ភ្នំពេញៈ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រគល់​នូវ​គោលការណ៍​​ច្រើន​ចំណុច​​​ពី​​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​បន្ថែម​ពី​លើ​ដំណើរការ​​ជា​យុទ្ធសាស្រ្ត​​កន្លង​មក​ដែល​ទំនង​ជា​​ការ​ប្តេជ្ញា​ចិត្ត​ថ្មី​មួយ​ទៀត​​ ដើម្បី​បង្កើន​ការ​ឃ្លាំ​មើល​ និង​រឹត​ត្បិត​ក្រុម​អ្នក​ប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន​ជា​អ្វី​ដែល​អតីត​អនុប្រធាន​គណបក្ស​ប្រឆាំង​ថា ជា​សកម្មភាព​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ​។

ដោយ​បាន​លើក​ឡើង​ពី​ចំណុច​ទាំងនេះ​ប្រធាន​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ឃុំ​បន្ទាយស្ទឹង​ ខេត្ត​កំពង់ធំ​ លោក សំ ស៊ុន បាន​ថ្លែង​ពី​ចំណុច​សំខាន់ៗ​ចំនួន​ ១០ ​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​សៅរ៍។

ចំណុច​ទាំង​នោះ​រាប់​ចាប់​ពី​យុទ្ធសាស្ដ្រ​អនុវត្ត​ដោយ​ផ្អែក​លើ​សកម្មភាព​ល្អៗ​របស់​គណបក្ស​...ដើម្បី​ឈ្នះឆ្នោត​ និង​ដើម្បី​បន្ត​ពង្រីក​ចលនា​របស់​ខ្លួន​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​កាន់​តែ​សកម្ម​ថែម​ទៀត​។

ចំណុច​ទី​ ៦ ​ក្នុង​ចំណុច​ទាំង​នោះ​បាន​ចែង​ថា៖ ​«[យើង​] ត្រូវ​តែ​រួបរួម​គ្នា​ដើម្បី​ចាត់​វិធានការ​ទប់ស្កាត់​ល្បិចកល​ដែល​ប៉ុនប៉ង​​រារាំង​លទ្ធិប្រជាធិបតេយ្យ​ និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា» និង​ចង្អុល​បង្ហាញ​អំពី «​ការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ពី​កម្មវិធី​នយោបាយ​ថ្មី»។

បើ​តាម​កម្មវិធី​នយោបាយ​ ៥ ​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​សប្ដាហ៍​មុន​ បាន​គូស​បញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​ការ​ឃ្លាំ​មើល​កម្លាំង​ប្រឆាំង​ និង​ទប់ស្កាត់​សកម្មភាព​ផ្សព្វផ្សាយ​ និង​ចែករំលែក​ព័ត៌មាន​ណា​ដែល​ «បំភ្លៃ​ការពិត»​។

ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន បាន​ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​គោលដៅ​ថ្មី​នេះ​គឺ​មិន​បាន​រឹតត្បឹត​សេរីភាព​ឡើយ​ តែ​ផ្ដោត​លើ​តែ​ករណី​អ្នក​ធ្វើ​ខុស​ច្បាប់​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់​ថា៖ «មិន​មាន​ការ​រឹត​បន្តឹង​សេរីភាព​ឡើយ...វា​គ្រាន់តែ​រឹត​បន្តឹង​ចំពោះ​ក្រុម​ណា​ដែល​ខុស​ច្បាប់​ប៉ុណ្ណោះ​ ហើយ​ពួកគេ​នឹង​មិន​ហ៊ាន​ធ្វើ​អ្វី​ទេ​ ពីព្រោះ​នៅ​ពេល​ពួកគេ​ធ្វើ​នោះ​ពួកគេ​អាច​ប្រឈម​​នឹង​ការ​ជាប់​ពន្ធនាគារ»​។

គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម ​សុខា ​​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោទ​ពី​បទ «ក្បត់​ជាតិ»។ បន្ទាប់មក​ទៀត​មិន​យូរ​ប៉ុន្មាន​អតីត​មន្ត្រី​គណបក្ស​ដែល​កំពុង​រស់នៅ​បរទេស​បាន​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា (CNRM) ហើយ​ជា​ការ​ឆ្លើយតប​គណបក្ស​ប្រជាជន​បាន​បាន​ចាត់​ទុក​ចលនា​នោះ​ថា​ជា «ភេរវករ» ហើយ​បាន​អះអាង​ថា​អាច​ក្លាយ​ជា«ក្រុម ISIS »។

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោកស្រី​ មូរសុខហួរ បាន​ថ្លែង​ថា​គោល​នយោបាយ​ថ្មី​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។

លោកស្រី​ថ្លែង​ក្នុង​សារ​មួយ​ថា៖ «វា​នឹង​ទទួល​បាន​ផ្ទុយ​ពី​ការ​ចង់​បាន​ ខណៈ​ដែល​ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​ជំរុញ​ឱ្យ​ស្វែងរក​ជម្រើស​ផ្សេង​ទៀត​ដូចជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ចលនា​សង្គ្រោះ​​ជាតិ( CNRM)…»។

នាយ​ប៉ុស្ដិ៍​នគរបាល​ឃុំ​បន្ទាយស្ទឹង​លោក​ ខៀវឃួត​ បាន​ថ្លែង​ថា​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ណែនាំ​រូប​លោក​ និង​កងកម្លាំង​សន្តិសុខ​នៅក្នុង​មូលដ្ឋាន​ផ្សេង​ទៀត​ឱ្យ​ធ្វើការ​ជ្រើសរើស​គោលដៅ​​អតីត​មន្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​ចាត់​វិធានការ​ឃ្លាំ​មើល​ពួកគេ​។

លោក​បាន​បន្ត​ថា៖ «បន្ទាប់ពី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ព្រម​ចូលរួម​ជាមួយ​យើង [​សន្តិសុខ] ក៏​ឃ្លាំ​មើល​ពួកគេ​ផង​ដែរ​ដើម្បី​ឲ្យ​ដឹង​ថា​តើ​ពួកគេ​ទៅ​ទី​ណា​ធ្វើ​អ្វី​ និង​និយាយ​អ្វី​ហើយ​យើង​បាន​ដាក់​បណ្តាញ​របស់​យើង​ដើម្បី​តាមដាន​ពួកគេ...ដូច្នេះ​ហើយ​យើង​អាច​រាយការណ៍​ទៅ​​ថ្នាក់​ដឹកនាំ​ខាង​លើ​បាន»​។

លោក​បាន​បន្ថែម​ថា៖ «​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ត្រូវ​សង្កេត​តាម​ដាន​មើ​ល​ថា​តើ​មាន​អ្នក​ណា​ ឬ​ក្រុម​ណា​មួយ​បង្កើត​ចលនា​ណា​អ្វី​ឬ​ទេ»​៕ NS

រាយការណ៍​បន្ថែម​ដោយ Erin Handley