Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ជី​អ្នក​ទោស​ត្រូវ​បន្ថយ និង​លើកលែង​ទោស​នឹង​សម្រេច​នៅ​ថ្ងៃ​នេះ

Content image - Phnom Penh Post
អ្នកទោសដែលត្រូវបានលើកលែងទោស ត្រៀម​ចាក​ចេញ​ពី​ពន្ធនាគារ​ព្រៃស​កាល​ពី​ដើម​ឆ្នាំ​នេះ។ ម៉ៃ វីរៈ

បញ្ជី​អ្នក​ទោស​ត្រូវ​បន្ថយ និង​លើកលែង​ទោស​នឹង​សម្រេច​នៅ​ថ្ងៃ​នេះ

ភ្នំពេញៈ គណៈកម្មាធិការ​លើកលែង​ទោស និង​បន្ធូរបន្ថយ​ទោស​នឹង​ប្រជុំ​សម្រេច​ជា​ចុងក្រោយ​នៅ​ថ្ងៃ​នេះ​សម្រាប់​បញ្ជី​ឈ្មោះ​អ្នក​ទោស​ដែល​នឹង​ត្រូវ​ស្នើសុំ​ព្រះរាជទាន​ពី​ព្រះមហាក្សត្រ​របស់​កម្ពុជា​ព្រះបាទ នរោត្តម សីហមុនី ជា​ការ​ជ្រើសរើស​ចេញ​ពី​បញ្ជី​ដែល​បាន​ដាក់​ពាក្យ​ទាំងអស់ ៥៦០ នាក់។

អ្នកទោស​មកពី​ខេត្ត​ចំនួន ១៩ និង​មណ្ឌល​កែប្រែ​ចំនួន ៤ រួម​ទាំង​ព្រៃស​ផង​កំពុង​ស្វែងរក​ការ​កាត់​បន្ថយ​ទោស​ និង​លើកលែង​ទោស​ក្នុង​អំឡុង​ព្រះរាជពិធី​បុណ្យ​អុំទូក​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក គឹម សន្តិភាព បាន​ថ្លែង​ថា​គណៈកម្មាធិការ​បាន​ជួបប្រជុំ​គ្នា​កាលពី​ម្សិលមិញ​ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើការ​វាយតម្លៃ​មណ្ឌល​កែប្រែ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។ លោក​បាន​ថ្លែង​ថា​​ លោក​មិន​បាន​ចាំ​ទេ​ថា​តើ​ទណ្ឌិត សេង ចិន្តា ដែល​មាន​ក្ដីក្ដាំ​ជាមួយ​គ្រួសារ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នោះ​មាន​នៅ​ក្នុង​បញ្ជី​នេះ​ឬ​អត់​នោះ​ទេ។

ភរិយា​របស់ ឧកញ៉ា ខូវ ជូលី អ្នកស្រី ចិន្តា ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​កាល​ពី​ឆ្នាំ ២០១១ ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត​ភរិយា និង​កូនស្រី​របស់​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក ស៊ុន ចាន់ថុល។

ប្រធាន​រដ្ឋសភា​លោក ហេង សំរិន និង​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​លោក អេង ឆៃអ៊ាង បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ដែល​លេចធ្លាយ​មក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​បាន​ស្នើ​សុំ​ការ​លើកលែង​ទោស​អ្នកស្រី សេង ចិន្តា និង​បាន​លើក​ឡើង​ថា​មាន​ការ​ខ្វះខាត​ភ័ស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​របស់​លោកស្រី។

អ្នក​នាំពាក្យ​នាយកដ្ឋាន​ពន្ធនាគារ​លោក សន កែវ បាន​ថ្លែង​ថា​មាន​អ្នក​ទោស​នៅ​ពន្ធនាគារ​ចំនួន ១២ ដែល​ត្រូវ​បាន​ពិនិត្យ​រហូត​មក​ទល់​ពេល​នេះ​គឺ​មិន​មាន​ឈ្មោះ​សមាជិក​គណបក្ស​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​នោះ​ទេ។

លោក សន្តិភាព បាន​បន្ថែម​ថា​អ្នក​ទោស​ដែល​បាន​ជាប់​ពន្ធនាគារ ២ ភាគ ៣ នៃ​ទោស​របស់​ខ្លួន​នឹង​មាន​សិទ្ធិ​ស្នើសុំ​ការ​លើកលែង​ទោស​ខណៈ​អ្នក​ដែល​ទើប​តែ​ជាប់​ពន្ធនាគារ​បាន ១ ភាគ ៣ អាច​ស្នើសុំ​បន្ធូរបន្ថយ​ទោស​បាន៕ PS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ