ព្រះសីហនុៈ បុរស​ដែល​កាប់​ប្រពន្ធ​ស្លាប់​នៅ​ភូមិ​វាល ឃុំ-ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃ​ទី​ ១០ កុម្ភៈ​ត្រូវ​បាន​ព្រះរាជអាជ្ញា​ខេត្ត​នេះ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ហើយ​ បន្ទាប់ពី​សមត្ថកិច្ច​បញ្ជូន​ដល់​តុលាការ​ប៉ុន្មាន​ម៉ោង​នៅ​ថ្ងៃ​ដដែល​នោះ​។

លោក​ឧត្តមសេនីយ៍ កុល ផល្លី ស្នងការរង​ខេត្ត​ព្រះសីហនុ​ប្រាប់​ពី​ម្សិលមិញ​ថា បុរស​សង្ស័យ​នោះ​ត្រូវ​ព្រះរាជអាជ្ញា​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ហើយ​នៅ​ថ្ងៃ​ដដែល​នោះ​។

លោក​ប្រាប់​ថា​៖ «​បុរស​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​នគរបាល​ស្រុក ព្រោះ​គាត់​កាប់​ប្រពន្ធ​របស់​គាត់​ឲ្យ​ស្លាប់​ ហើយ​ព្រះរាជអាជ្ញា​បាន​ឃុំ​ខ្លួន​គាត់​ហើយ​»​។

លោក​ ទេព ណារិទ្ធ ​អធិការរង​នគរបាល​ស្រុក​កំពង់​សិលា​បាន​ឲ្យ​ដឹង​ថា​បុរស​សង្ស័យ​នោះ​ឈ្មោះ ជា នៅ អាយុ​ ៥២ ​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ឈ្មោះ សាក់ ស្រី អាយុ​ ៥៣ ​ឆ្នាំ​ជា​កសិករ ពួកគេ​រស់នៅ​ភូមិ-ឃុំ​កើតហេតុ​។

លោក​រំឭក​ប្រាប់​តាម​សម្តី​សាក្សី​ថា មុន​កើតហេតុ​វេលា​ម៉ោង​ ៥ ​ព្រឹក​ថ្ងៃ​សៅរ៍ ស្ត្រី​រងគ្រោះ​បាន​ទៅ​អង្គុយ​អាំងភ្លើង​ភ្នក់​ជាមួយ​អ្នក​ជិត​ខាង​។ ​ពេល​នោះ​ស្រាប់​តែ​ជនសង្ស័យ​បាន​កាន់​កាំបិត​ផ្កាក់​មួយ​ដើរ​សំដៅ​មក​ភ្នក់ភ្លើង​នោះ​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ថា​បុរស​នោះ​កាប់​ប្រពន្ធ​ទេ​។

លោក​បន្ត​ថា លុះ​ជនសង្ស័យ​ដើរ​មក​ជិត​ប្រពន្ធ​ក៏​យារ​កាំបិត​កាប់​តែ​ម្តង​ដោយ​ត្រូវ​ស្ត្រី​រងគ្រោះ​ចំ​គុម្ពត្រចៀក​ឆ្វេង​ ១ កាំបិត និង​ត្រូវ​គុម្ព​ត្រចៀក​ស្តាំ ១ កាំបិត ដួល​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​តែ​ជនសង្ស័យ​មិន​រត់​ទៅ​ណា​ទេ​។

លោក​អធិការរង​ប្រាប់​តាម​សម្តី​អ្នក​ភូមិ​ថា ជនសង្ស័យ​មាន​ជំងឺ​សរសៃ​ប្រសាទ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា គេ​មាន​លិខិត​បញ្ជាក់​ពី​មន្ទីរពេទ្យ​ថា​មាន​ជំងឺ​សរសៃ​ប្រសាទ​នោះ​ទេ​៕