Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បន្ទាប់​ពី​កើត​មាន​ការ​ឆ្លង​អេដស៍ ឥឡូវ​គេ​ផ្តោត​លើ​វេជ្ជ​បណ្ឌិត​ដែល​គ្មាន​អាជ្ញាប័ណ្ណ

បង​ស្រី​ជូត​ទឹក​ភ្នែក​ខណៈ​កាន់​រូប​ថត​សុភាព​ដែល​ស្លាប់។
បង​ស្រី​ជូត​ទឹក​ភ្នែក​ខណៈ​កាន់​រូប​ថត​សុភាព​ដែល​ស្លាប់។ ម៉ៃ វីរៈ

បន្ទាប់​ពី​កើត​មាន​ការ​ឆ្លង​អេដស៍ ឥឡូវ​គេ​ផ្តោត​លើ​វេជ្ជ​បណ្ឌិត​ដែល​គ្មាន​អាជ្ញាប័ណ្ណ

សៀមរាបៈ ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​ទៅ​ឱសថស្ថាន ឬ​គ្រូ​ខ្មែរ​នៅ​ពេល​ពួក​គេ​ឈឺ។ តើ​ការ​ធ្វើ​ដូច​នេះ​ផ្តល់​នូវ​ផល​ល្អ​ឬ​ផល​អាក្រក់​អ្វី​ខ្លះ?

ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ពេល​ឈឺ ភាគ​ច្រើន​មិន​ទៅ​ពេទ្យ​រដ្ឋ​ទេ គឺ​ពេទ្យ​ឯកជន ខ្លះ​ទៅ​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ ខ្លះ​ទៅ​គ្រូ​ពេទ្យ ឬ​ឱសថស្ថាន​ឲ្យ​ចាក់​ថ្នាំ ឬ​ព្យួរ​សេរ៉ូម និង​ខ្លះ​ទៅ​គ្រូ​ខ្មែរ។ ការ​គាំពារ​សុខភាព​ឯកជន​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​កម្ពុជា ប្រើ​ប្រាស់​ច្រើន​ជាង​ប្រព័ន្ធ​គាំពារ​សុខភាព​រដ្ឋ អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដែល​ស្ថិត​នៅ​ក្រៅ​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល។

ប៉ុន្តែ​​ចាប់​តាំង​ពី​ផ្ទុះ​ឡើង​នៃ​មេរោគ​អេដស៍​កាលពី ខែ​ធ្នូ នៅ ឃុំ​រកា ខេត្ត​បាត់ដំបង គ្រូ​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ កំពុង​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ខ្លាំង​ឡើង។ ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​អេដស៍ ដែល​បាន​ឆ្លង​ទៅ​ប្រជា​ពលរដ្ឋ​ជាង ២០០ នាក់ ត្រូវ​បាន​គេ​និយាយ​ថា វា​ជា​កំហុស​របស់​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ដែល​ប្រើ​ម្ជុល​ដដែលៗ​ចាក់​ថ្នាំ។

Marie-Odile Emond អ្នក​សម្រប​សម្រួល​ប្រចាំ​ប្រទេស របស់​អង្គការ UNAIDS បាន​ថ្លែង​ថា៖ «វា​ជា​ស្ថានភាព​គួរ​ឲ្យ​ក្រៀម​ក្រំ​ណាស់ ហើយ​វិបត្តិ​មួយ​នេះ កំពុង​ធ្វើ​ឲ្យ​កម្ពុជា​ធ្វើការ​វាយ​តម្លៃ​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន​ឡើង​វិញ»។ «វា​គឺជា​ការ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​យើង​ទាំង​អស់​គ្នា​ដើម្បី​មើល​ទៅ​លើ​បញ្ញត្តិ​សុខាភិបាល​និង​បង្កើន​ការ​ដាក់​បញ្ញត្តិ និង​លទ្ធភាព​ទទួល​បាន​សេវា​សុខាភិបាល»។

រាល់​អ្នក​ជំងឺ​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ​បី​នាក់ ពួកគេ​ស្វែង​រក​ការ​ព្យាបាល​នៅ​ក្រៅ​មន្ទីរពេទ្យ​រដ្ឋ។ នេះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​គាំពារ​សុខភាព​ប្រជាសាស្ត្រ​នៅ ឆ្នាំ​២០១០ របស់​រដ្ឋាភិបាល។ អ្នក​ជំងឺ​ភាគ​ច្រើន​បំផុត​ទៅ​គ្លីនិក​ឯកជន​ចំណែក ២០ ភាគរយ​ទៀត​ទៅ​ឱសថស្ថាន​ដើម្បី​ទិញ​ថ្នាំ​តែ​ម្តង។

អ្នក​ជំងឺ​ទាំង​នោះ និយាយ​ថា ពួក​គេ​ទៅ​រក​គ្រូពេទ្យ​ឯកជន​គ្មាន​អាជ្ញាប័ណ្ណ​ដោយ​សារ​គ្រូពេទ្យ​ទាំង​នោះ​ស្ថិត​នៅ​ជិត​ពួកគេ ជាង​មន្ទីរពេទ្យ​និង​ងាយ​ស្រួល​ជាង​មន្ទីរពេទ្យ​រដ្ឋ​ដែល​សេវា​និង​ឧបករណ៍​មិន​ទំនើប​ដូច​ឯកជន​ទេ។

អ្នក​ទៅ​ពិនិត្យ​ជំងឺ​នៅ​ខាង​ក្រៅ​គ្លីនិក​ឯកជន​មួយ​ក្នុង ក្រុង​សៀមរាប កាល​ពី​សប្តាហ៍​មុន។
អ្នក​ទៅ​ពិនិត្យ​ជំងឺ​នៅ​ខាង​ក្រៅ​គ្លីនិក​ឯកជន​មួយ​ក្នុង ក្រុង​សៀមរាប កាល​ពី​សប្តាហ៍​មុន។ ម៉ៃ វីរៈ

លោក សុខ ស្រ៊ុន នាយក​ផ្នែក​សេវា​មន្ទីរពេទ្យ​នៅ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ថា៖ «ពេល​ខ្លះ គ្រូ​ពេទ្យ​តែ​មួយ​មក​ពី​មន្ទីរពេទ្យ​រដ្ឋ​ទៅ​ធ្វើ​ការ​ឯកជន​ដើម្បី​រក​ប្រាក់​បន្ថែម។ ប៉ុន្តែ​នៅ​មន្ទីរពេទ្យ​រដ្ឋ យើង​ត្រូវ​គោរព​តាម​គោល​ការណ៍​ណែនាំ។ ចំពោះ​គ្រូពេទ្យ​ឯកជន ការ​ពិនិត្យ​កាន់​តែ​ច្រើន មាន​ន័យ​ថា បាន​ប្រាក់​កាន់​តែ​ច្រើន»។

បើ​តាម​ការ​រាប់​ចុង​ក្រោយ​របស់​រដ្ឋាភិបាល មាន​តែ​គ្លីនិក​តែ ៥០០ ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​បញ្ជី។ ប៉ុន្តែ​សូម្បី​តែ​មន្ទីរពេទ្យ​មាន​អាជ្ញាប័ណ្ណ​ទាំង​នោះ​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ជា​ទៀង​ទាត់ របស់​នាយកដ្ឋាន​មន្ទីរពេទ្យ​នៃ​ក្រសួង​សុខាភិបាល និង​ត្រូវ​ធ្វើ​ការ​រាយការណ៍​ជា​ទៀង​ទាត់​ផង​ដែរ ហើយ​ជា​ផ្លូវ​ការ មិន​មាន​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​ក្នុង​ប្រទេស​កម្ពុជា​ទេ។

បន្ទាប់​ពី​ការ​ចុះ​បង្ក្រាប​បិទ​គ្លីនិក​ខុស​ច្បាប់​ចំនួន ៩០៨ កាល​ពី ឆ្នាំ​២០០៩ ការ​រាប់​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​មិន​បាន​កត់​សម្គាល់​ឃើញ​មាន​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​ទេ។ ប៉ុន្តែ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​អេដស៍​ក្នុង ឃុំ​រកា បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល ទទួល​ស្គាល់​អំពី​តម្រូវការ​ដោះ​ស្រាយ​បញ្ហា នៅ​ក្នុង​រចនា​សម្ព័ន្ធ​ប្រព័ន្ធ​សុខាភិបាល​របស់​ខ្លួន។

លោក ស្រ៊ុន បាន​បន្ថែម​ថា៖ «បច្ចុប្បន្ន យើង​មិន​ដឹង​ថា តើ​មាន​ប៉ុន្មាន​ទេ ប៉ុន្តែ​ឆាប់ៗ​នេះ យើង​នឹង​ធ្វើ​នូវ​បញ្ជី​មួយ»។

«យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ដំណើរការ​ដោយ​ខុស​ច្បាប់​និង​ចម្លង​មេរោគ និង​ជំងឺ​ឆ្លង ដូច​យើង​ឃើញ​មាន​នៅ ភូមិ​រកា បាន​ទេ»។

ការ​ចំណាយ​ខ្ពស់​លើ​ការ​ធ្វើ​ដំណើរ​ទៅ​ប៉ុស្តិ៍​សុខភាព នៅ​ឆ្ងាយ​ពី​ក្រុង​សៀមរាប នៅ​ផ្លូវ​រលាក់​មួយ ក្នុង ស្រុក​ជីក្រែង ជម្រើស​នៃ​ការ​ស្វែង​រក​សេវា​សុខភាព​នៅ​តាម​ប៉ុស្តិ៍​សុខភាព​រដ្ឋ​គឺ​តិចតួច​ណាស់ ដោយ​សារ​តែ​ថ្នាំ​មាន​លក់​នៅ​តូប​លក់​ចាប់​ហួយ ឬ​មាន​គ្រូពេទ្យ​ប្រចាំ​ភូមិ។

ចំពោះ​អ្នក ភូមិ​ខ្វាវ ការ​ទៅ​រក​សេវា​ប៉ុស្តិ៍​សុខភាព ដែល​នៅ​ជិត​បំផុត​គឺជា​ការ​លំបាក​សម្រាប់​ពួកគេ​ព្រោះ​ពួកគេ​អាច​នឹង​ចំណាយ​អស់​ប្រាក់​ចំណូល​របស់​ខ្លួន​រយៈ​ពេល ២ ថ្ងៃ​ចំពោះ​ការ​ចំណាយ​ទៅ​លើ​សោហ៊ុយ​ធ្វើ​ដំណើរ។

អ្នក​ស្រី ធុន ថុល អាយុ ៥៥ ឆ្នាំ ដែល​មិន​មាន​ម៉ូតូ​ខ្លួន​ឯង មិន​មាន​ទូរស័ព្ទ និង​ថែម​ទាំង​មិន​មាន​ផ្ទះ បន្ទាប់​ពី​ផ្ទះ​របស់​គាត់​បាន​ឆេះ ខណៈ​កំពុង​ដាំ​បាយ បាន​ថ្លែង​ថា អ្នក​ស្រី​ទទួល​បាន​តែ​ជាង​មួយ​ដុល្លារ ចំពោះ​ការ​កាប់​ដំឡូង​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​នៅ​ពេល​ចៅ​ស្រី​របស់​អ្នកស្រី​ឈ្មោះ លីលី ឈឺ​នៅ​ពេល​យប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម កាល ខែ​វិច្ឆិកា ឆ្នាំ​មុន​អ្នក​ស្រី​បាន​ហៅ​បង​ប្អូន​ប្រុស​អ្នក​ស្រី​ឲ្យ​ហៅ​ពេទ្យ​មក​ផ្ទះ​ចាក់​ថ្នាំ។

នៅ​ពេល​ព្រឹក​ឡើង​គ្រូពេទ្យ សាត ដែល​អ្នក​ភូមិ​ស្គាល់​គ្រប់​គ្នា​បាន​មក​ព្យួរ​សេរ៉ូម។ ២០ នាទី​ក្រោយ​មក ចៅ​ស្រី​អ្នក​ស្រី​បាន​ស្លាប់។ អ្នក​ស្រី ថុល ថ្លែង​ថា៖ «យើង​មិន​បន្ទោស​គ្រូ​ពេទ្យ​ទេ គាត់​តែង​តែ​ល្អ​ណាស់ ដែល​តែង​តែ​ជួយ​យើង និង​ចិត្ត​ល្អ​ឲ្យ​លុយ​យើង​ទៅ​មន្ទីរពេទ្យ​ខេត្ត»។

អ្នក​ស្រី ថុល បាន​ថ្លែង​បន្ត​ថា គ្រួសារ​អ្នក​ស្រី​ទៅ​រក​សេវា​ប៉ុស្តិ៍​សុខភាព​របស់​រដ្ឋ​នៅ​ពេល​គ្រួសារ​អ្នក​ស្រី មាន​ប្រាក់ ប៉ុន្តែ​នៅ​ពេល​មិន​មាន​ប្រាក់​គឺ​ទៅ​ទិញ​ថ្នាំ​នៅ​ក្នុង​ភូមិ​ដែល​អ្នក​ស្រី​អាច​ជំពាក់ ហើយ​សង​វិញ​នៅ​ពេល​ក្រោយ​ក៏​បាន។

កាល​ពី​សប្តាហ៍​មុន​គ្រូពេទ្យ សាត មិន​នៅ​ផ្ទះ ហើយ​មិន​អាច​ទាក់ទង​បាន​តាម​ទូរស័ព្ទ ប៉ុន្តែ​ប្រពន្ធ​របស់​គាត់​បាន​អះអាង​ថា មន្ត្រី​រដ្ឋាភិបាល បាន​ប្រាប់​គាត់​មិន​ឲ្យ​ផ្តល់​ការ​ព្យាបាល​ទៀត​ទេ បន្ទាប់​ពី​គ្រូពេទ្យ​ដទៃ​ម្នាក់​ទៀត​បាន​រាយការណ៍​អំពី​ករណី​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ឈាម​នោះ។ ប៉ុន្តែ​បើ​សូម្បី អ្នកស្រី ថុល ធ្វើ​ដំណើរ​ទៅ​ស្វែង​រក​មណ្ឌល​សុខភាព​ជិត​បំផុត​កាល​ពេល​ចៅ​ស្រី​របស់​គាត់​ឈឺ​ក៏​ដោយ ក៏​ប្រហែល​ជា​មិន​អាច​ជួយ​សង្គ្រោះ​បាន​ដែរ ដោយ​សារ​មណ្ឌល​សុខភាព​ខ្វះ​បុគ្គលិក និង​ម៉ោង​ធ្វើការ​មាន​កំណត់​គឺ​ត្រឹម​តែ​ពី​ម៉ោង ៧:៣០ ព្រឹក​ដល់ ៥ ល្ងាច។ វា​មិន​អាច​យឺត​ជាង​នេះ​បាន។

នៅ​ថ្ងៃ​ណា​ល្អ​ខ្លះ មណ្ឌល​សុខភាព​គឺមាន​ឆ្មប​ពីរ​នាក់ គិលានុបដ្ឋាយិកា​ពីរ​នាក់ និង​ប្រធាន​ម្នាក់។

លោក អឿ ម៉េង ប្រធាន​មណ្ឌល​សុខភាព​នៃ​ក្រសួង​សុខាភិបាល បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «មណ្ឌល​សុខភាព​រដ្ឋ​ទាំង​អស់​នៅ​តំបន់​ដាច់​ស្រយាល​មិន​មាន​វេជ្ជបណ្ឌិត​ទេ»។

ភាព​ភ័យ​ខ្លាច​នៅ​មន្ទីរពេទ្យ​នៅ​ពេល ភ្នំពេញ ប៉ុស្តិ៍ ចុះ​ទៅ​មណ្ឌល​សុខភាព​ខ្វាវ ក្នុង​អំឡុង​ពេល​ម៉ោង​ធ្វើការ​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បិ៍​សប្តាហ៍​មុន មាន​ម្តាយ​ជាច្រើន​នាក់ កំពុង​តែ​អង្រួន​កូន​ឈឺ​ខណៈ​ពេល​កំពុង​រង់ចាំ។

ដោយ​គ្មាន​ម៉ាស៊ីន​ថត​កាំរស្មី X ឬ គ្មាន​វេជ្ជបណ្ឌិត ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ផ្តោត​លើ​រោគ​សញ្ញា ដោយ​ករណី​ជាច្រើន ដែល​មិន​អាច​ព្យាបាល​បាន​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ដែល​មាន​ចម្ងាយ​ជាង ៧០ គីឡូម៉ែត្រ​ពី​មណ្ឌល​សុខភាព​នោះ។

ការ​សិក្សា​កាល​ពី ឆ្នាំ​២០១២ របស់​អង្គការ​សុខភាព​ពិភពលោក​បាន​រក​ឃើញ​ថា​មណ្ឌល​សុខភាព ដែល​ជា​ច្រក​បឋម​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ ដែល​មាន​ភារកិច្ច​ផ្តល់​សេវា គ្រប់​យ៉ាង ដូចជា ការ​ពិគ្រោះ​យោបល់​ដំបូង​និង​ការ​សម្រាល​កូន និង​ការ​គ្រប់​គ្រង​ជំងឺ​រ៉ាំរ៉ៃ មិន​អាច​ផ្តល់​សេវា​ពេញ​លេញ ប្រហែល​ជា ៦០ ភាគរយ។ ប៉ុន្ដែ ករណី​ភាគ​ច្រើន​ក្នុង​វិស័យ​សាធារណៈ ត្រូវ​បាន​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ជនបទ​ទាំង​នេះ ដែល​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​ចំនួន ៨ ដង​ក្នុង​មួយ​ឆ្នាំ ច្រើន​ជាង​មន្ទីរពេទ្យ បើ​ទោះ​បី​មណ្ឌល ខ្វះខាត​គ្រូពេទ្យ ឱសថ និង​ឧបករណ៍​ក្តី។

នៅ​ពេល ភ្នំពេញ ប៉ុស្តិ៍ ចុះ​ទៅ​មន្ទីរពេទ្យ​បង្អែក​សូទ្រនិគម ដែល​បម្រើ​ការ ២៤ ម៉ោង វេជ្ជបណ្ឌិត​ម្នាក់​មិន​នៅ និង​គ្រូពេទ្យ​ពីរ​នាក់ កំពុង​ធ្វើ​ការ​វះកាត់។ អ្នក​ជំងឺ​ជាច្រើន​នាក់ ដែល​ខ្លះ​រុំ​របួស​ហូរ​ឈាម​ក្បាល បាន​ដើរ​ពាស​ពេញ ហើយ​មាន​បន្ទប់​ទឹក​តែ​មួយ​គត់ និង​មាន​ឃើញ​ស្រទាប់​ឈាម និង​ទឹក​នោម។ កន្លែង​លាង​ដៃ​តែ​មួយ មាន​គំនរ​សំរាម។ គ្រែ​ដែក​ច្រែះ​ចាប់​ក្នុង​ផ្នែក​រោគ​ស្ត្រី ត្រូវ​បាន​រៀបចំ​នៅ​ជិត​គ្នា។ នៅ​ក្បែរ​មន្ទីរពេទ្យ គ្លីនិក​ឯកជន​ក្រៅ​ផ្លូវ​ការ​ដែល​មាន​ជញ្ជាំង​ស អំពូល​ម៉ែត្រ ហើយ​មាន​ទំហំ​ធំ ដែល​ចុះ​ពី​ផ្លូវ គឺជា​កន្លែង​ដែល​យ៉ាង​ហោច​ណាស់ គេ​ឃើញ​ថា មាន​អនាម័យ។

ក្រៅ​ពី​ករណី​ឆ្លង​ជំងឺ​អេដស៍​នៅ ឃុំ​រកា អ្នក​សង្កេត​ការណ៍​ជាច្រើន​នាក់​បាន​កត់​សម្គាល់​ថា វា​ពិបាក​ក្នុង​ការ​វាយតម្លៃ បើ​គិតពី​កង្វះ​នៃ​ការ​ត្រួត​ពិនិត្យ ឬ​ពត៌មាន ថា​តើ អ្នក​ផ្តល់​សេវា​ឯកជន​គ្មាន​ច្បាប់​គ្រប់​គ្រង​បង្ក​ហានិភ័យ​ច្រើន​ជាង​ប្រព័ន្ធ​សុខាភិបាល​រដ្ឋ​ឬ​យ៉ាង​ណា​ទេ?

លោក Emond នៅ​អង្គការ UNAIDS បាន​ថ្លែង​ថា៖ «វា​អាស្រ័យ​លើ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ អ្នក​ខ្លះ​ផ្តល់​សេវា​សុខភាព​មូលដ្ឋាន​ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​ផ្តល់​សេវា​កាន់​តែ​ច្រើន​ថែម​ទៀត ដែល​ពួកគេ​មិន​អាច​មាន​ជំនាញ​ដើម្បី​ផ្តល់​សេវា»។

កាល​ពី ឆ្នាំ​២០១៤ ការ​វាយតម្លៃ​នូវ​គុណភាព ថែទាំ​សុខភាព​នៅ​ក្នុង​វិស័យ​ឯកជន ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា មាន​តែ​អ្នក​ផ្តល់​សេវា​សុខភាព​ឯកជន ៥៤ ភាគរយ​ទេ ដែល​មាន​ការ​បណ្តុះ​បណ្តាល។

ក្នុង​សេណារីយោ​នៃ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជាច្រើន មាន​គ្រូពេទ្យ​តែ​មួយ​ក្នុង​ចំណោម ៣ រូប ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល អាច​កំណត់​ពី​រោគ​សញ្ញា​ជំងឺ​បាន​ត្រឹម​ត្រូវ ហើយ​ក្នុង​ចំណោម​គ្រូពេទ្យ​ដែល​គ្មាន ការ​បណ្តុះ​បណ្តាល​មាន​តែ ១៧ ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​រោគ​វិនិច្ឆ័យ និង​ប្រើ​ប្រាស់​ថ្នាំ​លើ​ករណី​នីមួយៗ​បាន​ត្រឹម​ត្រូវ។

ការ​ព្យាបាល​ឲ្យ​អ្នក​ជំងឺ​ជា​ភ្លាមៗ​ដែល​អាច​ធ្វើ​ឲ្យ​បាត់បង់​ជីវិត​ក្នុង ឃុំ​រលួស ខេត្ដ​សៀមរាប គ្រួសារ​មួយ ជឿ​ជាក់​ថា កូន​ស្រី​របស់​ពួកគេ​អាច​នឹង​មាន​ជីវិត​បើ​សិន​ជា​នាង​មិន​បាន​ព្យាបាល ដោយ​អ្នក​ផ្តល់​សេវា​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ទេ​នោះ។

កាល​ពី​ចុង ខែ​សីហា កញ្ញា ភី សុភាព អាយុ ២៣ ឆ្នាំ ឈឺ​ស្បែក​លលាដ៍​ក្បាល​នៅ​ពេល​ល្ងាច​គឺ​បន្ទាប់​ពី​មន្ទីរពេទ្យ​រដ្ឋ​បិទ​ទ្វារ។ នេះ​បើ​យោង​តាម​ម្តាយ​និង​បង​ស្រី​នាង។ ដោយ​សារ​នាង​ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ថ្ងៃ​បន្ទាប់​ជា​អ្នក​រត់​តុ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​ក្បែរ​ឧទ្យាន​អង្គរ​វត្ត នាង​ចង់​ឲ្យ​ជា​ឆាប់។ នាង​និង​ប្អូន​ស្រី​របស់​នាង​បាន​ទៅ​គ្លីនិក ហុង ម៉េងថៃ។

យោង​តាម​អ្នក​ភូមិ លោក​វេជ្ជបណ្ឌិត ហុង យឿន បាន​បន្ត​ព្យាបាល​អ្នក​ភូមិ​នៅ ឃុំ​រលួស តាំង​ពី​មុន​ពេល​មាន​ជម្រើស​ព្យាបាល​ដទៃ​ទៀត។ លោក​ទទួល​ស្គាល់​ថា គ្លីនិក​របស់​លោក​គ្មាន​អាជ្ញាប័ណ្ណ​ទេ​ហើយ​ការ​ហ្វឹក​ហាត់​វេជ្ជសាស្ត្រ​របស់​លោក​គឺ​មាន​ប្រភព​ក្នុង​ជួរ​កងទ័ព។

លោក យឿន បន្ត​ថា៖ «បន្ទាប់​ពី​របប ប៉ុល ពត ខ្ញុំ​បាន​ត្រឡប់​ទៅ ខេត្ត​សៀមរាប វិញ។ ប្រជាជន​មក​ជួប​ខ្ញុំ ដោយ​សារ​តែ​ពួក​គេ បាន​ដឹង​ឮ​ថា ខ្ញុំ​មាន​បទ​ពិសោធ​ផ្នែក​វេជ្ជសាស្ត្រ»។

នៅ​ពេល​នាង សុភាព មក​ជួប​លោក លោក​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា នាង​មាន​ប្រតិកម្ម​នឹង​ក្រែម​ធ្វើ​ឲ្យ​ស្បែក​ស។ លោក​បាន​ឲ្យ​ក្មួយ​ស្រី ដែល​ជា​ឆ្មប ចាក់​ថ្នាំ​ពីរ​ម្ជុល គឺ​មួយ​ម្ជុល​មាន​ថ្នាំ chlorpheniramine និង​មួយ​ម្ជុល​ទៀត​មាន​ថ្នាំ triamcinolone។ អ្វី​ដែល​កើត​បន្ទាប់​មក​និង​រយៈ​ពេល​ដែល​ធ្វើ​ឲ្យ​នាង សុភាព ឈឺ​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ​នាង​បាន​ត្រឡប់​មក​គ្លីនិក​ពីរ​ថ្ងៃ​ក្រោយ​មក​ដោយ​មិន​អាច​ដើរ​បាន។

លោក យឿន បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​យើង​ចាក់​ថ្នាំ​ខុស នាង​ប្រហែល​ឈឺ ឬ​ក្អួត ប៉ុន្តែ​វា​មិន​អ៊ីចឹង​ទេ»។

សុភាព បាន​ទៅ​គ្លីនិក​មួយ​ទៀត​ដែល​មាន​អាជ្ញាប័ណ្ណ​បន្ទាប់​មក​ទៅ​មន្ទីរពេទ្យ​ខេត្ត​រហូត​ដល់​វេជ្ជបណ្ឌិត និយាយ​ថា ពួក​គេ​មិន​អាច​ព្យាបាល​បាន​ទេ ហើយ​បាន​ស្នើ​ឲ្យ​ទៅ​ព្យាបាល​នៅ​ថៃ​ឬ​ប្រសិន​បើ​គ្រួសារ​គ្មាន​លទ្ធភាព​ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ក្រុង​ភ្នំពេញ។ បន្ទាប់​ពី​ដាក់​បំពង់​បញ្ចុក​អាហារ​រយៈ​ពេល ២១ ថ្ងៃ​បំពង់​ខ្យល់​សួត​សុភាព​ឈប់​ដំណើរ​ការ​ហើយ​នាង​ក៏​ស្លាប់។

ម្តាយ សុភាព ថា៖ «គ្មាន​នរណា​ម្នាក់​ប្រាប់​យើង​ថា នាង​មាន​ជំងឺ​អី​ទេ»។

យោង​តាម​មន្ទីរ​សុខាភិបាល ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា សុភាព ស្លាប់​ដោយ​សារ​តែ​ជំងឺ​ប្រព័ន្ធ​ស៊ាំ​ប្រតិកម្ម​ថ្នាំ​ជ្រុល ហៅ​ថា ជំងឺ Gullian-Barre ដែល​បាន​បណ្តាល​ឲ្យ​ខ្វិន។ ប៉ុន្តែ គ្រួសារ សុភាព និយាយ​ថា គ្មាន​នរណា​ម្នាក់​ប្រាប់​ពួក​គេ​អំពី​ជំងឺ​មួយ​នេះ​ទេ ហើយ​ពួកគេ​ថា លោក យឿន ជា​អ្នក​បង្ក។

បន្ទាប់​ពី​បាន​ខ្ចី​ប្រាក់​គេ​ជាង ៨០០០ ដុល្លារ​ដើម្បី​បង់​ថ្លៃ​ពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ពួក​គេ​កំពុង​ប្តឹង​គ្លីនិក ហុង ម៉េងថៃ ដើម្បី​ទាមទារ​សំណង​និង​បិទ​គ្លីនិក​នេះ​ចោល។

អ្នក​ស្រី ផាន សម្ផស្ស ជា​បង​ស្រី​នាង សុភាព ថ្លែង​ថា ករណី​នេះ​ស្រដៀង​គ្នា​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​នៅ ខេត្ត​បាត់ដំបង ដែរ ប៉ុន្តែ​នៅ​បាត់ដំបង​គ្រូពេទ្យ​បាន​ទទួល​ស្គាល់​កំហុស​ប៉ុន្តែ «នៅ​ទីនេះ​គ្លីនិក ហុង ម៉េងថៃ បដិសេធ​ថា វា​មិន​មែន​ជា​កំហុស​របស់​ពួក​គេ​ទេ» «ខ្ញុំ​គិត​ថា មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​គ្លីនិក​មាន​អាជ្ញាប័ណ្ណ ឬ​គ្មាន​អាជ្ញាប័ណ្ណ​នេះ​ទេ ប៉ុន្តែ​វា​បាន​កើត​រួច​មក​ហើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​ផ្សេង​ស្លាប់​ដូច​ប្អូន​ស្រី​ខ្ញុំ​ឡើយ»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ