ភ្នំពេញៈ មន្ត្រី​នគរបាល​ដែល​បាញ់​បង្ក្រាប​សង្វៀន​ជល់​មាន់​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែនជ័យ​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​អចេតនា ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ​។

ជន​ត្រូវ​ចោទ​ឈ្មោះ​ ចន វីរៈ ជា​នគរបាល​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ត្រូវ​បាន​ឃាត់​ខ្លួន​សាកសួរ​នៅ​ថ្ងៃ​ទី​ ២២ ខែ​មករា​មួយ​ថ្ងៃ​ក្រោយ​មាន​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់ និង​ល្បែង​ស៊ីសង​នៅ​ក្នុង​សង្កាត់​ចោមចៅ​ ២ ដែល​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​។

លោក​ លី សុផាណា អ្នក​នាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ឲ្យ​ដឹង​ថា​តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​គាត់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​។

លោក​បញ្ជាក់​ថា​៖ «​ក្រោយ​ពី​បាន​ពិនិត្យ​ឯកសារ​សំណុំ​រឿង​សាកសួរ​ចម្លើយ​តាម​នីតិវិធី និង​ពិនិត្យ​ភ័ស្តុតាង​តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​តាម​មាត្រា ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​...»​។

ប្រសិន​បើ​គាត់​ត្រូវ​បាន​ផ្តន្ទាទោស​នោះ​គាត់​នឹង​ត្រូវ​ប្រឈម​ការ​ជាប់​ពន្ធនាគារ​ចាប់ពី​ ១ ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល ទៅ ៦ ​លាន​រៀល​ (៥០០-១៥០០ ​ដុល្លារ​)​។

លោក​ អ៊ី រិន្ទ អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​បញ្ជូន​មន្ត្រី​នគរបាល​រូប​នេះ​ទៅ​កាន់​ពន្ធនាគារ​ក្រោយ​ការ​សាកសួរ​។

អ្នកស្រី​ ណុប សុផានី ជា​ភរិយា​ជនរងគ្រោះ​បាន​ប្រាប់​ថា​អ្នកស្រី​មិន​បាន​ដឹង​ពី​ការ​ចោទប្រកាន់​របស់​តុលាការ​ទៅ​លើ​មន្ត្រី​នគរបាល​នោះ​ទេ​។

អ្នកស្រី​បាន​និយាយ​ថា​៖ «​ពួកគាត់​បាន​ចុះ​មក​កាលពី​យប់​ថ្ងៃ​អាទិត្យ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​មិន​ចង់​ប្តឹង ឬ​យក​ទោស​ពៃរ៍​អី​ទេ ទោះ​ជា​ខ្ញុំ​ប្តឹង​រក​ទោស​ពៃរ៍ ក៏​ប្តី​ខ្ញុំ​មិន​រស់​មក​វិញ​ដែរ​។ តែ​គាត់​បាន​ប្រាប់​ខ្ញុំ មិន​អី​ទេ យើង​បាន​ចាប់​អ្នក​នោះ​ហើយ​»​។

អ្នកស្រី​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា​វា​យុត្តិធម៌​សម្រាប់​ខ្ញុំ ឲ្យ​តែ​ម្នាក់​នោះ​បាន​ចូល​គុក មួយ​ឆ្នាំ ឬ​បី​ឆ្នាំ​ក៏ដោយ​។ ខ្ញុំ​នៅ​តែ​ឆ្ងល់​ថា ហេតុ​អី​គេ​មក​បង្ក្រាប​ថ្ងៃ​ហ្នឹង គេ​ជល់​មាន់​រាល់ថ្ងៃ ហេតុ​អី​មក​បង្ក្រាប​ថ្ងៃ​ហ្នឹង​»​។

លោក​ យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា​លោក​ទទួល​ស្គាល់​នូវ​ភាព​ចន្លោះ​ប្រហោង​ក្នុង​ការ​អនុវត្ត​ការងារ​។

លោក​ថ្លែង​ថា​៖ «​ការងារ​ហ្នឹង​យើង​មិន​ដែល​ធ្វើឲ្យ​មាន​បទល្មើស​យើង​មិន​ដែល​ឲ្យ​ប្រើប្រាស់​ដល់​ថ្នាក់​ផ្ទុះ​អាវុធ​ទេ​។ ពេល​នោះ​ដោយសារ​អី​? ដោយសារ​កម្លាំង​យើង គាត់​មាន​ការ​ជ្រួល​ច្របល់​ព្រោះ​មនុស្ស​ច្រើន​ពេក​ហើយ​កងកម្លាំង​យើង​ជ្រុះ​អាវុធ ជ្រុះ​អី ទីង​ណាត់​ទីងណែង​ពេល​ហ្នឹង​។ ពេល​ហ្នឹង យើង​មាន​ចន្លោះ​ប្រហោង​»​។

លោក​ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍​ថា ក្រោយ​មាន​ការ​ផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស សមត្ថកិច្ច​ស្នងការដ្ឋាន​បាន​ឃាត់​មន្ត្រី​នគរបាល​ ២ ​នាក់​មក​ធ្វើការ​សាកសួរ និង​បាន​ដោះលែង​ម្នាក់​ទៅ​វិញ​ក្រោយ​មាន​ការ​ធ្វើ​កោសល្យវិច័យ​លើ​កាំភ្លើង និង​គ្រាប់​ដែល​បាញ់​ចំ​បុរស​រងគ្រោះ​ស្លាប់​។

លោក​ថ្លែង​ថា​៖ «​បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​ហើយ យើង​រកឃើញ​អ្នក​ណា​ដែល​ជា​អ្នក​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ស្លាប់​។ ក្នុង​ចំណោម​មនុស្ស​ហ្នឹង​មាន​ ២ ​នាក់​ផ្ទុះ​អាវុធ អ៊ីចឹង​មិន​ដឹង​មួយ​ណា​ដែល​ធ្វើឲ្យ​រងគ្រោះ​ដល់​ប្រជាពលរដ្ឋ អ៊ីចឹង​យើង​យក​មក​ឃាត់​ទាំង​ ២ ហើយ​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ភ័ស្តុតាង​ដែល​យើង​ដកហូត​បាន​ពី​កន្លែង​កើតហេតុ​មាន​សំបក​គ្រាប់ ហើយ​និង​ក្បាល​គ្រាប់ វះ​យក​ពី​សព​របស់​ជនរងគ្រោះ​។ បន្ទាប់ពី​ធ្វើ​កោសល្យវិច័យ​ហើយ​បាន​យើង​រកឃើញ​ថា​អាវុធ​មួយ​ណា​ដែល​ផ្តល់​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ​»​។

គួរ​រំឭក​ផង​ដែរ​ថា​ករណី​ផ្ទុះ​អាវុធ​ក្នុង​ពេល​បង្ក្រាប​ការ​ជល់​មាន់ និង​អាប៉ោង​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រហែល​ ១១ ​ព្រឹក ថ្ងៃ​អាទិត្យ​នៅ​ចំណុច​ក្រោយ​ផ្សារកាណាស៊ីធី សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​៕