ភ្នំពេញៈ ​បក្ស​កាន់​អំណាច​នឹង​ពង្រឹង​សមត្ថភាព​នៃ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ឲ្យ​កាន់តែ​រឹងមាំ​ដើម្បី​កាត់បន្ថយ​ហានិភ័យ ចំពោះ​សង្គម និង​ទប់ស្កាត់​លុប​បំបាត់​សកម្មភាព​ផ្សព្វផ្សាយ និង​ចែករំលែក​ព័ត៌មាន​ណា​ដែល​មាន​ចរិត​ញុះញង់​ «​បំភ្លៃ​ការពិត​»​។ នេះ​បើ​តាម​កម្មវិធី​នយោបាយ​ប្រាំ​ឆ្នាំ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ​។

កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឆ្នាំ ២០១៨-២០២៣ ដែល​ត្រូវ​បាន​អនុម័ត​នៅឯ​សមាជបក្ស​កាលពី​ ៣ ​សប្តាហ៍​មុន​បាន​បង្ហាញ​អំពី​ជំហាន​ បន្ទាប់​របស់​រដ្ឋាភិបាល​ជា​អ្វី​ដែល​ក្រុម​អ្នក​សង្កេតការណ៍​បាន​ពណ៌នា​ថា ជា​ការ​ប្រើ​អំណាច​ផ្តាច់ការ ហើយ​ជា​វោហារស័ព្ទ​មួយ​ដែល​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​។

បទបញ្ជា​ដែល​ដាក់​ចេញ​ដោយ​គណបក្ស​ប្រជាជន​គឺ​ «​មិន​អនុញ្ញាត​ឱ្យ​មាន​ចន្លោះប្រហោង ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការ​បង្កើត​ឡើង​នូវ​កម្លាំង​ប្រឆាំង ឬ​កងកម្លាំង​ប្រដាប់អាវុធ​ខុស​ច្បាប់​ណាមួយ​មក​បំផ្លាញ សមិទ្ធផល​នានា និង​ភាព​សុខសាន្ត​នៃ​សង្គមជាតិ​»​នោះទេ​។

កម្មវិធី​នយោបាយ​នោះ​បាន​បញ្ជាក់​ថា​៖ «​ត្រូវ​ពង្រឹង​សមត្ថភាព​នៃ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ឲ្យ​កាន់តែ​រឹងមាំ​ ដើម្បី​កាត់បន្ថយ​ហានិភ័យ ចំពោះ​សង្គម​»​។

កម្មវិធី​នយោបាយ​របស់​គណបក្ស​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​មាន​ការ​បង្ក្រាប​យ៉ាង​ទូលំទូលាយ​ទៅ​លើ​អ្នក​ប្រឆាំង​នៅ​កម្ពុជា​ ហើយ​ក្នុង​នោះ​ក៏​មាន​អ្នក​នយោបាយ​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ព្យាយាម​តាម​ចាប់​ខ្លួន​សកម្មជន​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​។

គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​មួយ​របស់​កម្ពុជា​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​រំលាយ​ដោយ​បង្ខំ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​គឺ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ដែល​នឹង​ចូល​មក​ដល់​នាពេល​ខាង​មុខ​។

ការ​បង្ក្រាប​ទាំង​នោះ​ទំនង​នៅ​មាន​បន្ត​ទៀត ខណៈ​ដែល​គណបក្ស​ប្រជាជន​កំពុង​ប្តេជ្ញា​បង្ក្រាប​រាល់​សកម្មភាព​កុបកម្ម ការ​ធ្វើ​វិទ្ធង្សនា និង​វិច្ឆេទកម្ម​គ្រប់​ប្រភេទ និង​រាំង​ស្កាត់​ឧបាយកល​របស់​ពួក​ប្រឆាំង​ដែល​ជានិច្ចកាល​តែងតែ​មាន​ការ​ចោទប្រកាន់​ថា​ជា​ករណី​ «​បដិវត្តន៍​ពណ៌​» និង​ «​ការ​ជ្រៀតជ្រែក​ពី​បរទេស​» ដែល​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ប្រើប្រាស់​ដើម្បី​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង​។ គ

ណបក្ស​កាន់​អំណាច​ក៏​នឹង​ «​ទប់ស្កាត់ និង​លុប​បំបាត់​សកម្មភាព​ផ្សព្វផ្សាយ និង​ចែក​រំលែក​ព័ត៌មាន រូបភាព ឯកសារ និង​សំណេរ ។​ល​។ ដែល​មាន​ចរិត​ញុះញង់ បំបែក​បំពាក់​បំភ្លៃ​ការពិត បំប៉ោង​សភាពការណ៍ បង្ក​អសន្តិសុខ សណ្តាប់ធ្នាប់ និង​អសីលធម៌ ប្រាសចាក​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់​ខ្មែរ​តាម​គ្រប់​រូបភាព​សំដៅ​ធានា​សន្តិភាព សន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​ និង​ភាព​ថ្នៃថ្នូរ​នៃ​សង្គមជាតិ​»​។

ទាក់ទង​ទៅ​នឹង​កងកម្លាំង​ប្រដាប់​អាវុធ​គណបក្ស​ប្រជាជន​ក៏​បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​ជំរុញ​ការ​កែទម្រង់​កងយោធពល​ខេមរភូមិន្ទ ជា​កងកម្លាំង​ដែល​មាន​ឧត្តមគតិ​ស្មោះត្រង់​ដាច់​ខាត​ចំពោះ​ជាតិ មាតុភូមិ និង​មាន​ឆន្ទៈ​ប្រយុទ្ធ​ប្តូរផ្តាច់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​ជាតិ​...​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ប្រសូត​ចេញ​ពី​ប្រជាជន​»​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន កាលពី​ថ្ងៃ​ទី​ ១២ ខែ​កុម្ភៈ​បាន​ថ្លែង​ការពារ​ខ្លឹមសារ​ឯកសារ​នេះ​ថា​៖ «​ការ​ពង្រឹង​អំណាច គឺជា​រឿង​ធម្មតា​សម្រាប់​អ្នក​ដែល​កាន់​អំណាច ពីព្រោះ​អំណាច​បាន​ប្រសូត​ចេញ​ពី​ប្រជាជន​»​។

លោក​បន្ថែម​ថា​៖ «​ចន្លោះប្រហោង​អាច​នាំ​ឲ្យ​អន្តរាយ​ដល់​សន្តិភាព និង​ស្ថិរភាព​នយោបាយ​។ យើង​អនុញ្ញាត​ឱ្យ​មាន​អ្នក​ប្រឆាំង ប៉ុន្តែ​ការប្រឆាំង​នោះ​ត្រូវ​តែ​អនុលោម​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ មិនមែន​ជា​ការ​ប្រឆាំង​ដែល​ធ្វើឲ្យ​អនាធិបតេយ្យ​នោះ​ទេ​។ បើ​សិន​យើង​មិន​ពង្រឹង​ការ​ឃ្លាំមើល [​លើ​បច្ចេកវិទ្យា​] ​ទេ​នោះ វា​នឹង​ក្លាយ​ទៅ​ជា​អនាធិបតេយ្យ ដែល​ប៉ះពាល់ និង​ជះឥទ្ធិពល​ដល់​ការ​អនុវត្ត​នីតិរដ្ឋ​តាម​លទ្ធិប្រជាធិបតេយ្យ​»​។

ប៉ុន្តែ​លោក Sebastian Strangio អ្នកនិពន្ធ​សៀវភៅ កម្ពុជា របស់​លោក​ ហ៊ុន សែន (Hun Sen''s Cambodia ) ថ្លែង​ថា ផែនការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ហាក់​មិន​សូវ​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នោះ​ទេ​ចំពោះ​ព្រឹត្តិការណ៍​ផ្សេងៗ ដែល​បាន​កើតឡើង​នៅ​ក្នុង​រយៈពេល​ ៦ ​ខែ​កន្លង​មក​នេះ​។

លោក​ថ្លែង​តាម​អ៊ីមែល​ថា​៖ «​ផែនការ​នេះ​មើល​ទៅ​ហាក់​ដូចជា​ផែនទី បង្ហាញ​ផ្លូវ​សម្រាប់​ការគ្រប់គ្រង​ជា​អចិន្ត្រៃយ៍​របស់​គណបក្ស​តែ​មួយ ទោះបី​ជា​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​តូចតាច ដែល​កំពុង​ប្រកួត​ប្រជែង​ជាមួយ​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​ក្តី​»​។

លោក​បញ្ជាក់​ថា​៖ «​ជាទូទៅ​នេះ​គឺជា​ទស្សនៈ​យូរអង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គិត​ថា​ការ​ប្រឆាំង​ពី​គណបក្ស​ប្រឆាំង​ណា​មួយ​អាច​បង្ក​ការ​គំរាម​កំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​របស់​ប្រទេស ដូច្នេះ​ហើយ​មាន​តែ​ចំណុច​នេះ​ប៉ុណ្ណោះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​មក​ដើម្បី​ធានា​ដល់​ការ​កាន់​អំណាច​ផ្តាច់​មុខ​របស់​គណបក្ស​ខ្លួន​»​។

ប៉ុន្តែ​លោក Sebastian Strangio បាន​ព្រមាន​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​ស្វែងរក​ឲ្យ​មាន​ការ​លុបបំបាត់​គណបក្ស​ប្រឆាំង​ផ្លូវការ​បាន​ងាយស្រួល​ជាង​ការ​ស្វែងរក​ឲ្យ​មាន​ការ​លុបបំបាត់​តម្រូវការ​ពី​សាធារណជន​ដែល​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ ខណៈ​ដែល​ការ​ទាមទារ​ដ៏លេចធ្លោ​ឲ្យ​មាន​កំណែទម្រង់​នយោបាយ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នោះ​។

អ្នក​វិភាគ​នយោបាយ និង​សង្គម​លោក មាស នី បាន​សង្កេត​ឃើញ​ថា​ឯកសារ​នេះ និង​បំណងប្រាថ្នា​របស់​ខ្លួន​សម្រាប់​ការ​ពង្រឹង​អំណាច គឺ​វា​បាន​រំឭក​អំពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​កាលពី ២ ទសវត្សរ៍​មុន​នៅ​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពេល​នោះ​គឺជា​គូប្រជែង​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​យក​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ១៩៩៣ ប៉ុន្តែ​បន្ទាប់​មក​ត្រូវ​បាន​បណ្តេញចេញ​ដោយ​កងទ័ព​ដែល​ស្មោះត្រង់​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ប្រយុទ្ធ​គ្នា​ដ៏បង្ហូរ​ឈាម​មួយ​។

លោក​ថ្លែង​ថា​៖ «​នេះ​គឺ​វា​ស្ទើរ​តែ​ដូច​គ្នា​ទៅ​នឹង​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅ​ឆ្នាំ​ ១៩៩៧ នៅពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រូវ​បាន​បំផ្លាញ​...​រដ្ឋប្រហារ​ឆ្នាំ ១៩៩៧ និង​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨ ប៉ុន្តែ​ក្រោយ​ឆ្នាំ ១៩៩៨ គណបក្ស​ហ៊្វុនស៊ិនប៉ិច​មិន​មាន​ឥទ្ធិពល​ទៀត​ទេ​។ ហ៊្វុនស៊ិនប៉ិច​ទាំង​មូល​ចុះ​ខ្សោយ​»​។

គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ បាន​ធ្លាក់​ចុះ​ចាប់​តាំងពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ១៩៩៨ ហើយ​ទើប​តែ​វិល​ត្រឡប់​មក​កាន់​នយោបាយ​វិញ​ បន្ទាប់ពី​ទទួល​បាន​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគច្រើន​កាលពី​ចុង​ឆ្នាំ​មុន​ប៉ុណ្ណោះ​។

លោក​ នី បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា នេះ​គឺ​ខុស​ប្លែក​ពី​ឆ្នាំ​ ១៩៩៨ ប៉ុន្តែ​នៅ​ពេល​គិត​ដល់​ព្រឹត្តិការណ៍​ដែល​កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧... ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​គឺ​វា​បាន​បង្អាក់​ពួកគេ​ទាំង​ស្រុង​...​ប៉ុន្តែ​វា​កាន់តែ​ពិបាក​ក្នុង​ការ​រំលាយ​ទឹកចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល​...»​។

លោក​ថ្លែង​ថា​៖ «​អ្នក​នយោបាយ ឬ​គណបក្ស​នយោបាយ​កម្រ​នឹង​បង្ហាញ​ភាព​ទន់ខ្សោយ​របស់​ពួកគេ​ណាស់​ ពួកគេ​ចង់​បង្ហាញ​ថា​ពួកគេ​ខ្លាំង ទោះបី​ជា​ពួកគេ​ទន់ខ្សោយ​ក្តី​ ប៉ុន្តែ​ផែនការ​នេះ​បង្ហាញ​ពី​កង្វល់​ផ្ទៃក្នុង​»៕ NS