ភ្នំពេញៈ នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មានកម្មវិធី​ទទួល ប្រគល់​រថយន្តចំនួន​ ១៣ គ្រឿង ពី​ក្រុមហ៊ុនចិន Prince Real Estate ដើម្បី​បម្រើ​ការ​ដល់​អង្គភាព​ចំនួន​បី​របស់​នគរបាល​។

កម្មវិធី​ដែល​មាន​ការ​ចូលរួម​ពី​លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មាន​តំណាង​ពី​ក្រុមហ៊ុន​ចិន នាព្រឹក​ថ្ងៃ​ទី ១៧ ខែ​មករា​នេះ បាន​ប្រគល់​រថយន្ត​១តោនកន្លះ​ ចំនួន​១៣គ្រឿង​។

លោក ចាន់​ ស៊ីថា ប្រធាន​អង្គភាព​អន្តរាគមន៍ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រថយន្ត​ទាំង​ ១១​ គ្រឿង​នេះ ត្រូវ​បាន​លោក​អគ្គ​ស្នងការ នេត សាវឿន បាន​សម្រេច​ប្រគល់​ឲ្យ​ អង្គភាព​អន្តរាគមន៍​ចំនួន​ ៤ គ្រឿង អង្គភាព​នគរបាល​ការ​ពារ​ចំនួន​ ៤ គ្រឿង​ និង​អង្គភាព​តម្រួត​បទ​បញ្ជា​ ចំនួន​ ៣គ្រឿង។

ចំណែក​រថយន្ត​ ២ គ្រឿងទៀត ទុក​ប្រើ​ប្រាស់​នៅ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​។

លោក​ស៊ីថា ថ្លែង​ថា ៖ «យើង​មាន​ចិត្ត​សប្បាយ​រីករាយ ដែល​មាន​មិត្ត​ចិន​ឧបត្ថម្ភ​។ ក្រោយពី​បាន​រថយន្ត​នេះ យើង​នឹង​ថែ​រក្សា​ឲ្យ​ល្អ ហើយ​យក​ចុះ​ប្រតិបត្តិការ​ឲ្យ​ល្អ»៕