ភ្នំពេញៈ បុរស​ជាប់​ចោទ​ជាតិ​ ប៉ាគីស្ថាន​ម្នាក់​ ពី​ម្សិល​មិញ​បាន​ទទូច​សុំ​ចៅក្រម​នៃ​សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍​ឲ្យ​បន្ថយ​ទោស​ដល់​ខ្លួន​ពាក់ព័ន្ធ​លួច​លុយ​ពី​ទូ​ ATM បាន​ជាង​ ១ ​លាន​បាត​ នៅ​ក្រុង​ ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ឆ្នាំ​ ២០១៤។

តាម​អង្គហេតុ​បង្ហាញ​ថា ជន​ជាប់​ចោទ​ឈ្មោះ KHAN AZHAR HAMEED អាយុ ៤៨ ឆ្នាំ​ (២០១៤) ជន​ជាតិ​ ប៉ាគីស្ថាន និង​មាន​មិត្តភកិ្ត​ម្នាក់​ទៀត​ឈ្មោះ RANA TARIQ MAHMOOD ជាជនជាតិ​ ប៉ាគីស្ថាន​ដូច​គ្នា បាន​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​ដើរ​មើល​ទូ ATM។ បន្ទាប់​មក​ជន​ជាប់​ចោទ​បាន​បន្ត​ដំណើរ​ទៅ​ខេត្ត​ សៀមរាប ដោយ​ប្រកប​មុខ​ជំនួញ​តូច​មួយ​ ដើម្បី​បិទ​បាំង​សកម្មភាព​អាក្រក់​របស់​ខ្លួន ហើយ​បន្ត​ទៅ​ស្នាក់​នៅ​ក្រុង​ ប៉ោយប៉ែត​ទៀត។

អង្គហេតុ​បង្ហាញ​ទៀត​ថា ពេល​ស្នាក់​នៅ​កាស៊ីណូ​ហូលីដេ​ទីក្រុង​ ប៉ោយប៉ែត​នោះ ជន​ជាប់​ចោទ​បាន​លួច​លុយ​ពី​ទូ ATM នៅ​ក្នុង​កាស៊ីណូ​នោះ​ចំនួន ៣ លើក គឺ​ប្រព្រឹត្ត​នៅ ខែ​កុម្ភៈ ឆ្នាំ​ ២០១៤ យក​លុយ​បាន​ចំនួន លាន​បាត (៣១០០០ ដុល្លារ) ជាមួយ​ឈ្មោះ​​ RANATARIQ MAHMOOD ។

សកម្មភាព​នេះ​ត្រូវ​ម្ចាស់​កាស៊ីណូ​ដឹង​ ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់​ខ្លួន​ នៅ​ថ្ងៃ​បន្ទាប់​នោះ ឯឈ្មោះ RANATARIQ MAHMOOD គេច​ខ្លួន​បាត់។ ក្រោយ​ឃាត់​ខ្លួន​សមត្ថកិច្ច​រក​ឃើញ​ជន​ជាប់​ចោទ ​មាន​លិខិត​ឆ្លង​ដែន ២ ដែល​មួយ​ជា​លិខិត​ឆ្លងដែន​ចម្លង​​និង​មួយ​ជា​លិខិត​ឆ្លង​ដែន​ពិត មាន​រូប​ថត​គាត់​តែ​មួយ​ ប៉ុន្តែ​មាន​ហត្ថលេខា​ និង​ឈ្មោះ​ខុស​គ្នា។

សំណុំ​រឿង​នេះ កាលពី​​ឆ្នាំ​ ២០១៤ ​ត្រូវ​សាលា​ដំបូង​រាជធានី សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ៦ ​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​​បទ «លួច និង​ក្លែង​ឯកសារ​សាធារណៈ»។

លោក KHAN AZHAR HAMEED តាម​រយៈ​អ្នក​បក​ប្រែ​ឆ្លើយ​ក្នុង​សវនាការ ពី​ម្សិលមិញ​ថា ​គាត់​ទទួល​ស្គាល់​អំពើ​លួច​ពិត​ប្រាកដ​មែន តែ​ករណី​ចោទ​ពី​ក្លែង​ឯកសារ​នោះ​ គាត់​មិន​ទទួល​យក​ទេ​ ព្រោះ​លិខិត​​ឆ្លងដែន​នោះ​គាត់​មិន​បាន​ប្រើ​ប្រាស់​ទេ។

លោក K0HAN AZHAR HAMEED ថ្លែង​ថា៖ «រហូត​ដល់​​ពេល​នេះ​ ខ្ញុំ​ជាប់​គុក​បាន​ ៣ ឆ្នាំ ៦ ខែ​ហើយ​ហើយ​នៅ​សល់ ២ ឆ្នាំ​ ៥ ខែ​ទៀត​ ទើប​រួច​ទោស។​ ប៉ុន្តែ​ខ្ញុំ​សូម​តុលាការ​ ជួយ​បន្ថយ​ទោស​ដល់​ខ្ញុំ​ ព្រោះ​ខ្ញុំ​មាន​ម្តាយ​អាយុ​ ៩០ ​ឆ្នាំ​ និង​មាន​កូន​អាយុ​ ៧ ​ឆ្នាំ​នៅ​ប្រទេស​ ប៉ាគីស្ថាន»។

ប៉ុន្តែ​លោក​ព្រះរាជអាជ្ញា ឃុត​ សុភាង​ តំណាង​មហាអយ្យការ​ សន្និដ្ឋាន​ថា​ ជន​ជាប់​ចោទ​ទទួល​ស្គាល់​កំហុស​មែន​តែ​ហាក់​មិន​ទទួល​ស្គាល់​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​ទេ។ «តាម​ការ​បញ្ជាក់​របស់​ដើម​បណ្តឹង​ថា​ គាត់​ពិត​ជា​មាន​លិខិត​​ក្លែង​មែន​។​ ដូច្នេះ​ការ​សម្រេច​សេចក្តី​របស់​តុលាការ​ថ្នាក់​ក្រោម​​ ត្រឹមត្រូវ​តាម​ច្បាប់​ហើយ​​ខ្ញុំ​សូម​តម្កល់​សាលក្រម»។

លោក គិន វិបុល មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​ សន្និដ្ឋាន​ថា​ រឿង​នេះ ​ចោទ​ ២ ​ករណី​ដោយ​ ១​​អង្គហេតុ​បទ​លួច​និង ១ អង្គហេតុ​ទៀត ក្លែង​ឯកសារ។ ប៉ុន្តែ​កូនក្តី​លោក​ទទួល​យក​តែ​បទ​លួច​ទេ​ ព្រោះ​គាត់​មិន​បាន​ក្លែង​ឯកសារ​ដូចការ​ចោទ​ទេ។ «គាត់​ចង់​សុំ​តុលាការ​ព្យួរ​ទោស ដែល​​នៅ​សល់​ក្រោយ​ពី​គាត់​ជាប់​គុក​បាន​ជាង ៣ ឆ្នាំ ដើម្បី​គាត់​មាន​ឱកាស​ទៅ​ប្រទេស​គាត់​វិញ ​មើល​ថែ​ម្តាយ ​និង​កូន។ ដូច្នេះ​សូម​តុលាការ​ជួយ​បន្ថយ​ទោស​ដល់​គាត់​ផង»។

សាលដីកា​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២​ ខែ​មីនា ឆ្នាំ ២០១៨៕