ភ្នំពេញៈ បុរស​ម្នាក់​ដែល​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​វិហារ​នោះមានពាក់​ព័ន្ធ​នឹង​បទ​រំលោភ​សេព​សន្ថវៈ​​លើ​កុមារ​យ៉ាង​តិច ​៣ នាក់​ ខណៈ​ដែល​ការ​ប្រ​ព្រឹត្ត​មាន​រយៈ​ពេល​ប្រមា​ណ​ ១ ​ឆ្នាំ​ឬ​លើស​ពី​នោះ​។

បុរស​នោះ​មាន​អាយុ​ ៦៧ ឆ្នាំ​ ​ដែលគេ​ស្គាល់​គាត់​នៅ​ក្នុង​សហគ​មន៍​​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​កន្លង​។ នេះ​បើ​តាម​លោក James McCabe ប្រធាន​អង្គ​ការ​ការ​ពារ​កុមារ Child Protection Unit។ លោក McCabe បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ​ជន​ល្មើស​ទេ ដោយ​សា​រ​តែ​ដើម្បី​ការ​ពារ​អត្ត​សញ្ញាណ​របស់​ជនរ​ង​គ្រោះ។

ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​សេព​សន្ថវៈ​ចំនួន​២ករណី​លើ​កុមារ​​អាយុ​ពី ១១ ​ទៅ ១២​ ឆ្នាំ​ ខណៈ​ជន​រង​គ្រោះ​អាយុ ​១០ ឆ្នាំ​ម្នាក់​ទៀត​ត្រូវ​បាន​គេដឹ​ង​នៅថ្ងៃទី៨​ខែ​មករា នេះ​។

លោក McCabe បាន​ថ្លែងថា៖« ក្រុម​ការ​ងារ Taskforce Alpha 18 ជឿជាក់ថា​នឹង​មាន​ជន​រង​គ្រោះ​ជា​ច្រើន​នាក់​​ទៀត​ហើយ​នៅ​ក្នុង​តំណាក់​កាល​នេះ​យើង​បាន​រកឃើញ​ជន​រងគ្រោះ​យ៉ាង​ហោច​ណាស់​៣នាក់​​រួច​ហើយ»។

ករណី​ រំលោភ​សេព​សន្ថវៈ​ ​របស់​ជន​សង្ស័យ​នេះ​ត្រូវ​គេ​ជឿថា ​អាចបាន​ប្រព្រឹត្ត​ក្នុង​រយៈ​ពេល​ ១ ឆ្នាំ​ ឬ ​ច្រើនជាង​នេះ​នៅ​ឃុំ​ចំនួន​ពីរ​តែឈ្មោះ​ឃុំ​នោះ​មិន​ត្រូវ​បាន​ប៉ូលិស​ប្រាប់​ឲ្យ​ដឹង​ទេ។

លោកស្រី​ ប្រា​ង​ ធីតា ​អធិការ​រង​នគរបាល​ខេត្ត​ព្រះ​វិហារ​បាន​បញ្ជាក់​អំពី​ការ​ចាប់ខ្លួន​នេះ​ដោយ​លោក​ស្រី​ថា​ ជន​រង​គ្រោះ​មាន​អាយុ​ ១១ ឆ្នាំ​បាន​រង​ការ​ចាប់​រំលោភ​​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​ មក​ម៉្លេះ។

លោក​ស្រី ធីតា ​បាន​ឲ្យ​ដឹង​ថា៖ «ក្មេង​ស្រី​នោះ​បាន​លាក់​បាំង​រឿង​រ៉ាវ​ចាប់​រំលោភ​នេះ​ពី​ឪពុក​ម្តាយ​នាង​ដោយ​សារ​តែ​ជនសង្ស័យ​គំរាម​។ ប៉ុន្តែ​ ដោយ​សារ​តែ​នាង​មិនបាន​ទៅ​រៀន ​គ្រូ​បង្រៀន​របស់​នាង បាន​មក​​ផ្ទះ​របស់​ក្មេង​ស្រី​ដើម្បី​សាក​សួរ​​ហើយ​នាង​ក៏បាន​ប្រាប់​គ្រូ​របស់​នាង​អំពី​ករណី​ចាប់រំលោភនេះ»៕ NS