Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បណ្តាញ​សហគមន៍​រកឃើញ​ឈើ​ប្រភេទ​លេខ​ ១ ​ជិត​ ១០០ ​កំណាត់

Content image - Phnom Penh Post
គំនរ​ឈើ​ដែល​បណ្តាញ​សហគមន៍​ព្រៃឡង់​រកឃើញ​នៅ​តាម​ដង​ទន្លេ​។ រូបថត សហការី

បណ្តាញ​សហគមន៍​រកឃើញ​ឈើ​ប្រភេទ​លេខ​ ១ ​ជិត​ ១០០ ​កំណាត់

ក្រចេះ: ឈើ​ប្រភេទ​លេខ​ ១ ​ជិត​ ១០០ ​កំណាត់​ត្រូវ​បាន​ទាហាន​ម្នាក់​ដឹក​យក​ទៅ​លាក់ទុក​នៅ​ដង​ទន្លេ​មេគង្គ​ក្នុង​ភូមិ​អាជេន ឃុំ​កំពង់ចាម ស្រុក​សំបូរ​កាលពី​ព្រឹក​ម្សិលមិញ​ហើយ​ត្រូវ​បាន​បណ្តាញ​សហគមន៍​ព្រៃឡង់​តាមដាន​រកឃើញ តែ​មិន​មាន​មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​ភ្លាមៗ​នោះ​ទេ​។

ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​ពី​ព្រៃ​សហគមន៍​បឹង​ចារ​ដែល​នៅ​ជាប់​ព្រៃឡង់ ហើយ​ត្រូវ​បាន​ដឹក​តាម​គោយន្ត​យក​ទៅ​ទម្លាក់​ទុក​នៅ​ដង​ទន្លេមេគង្គ​ដោយ​ទាហាន​ម្នាក់​។ នេះ​បើ​យោង​តាម​បណ្តាញ​សហគមន៍​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​។

បណ្តាញ​សហគមន៍​វ័យ​ ៥៥ ​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​៖ «​នៅ​ផ្ទះ​ទាហាន​ហ្នឹង​មាន​គោយន្ត​ ៣ ​សម្រាប់​ដឹក​ឈើ​។ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ​អាឆែប​។ គេ​ដឹក​ឈើ​កាត់​មុខ​ខ្ញុំ ហើយ​ខ្ញុំ​តាម​ទៅ​ឃើញ​ដាក់​នៅ​ជិត​ទន្លេ​មេគង្គ​ហ្នឹង​ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ចេញ​តាម​ទូក​។ ប្រហែល​ជា​យប់​ហ្នឹង​គេ​ដឹក​ចេញ​ហើយ​»​។

លោក​បន្ត​ថា​ឈើ​ទាំង​នោះ​ជា​ប្រភេទ​សុក្រំ​ដែល​ត្រូវ​បាន​អារ​ច្រៀក​ជា​កំណាត់​ធំៗ​ចាប់​ពី​​ ២ ​ម៉ែត្រ​ទៅ​ ៥ ​ម៉ែត្រ​។

សហគមន៍​រូប​នេះ​បាន​អះអាង​ថា​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​គឺ​នៅ​តែ​កើត​មាន​ជា​ហូរហែ ខណៈ​ដែល​ការ​ចុះ​ល្បាត​មាន​កម្រិត​នៅ​ឡើយ​។

លោក​ អ៊ុំ ឃ្លោក ប្រធាន​ក្រុម​ល្បាត​សហគមន៍​បឹង​ចារ​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​។

លោក​ សេង ដារុន នាយ​សង្កាត់​ព្រៃឈើ​អូរ​គ្រៀង​ដែល​គ្រប់គ្រង​នៅ​តំបន់​នោះ​បាន​និយាយ​ថា​លោក​មិន​បាន​ដឹង​ពី​បទល្មើស​នេះ​ទេ​។

ទោះ​យ៉ាង​ណា ​លោក​បន្ថែម​ថា​ លោក​នឹង​ឲ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ពិនិត្យ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ព្រោះ​ថា​កម្លាំង​មិន​អាច​ចុះ​ទៅ​ពិនិត្យ​ទាន់​ពេល​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​ទេ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ