ភ្នំពេញៈ បុរស​ជាប់​ចោទ​ម្នាក់​ពី​ម្សិលមិញ​បាន​បដិសេធ​នៅ​មុខ​ចៅក្រម​នៃ​តុលាការ​កំពូល​ពាក់ព័ន្ធ​នឹង​បទ​ចោទ​នាំ​យុវជន​ម្នាក់​ទៅ​ធ្វើ​កម្មករ​នេសាទ​នៅ​ប្រទេស​ថៃ​កាលពី​ឆ្នាំ​ ២០១១ ខណៈ​រូប​គេ​ត្រូវ​បាន​តុលាការ​ថ្នាក់​ក្រោម​ផ្តន្ទាទោស​ដាក់​គុក ​១៥ ​ឆ្នាំ​។

ឆ្លើយ​ក្នុង​សវនាការ ខណៈ​តុលាការ​ផ្តល់​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​ប្រាប់​ចៅក្រម​ថា ខ្លួន​ឈ្មោះ ឡូ ផល្លា អាយុ​ ៣៧ ​ឆ្នាំ​បាន​ទៅ​ធ្វើ​ជា​កម្មករ​នេសាទ​នៅ​ប្រទេស​ថៃ​។ ​លុះ​ធ្វើ​បាន​ ៦ ​ខែ ថៅកែ​បាន​រក​កម្មករ​បន្ថែម​ទើប​ខ្លួន​បាន​ទូរស័ព្ទ​មក​ប្រាប់​ប្អូនប្រុស​ឈ្មោះ ឡូ ចិន្តា ឲ្យ​ទៅ​។

ជន​ជាប់ចោទ​បន្ត​ថា​ពេល​នោះ​ប្អូន​ខ្លួន​បាន​នាំ​មនុស្ស​ក្នុង​ភូមិ​ ១១ ​នាក់​រួម​ទាំង​ជនរងគ្រោះ​ផង ហើយ​គាត់​ក៏​នាំ​ឆ្លង​ដែន​ទៅ​ដល់​កន្លែង​ធ្វើការ​របស់​គាត់​។ ​លុះ​ជនរងគ្រោះ​ចុះ​ទូក​នេសាទ​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​ពុលរលក​ហើយ​ក៏​ពឹង​ឲ្យ​គាត់​ទូរស័ព្ទ​ប្រាប់​ម្តាយ​ឲ្យ​ផ្ញើ​លុយ​ទៅ​ដើម្បី​ធ្វើ​សោហុយ​មក​កម្ពុជា​វិញ​។

ជន​ជាប់ចោទ​ថា​៖ «​ពេល​ជន​នេះ​ដល់​ផ្ទះ​ក៏​ប្តឹង​នគរបាល ហើយ​គំរាម​ចាប់​ឪពុកម្តាយ​ខ្ញុំ ពេល​នោះ​ខ្ញុំ​មក​ពី​ថៃ​ដើម្បី​បកស្រាយ​ក៏​ត្រូវ​គេ​ចាប់​ខ្ញុំ​តែ​ម្តង​។ ​ខ្ញុំ​មិន​បាន​នាំ​ជន​រងគ្រោះ​ទៅ​ទេ​តែ​គេ​លួច​ទៅ​មិន​ឲ្យ​ម្តាយ​ដឹង​។​ ខ្ញុំ​សុំ​ឲ្យ​តុលាការ​ដោះលែង​ខ្ញុំ​ដើម្បី​បាន​ប្រកប​ការងារ​ចិញ្ចឹម​ម្តាយ​ចាស់​»​។

ដោយឡែក​ឈ្មោះ ពៅ សៀងហៃ ​អាយុ​ ២៣ ​ឆ្នាំ​បាន​ឆ្លើយ​ក្នុង​សវនាការ​ពី​ម្សិលមិញ​ដែរ​ថា ជន​ជាប់ចោទ​បាន​កុហក ព្រោះ​ប្អូន​គាត់​ពេល​នោះ​ប្រាប់​ថា​ទៅ​ថៃ​រក​លុយ​បាន​ច្រើន គាត់​ក៏​លួច​ទៅ​តាម​មិន​ប្រាប់​ម្តាយ​ទេ​។ តែ​ពេល​គាត់​មិន​អាច​ធ្វើការ​បាន​ក៏​ប្រាប់ ឡូ ផល្លា ហើយ​គេ​ប្រាប់​ថា ឲ្យ​គាត់​ទូរស័ព្ទ​មក​ម្តាយ​ដើម្បី​យក​លុយ​សង​គេ ព្រោះ​គេ​ថា​ចំណាយ​លុយ​អស់​ច្រើន​ដើម្បី​រត់​ការ​។

សៀងហៃ បន្ត​ថា​៖ «​ឡូ ផល្លា ប្រាប់​ខ្ញុំ​ថា​បើ​ខ្ញុំ​មិន​សង​លុយ​ទេ គេ​នឹង​លក់​ខ្ញុំ​បន្ត​ទៀត ហើយ​រឿង​ដែល​គាត់​និយាយ​ប្រាប់​តុលាការ​ជា​ការ​កុហក​ទាំងអស់​»​។

ទោះ​យ៉ាង​ណា​លោក​ព្រះរាជអាជ្ញា​ ឌុច គឹមសន តំណាង​មហាអយ្យការ​សន្និដ្ឋាន​ថា​៖ «​ផ្អែក​លើ​សាលក្រម​ និង​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម​ និង​ពិនិត្យ​លើ​អង្គហេតុ​បង្ហាញ​ថា​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចោទប្រកាន់​។

ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​»​។

ប៉ុន្តែ​លោកស្រី ថូ ណាវី និង​លោកស្រី ផល គុណកញ្ញា មេធាវី​ចាត់តាំង​ការពារ​សិទ្ធិ​ជន​ជាប់ចោទ​សន្និដ្ឋាន​ដូច​គ្នា​ថា​រឿង​នេះ​សាលាដំបូង​ខេត្ត​កណ្តាល​បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​ ៥​ ​កក្កដា​ឆ្នាំ​ ២០១២ ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កូន​​ក្តី​លោកស្រី​ ១៥ ​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ជនរងគ្រោះ​ ៣០ ​លាន​រៀល​។ ​កូនក្តី​លោកស្រី​មិន​សុខចិត្ត​ប្តឹង​ឧទ្ធរណ៍ តែ​សាលា​ឧទ្ធរណ៍​តម្កល់​ ១៥ ​ឆ្នាំ​ដដែល​។

លោកស្រី​មេធាវី​ថា​៖ «​តាមពិត​ជនរងគ្រោះ​លួច​ទៅ​មិន​ប្រាប់​ម្តាយ​ និង​ព្រម​ទៅ​ខ្លួនឯង តែ​កូនក្តី​ខ្ញុំ​មាន​ចេតនា​ត្រឹមត្រូវ​ដើម្បី​ឲ្យ​គាត់​បាន​មក​ផ្ទះ​វិញ​។ ​សូម​តុលាការ​ឲ្យ​កូនក្តី​ខ្ញុំ​រួច​ពី​បទ​ចោទ​»​។

រីឯ​លោកស្រី យឹម ថាវី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ឈ្មោះ​ ពៅ សៀងហៃ សន្និដ្ឋាន​ថា ជន​ជាប់ចោទ​បើ​ចង់​នាំ​ប្អូន​ទៅ​ហេតុ​អី​ក៏​កៀរគរ​មនុស្ស​ទៅ​ច្រើន​ហើយ​ពួកគេ​ទៅ​សុទ្ធតែ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ទៀត​។ ​បើ​ដឹង​ថា​ខុស​ច្បាប់​ហេតុ​អី​ក៏​នាំ​ពួកគេ​ឆ្លងដែន​រហូត​ដល់​កន្លែង​ធ្វើការ​។ ​«​ខ្ញុំ​សូម​តម្កល់​សាលដីកា​របស់​សាលា​ឧទ្ធរណ៍​ទុក​ជា​បាន​ការ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ស៊ឹង បញ្ញាវុឌ្ឍ ថ្លែង​ថា​សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃ​ទី​ ២៦ កុម្ភៈ​ខាង​មុខ​៕