ភ្នំពេញៈ នគរបាល​ដែល​បាញ់​បង្ក្រាប​ល្បែង​ជល់​មាន់​បណ្ដាល​ឲ្យ​ស្លាប់​ពលរដ្ឋ​ស្លូតត្រង់​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ខែ​មករា​ត្រូវ​តុលាការ​កាត់ទោស​កាលពី​ម្សិលមិញ​ដោយ​សម្រេច​ដាក់គុក​ ១ ​ឆ្នាំ ប៉ុន្តែ​ទោស​នេះ​ត្រូវ​ព្យួរ​ទាំង​ស្រុង​តាម​ការ​ស្នើសុំ​របស់​តំណាង​អយ្យការ​។

លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ជន​ជាប់ចោទ ចន វីរៈ អាយុ​ ២៥ ​ឆ្នាំ​ដែល​មាន​មុខងារ​ជា​មន្ត្រី​ប៉ូលិស​ខណ្ឌ​ពោធិ៍សែនជ័យ​ដែល​ជាប់​ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ដោយ​សម្រេច​ដាក់​ពន្ធនាគារ​ ១ ​ឆ្នាំ តែ​ទោស​ទាំង​មូល​ត្រូវ​ព្យួរ និង​បើក​ផ្លូវ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

លោក​បាន​ថ្លែង​ថា​៖ «​តុលាការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ១ ​ឆ្នាំ ប៉ុន្ដែ​ទោស​ទាំង​មូល​ត្រូវ​ព្យួរ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​។ វត្ថុ​ចាប់​យក​ត្រូវ​ប្រគល់​ទៅ​ឲ្យ​អង្គភាព​ដើម​វិញ​»​។

ការ​ប្រកាស​ផ្ដន្ទាទោស​នេះ​ធ្វើ​ឡើង​ភ្លាមៗ​ក្រោយ​ពេល​ចៅក្រម រស់ ពិសិដ្ឋ និង​តំណាង​អយ្យការ​លោក សៀង សុខ បាន​សួរ​ដេញដោល​លើ​ជន​ជាប់ចោទ ចន វីរៈ និង​តំណាង​ជនរងគ្រោះ​រយៈពេល​ប្រមាណ​ជាមួយ​ម៉ោង ហើយ​បាន​ថយ​ទៅ​ពិចារណា​រយៈពេល​ប្រមាណ​ ១០ ​នាទី​។

ក្នុង​ដំណាក់កាល​សួរ​ដេញដោល​ជន​ជាប់ចោទ ចន វីរៈ មិន​អាច​ឆ្លើយ​នឹង​សំណួរ​ជាច្រើន​របស់​ចៅក្រម​ និង​តំណាង​អយ្យការ​ជា​ហេតុ​ធ្វើឲ្យ​ចៅក្រម​បាន​ជជីក​សួរ​ដោយ​ប្រើ​សំណួរ​នាំ​មុខ​ជាច្រើន​។ សំណួរ​ដែល ចន វីរៈ មិន​អាច​ឆ្លើយ​ភ្លាមៗ​គឺ​ពាក់ព័ន្ធ​នឹង​កាំភ្លើង​។

នៅ​ពេល​លោក រស់ ពិសិដ្ឋ សួរ​ថា តើ​កាំភ្លើង​នេះ​ជា​របស់​ផ្ទាល់​ខ្លួន ឬ​ជា​របស់​អង្គភាព ឈ្មោះ ចន វីរៈ ពីដំបូង​ឆ្លើយ​មិន​ចេញ ប៉ុន្តែ​ក្រោយ​ពេល​ចៅក្រម​ពន្យល់​បន្តិច​រួច​មក គាត់​បាន​ឆ្លើយ​ថា កាំភ្លើង​ម៉ាក Berretta ជា​របស់​អង្គភាព​មាន​ ៥ ​គ្រាប់ ប៉ុន្តែ​គាត់​បាញ់​តែ​ ១ ​គ្រាប់​ទេ​។

ជន​ជាប់ចោទ​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ដោយ​ថ្លែង​ថា​៖ «​ខ្ញុំ​ទៅ​គ្នា​ ៦ ​នាក់ ដំបូង​ទៅ​បង្ក្រាប​គ្រឿងញៀន ហើយ​ក្រោយ​មក​ក៏​បង្ក្រាប​ល្បែង​ជល់​មាន់​ដែល​មាន​អ្នក​លេង​ប្រហែល​ ៤០ ​នាក់​។ ពេល​ទៅ​ដល់​អ្នក​លេងល្បែង​រត់​ប្រសេចប្រសាច ហើយ​ប៊ិះ​ប៉ះទង្គិច​ជាមួយ​នាយ​ផ្នែក ខ្ញុំ​ក៏​បាញ់​ឡើង​លើ​មួយ​គ្រាប់​។ ពួកគេ​អត់​មាន​អាវុធ​ទេ ហើយ​អត់​បាន​មក​ប្រតាយ​ប្រតប់​ជាមួយ​ខ្ញុំ​ទេ​។ ការ​បាញ់​នេះ​មិន​មាន​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់​លើ​ទេ​»​។

ចន វីរៈ និយាយ​ថា​គេ​បាន​ធ្វើ​ជា​ប៉ូលិស​បាន​ ២ ​ឆ្នាំ ហើយ​ធ្លាប់​ផ្ទុះ​អាវុធ​ចំនួន​ ២ ​ដង​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​។

ចៅក្រម​ក៏​បាន​ឲ្យ​អ្នកស្រី ណុប សុផានី ត្រូវ​ជា​ភរិយា​របស់​ជនរងគ្រោះ សៀក រ៉ន ឡើង​ថ្លែង​អ្វី​ដែល​អ្នកស្រី​បាន​ដឹង​។ អ្នកស្រី ណុប សុផានី និយាយ​ថា​៖ «​ខ្ញុំ​កំពុង​នៅ​ក្នុង​បន្ទប់​ជាន់​ទី​ ៣ ​។ ប្តី​ខ្ញុំ​មកពី​ក្រោម គាត់​ឈរ​មើល​សមត្ថកិច្ច​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​បង្កាន់ដៃ​។ ខ្ញុំ​ឮស្នូរ​អាវុធ​ ៣ ​ទៅ​ ៤ ​គ្រាប់ ខ្ញុំ​រត់​ចេញ​មក​ឃើញ​ប្តី​ដួល ខ្ញុំ​សួរ​ថា​ម៉េច​ក៏​ដួល គាត់​ចង្អុល​ថា​​គេ​បាញ់​។ យើង​ហៅ​ឡានពេទ្យ តែ​ឡាន​មក​មិន​ទាន់​ម្ចាស់​ផ្ទះជួល​ក៏​យក​ម៉ូតូ​ជូន​ទៅ​ពេទ្យ តែ​គាត់​ស្លាប់​តាម​ផ្លូវ​បាត់​ហើយ​»​។

បើ​ទោះ​ជា​ហេតុការណ៍​បង្ក្រាប​ល្បែង​ស៊ីសង​បណ្ដាល​ឲ្យ​ស្លាប់​នេះ ទើប​កើតឡើង​បាន​ ២០ ​ថ្ងៃ​ក៏ដោយ អ្នកស្រី ណុប សុផានី បាន​អនុគ្រោះ​ដល់​ជន​ដៃដល់​ដែល​សម្លាប់​ប្តី​គាត់​ដោយ​អចេតនា

ដោយ​អ្នកស្រី​និយាយ​ថា​៖ «​កាលពី​មុន​ខ្ញុំ​អត់​ដឹង​ថា​អ្នកណា​ជា​អ្នក​បាញ់​ទេ ទើប​តែ​ឃើញ​ពេល​នេះ​ទេ​។ ខ្ញុំ​អត់​ទាមទារ​សំណង​បន្ថែម​ទេ​ ព្រោះ​គិត​ថា​នេះ​ជា​រឿង​អចេតនា​។ តែ​នេះ​ជា​មេរៀន​ទី​ ១ ​និង​ចុង​ក្រោយ​សម្រាប់​សមត្ថកិច្ច​គ្រប់​គ្នា​កុំ​ឲ្យ​មាន​រឿង​អ៊ីចឹង​ទៀត​។ វា​មិន​សម​សោះ​តែ​វា​ជា​រឿង​ចៃដន្យ​។ នេះ​ជីវិត​មនុស្ស​មិនមែន​ជីវិត​សត្វ​ទេ​»​។

អ្នកស្រី​និយាយ​ថា អ្នកស្រី​បាន​ទទួល​សំណង​ចំនួន​ ៨ ​ពាន់​ដុល្លារ​ពី​ភាគី​ក្រុម​ការងារ​របស់​ជន​ជាប់ចោទ និង​ប្រាក់​សម្រាប់​ធ្វើ​បុណ្យ​ពី​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ​។

ក្រោយ​ពេល​សួរ​ដេញដោល​តំណាង​អយ្យការ​លោក​សៀង សុខ បាន​សន្និដ្ឋាន​ដោយ​ស្នើ​ឲ្យ​តុលាការ​ «​ផ្ដន្ទាទោស​ជន​ជាប់ចោទ​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​តាម​មាត្រា ២០៧ នៃ​ក្រម​ព្រហ្មទណ្ឌ និង​ស្នើ​ឲ្យ​លោក​ចៅក្រម​ផ្តន្ទាទោស​ដោយ​ព្យួរទោស​ដើម្បី​ឲ្យ​គាត់​ត្រឡប់​ទៅ​បំពេញ​ការងារ​វិញ​»​។

លោក​ សុក សំអឿន មេធាវី និង​ជា​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ពន្យល់​ថា សាលក្រម​អាច​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​មួយ​ខែ​ «​ប៉ុន្តែ​បើ​តំណាង​អយ្យការ​ចារ​ប្រាប់​ចៅក្រម​ថា គាត់​មិន​ប្តឹង​ឧទ្ធរណ៍​សាលក្រម​នឹង​ចូល​ជា​ធរមាន​»​។

លោក​ សៀង សុខ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ​ម្សិលមិញ​។ ប៉ុន្តែ​គិត​ត្រឹម​រសៀល​ម្សិលមិញ លោក​ ពេជ្រ យ៉ុន ប្រធាន​ពន្ធនាគារ PJ ដែល​ជន​ជាប់ចោទ​ត្រូវ​ឃុំ​ខ្លួន​ទី​នោះ​ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​បាន​ដីកា​ឲ្យ​ដោះលែង​ឈ្មោះ​ ចន វីរៈ នៅ​ឡើយ​៕