះ៧មករា» លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោក សុភ័គ បានថ្លែងទៀតថា៖ «អ្នកដែលបានបំពានច្បាប់សាលដីកាបានព្យួរសិទ្ធិនយោបាយរបស់ពួកគេ ប្រសិនបើពួកគេនៅតែបន្តការប៉ុនប៉ងយើងនឹងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ»។
លោកបន្តថា៖ «យើងនឹងពិចារណាអំពីវាឧទាហរណ៍ ថាតើនរណា និងថាតើពួកគេមានលុយនឹងនៅក្នុងធនាគារ។ នេះគឺដើម្បីការពារមិនឲ្យមានបដិវត្តន៍ពណ៌ពីបរទេស»។
ជាថ្មីម្តងទៀតលោក សុភ័គ បានចង្អុលទៅកញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង និងសមាជិកសង្គមស៊ីវិល លោក ប៉ា ងួនទៀង ថាជាគោលដៅសក្តានុពលដោយសារពួកគេកំពុងធ្វើយុទ្ធនាការនៅបរទេស។
លោក សុភ័គ ថ្លែងថា៖ «ពួកគេដូចជាឆ្កែព្រុសរទេះភ្លើង»។
អតីតតំណាងរាស្ត្រ និងសមាជិកគណបក្សសង្គ្រោះជាតិជាច្រើនបានរត់គេចទៅបរទេសដោយភ័យខ្លាចការបំភិតបំភ័យ និងធ្វើបាបពីរដ្ឋាភិបាល ខណៈពួកគេមួយចំនួនកំពុងបញ្ចុះបញ្ចូលរដ្ឋាភិបាលបរទេសដើម្បីឲ្យដាក់ទណ្ឌកម្មមកលើអ្នកដែលធ្វើឲ្យមានវិបត្តិនយោបាយនៅកម្ពុជាបច្ចុប្បន្ន។
ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានដកជំនួយសម្រាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ ប៉ុន្តែបានចង្អុលបង្ហាញថា ពួកគេកំពុងពិចារណាលើវិធានការបន្ថែមរួមទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរបើកម្ពុជានៅតែមិនព្រមស្តារស្ថានការណ៍នយោបាយដែលបានធ្លាក់ចុះដុនដាបនេះឲ្យបានប្រសើរឡើងវិញទេនោះ។
លោក អ៊ូ ចាន់រ័ត្ន អតីតតំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងថា វាច្បាស់ដែលថា ការបន្តស៊ើបអង្កេតទៅលើបដិវត្តន៍ពណ៌បង្ហាញថា រដ្ឋាភិបាលភ័យខ្លាចចំពោះប្រជាប្រិយភាពនៃការគាំទ្ររបស់គណបក្សសង្គ្រោះជាតិដែលនៅតែបន្តមាន។
លោកបន្តថា៖ «ប៉ុន្តែពួកគេនៅតែបន្តយាយីយើង ហើយចង់ធ្វើឲ្យមនុស្សទាំងអស់នៅក្នុងគណបក្សសង្គ្រោះជាតិរួមទាំងមេដឹកនាំ និងមនុស្សដទៃៗទៀតមិនអាចរស់បាន»។
លោកបញ្ជាក់ថា៖ «ពួកគេបានបញ្ចប់ជីវិតនយោបាយរបស់យើងរួចហើយ ហើយឥឡូវនេះមិនចង់ឲ្យយើងរស់នៅក្នុងសង្គមនេះ»។ លោកបានបន្ថែមទៀតថាគណបក្សសង្គ្រោះជាតិដាក់របាយការណ៍ហិរញ្ញវត្ថុទៅក្រសួងមហាផ្ទៃជាប្រចាំឆ្នាំ ដូច្នេះមិនមានអ្វីត្រូវការស៊ើបអង្កេតទៅលើហិរញ្ញវត្ថុរបស់គណបក្សទេ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថាវាទំនងជាមិនមានមូលដ្ឋានច្បាប់សម្រាប់រដ្ឋាភិបាលក្នុងការពិនិត្យទៅលើហិរញ្ញវត្ថុរបស់មន្ត្រីជាន់ខ្ពស់គណបក្ស ១១៨ រូបនោះទេដោយលោកថ្លែងថាវិធានការបែបនេះគឺសម្រាប់បទល្មើសកម្រិតធ្ងន់។
លោកបន្តថា៖ «នៅពេលពួកគេពិនិត្យទៅលើគណនី និងធនាគារពួកគេត្រូវតែផ្អែកទៅលើច្បាប់ដូចជាច្បាប់សម្រាប់ឧក្រិដ្ឋកម្មលាងលុយ ឬឧក្រិដ្ឋកម្មភេរវកម្ម»៕ PS