ព្រៃវែងៈ យុវជនវ័យ ១៨ ឆ្នាំម្នាក់ត្រូវបានតុលាការខេត្តព្រៃវែងសម្រេចឲ្យឃុំខ្លួនជាបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» ក្រោយពីយុវជននោះបានលួចបន្លំខ្លួនជាកូនកំលោះរួចចូលទៅរួមដំណេកជាមួយស្ត្រីជាកូនក្រមុំក្នុងយប់ថ្ងៃទី ១៦ ខែមករាឆ្នាំ ២០១៨ ដែលជាយប់ថ្ងៃផ្សំដំណេកក្រោយពិធីរៀបមង្គលការរបស់នាង និងបុរសម្នាក់ទៀតត្រូវបានបញ្ចប់។
លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា យុវជនដែលបានប្រព្រឹត្តបទល្មើសក្នុងករណីខាងលើនេះឈ្មោះ ឈឺន ចាន់សេង អាយុ ១៨ ឆ្នាំរស់នៅក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ជនសង្ស័យត្រូវបានស្ត្រីជាកូនក្រមុំ និង ក្រុមគ្រួសារចាប់បាននៅក្នុងបន្ទប់រួមដំណេក នាព្រឹកថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៨ ក្រោយពីបានបន្លំខ្លួនចូលរួមសេពសន្ថវៈជាមួយស្ត្រីជាកូនក្រមុំឈ្មោះ ប.ស.ជ អាយុ ១៨ ឆ្នាំរហូតបានសម្រេច ខណៈបុរសជាកូនកំលោះឈ្មោះ ស.ប រស់នៅក្រុងព្រៃវែង កំពុងបន្តការផឹកស៊ីជាមួយក្រុមគ្រួសារញាតិមិត្តរហូតស្រវឹងដេកក្រាបនៅលើតុក្រោមរោងការក្បែរផ្ទះស្ត្រីជាកូនក្រមុំរបស់ខ្លួនរហូតទល់ភ្លឺដោយមិនខ្វល់អំពីការរួមដំណេកនៅយប់ថ្ងៃដំបូងរបស់ខ្លួនឡើយ។
លោក ជីវី បានបញ្ជាក់ថា ជនសង្ស័យបានសារភាពថាគេបានលួចស្រឡាញ់ស្ត្រីជាកូនក្រមុំនោះជាយូរមកហើយ ប៉ុន្តែឪពុកម្ដាយរបស់គេក្រីក្រពេក មិនហ៊ានចូលស្ដីដណ្ដឹងនាងនោះទេ។
នៅថ្ងៃស្ត្រីរងគ្រោះរៀបការគេបានលួចមើលនាង និង បុរសជាកូនកំលោះស្ទើរគ្រប់សកម្មភាពទាំងអស់ចាប់តាំងពីពេលហែជំនូនរហូតដល់ពេលកាត់នំ និងរាំរែកព្រោះផ្ទះរបស់គេនៅក្បែរផ្ទះស្ត្រីជាកូនក្រមុំ។ លុះដល់ពិធីរាំរែកចប់ស្ត្រីជាកូនក្រមុំបានចូលទៅក្នុងបន្ទប់របស់នាង ចំណែកកូនកំលោះនៅបន្តផឹកស៊ីជាមួយបងប្អូនសាច់ញាតិនៅក្រោមរោងការក្បែរផ្ទះ ឃើញឱកាសល្អគេក៏បន្លំខ្លួនជាកូនកំលោះចូលទៅរួមរ័កជាមួយស្ត្រីជាកូនក្រមុំរហូតដល់បានសម្រេចចំនួនមួយដងហើយបន្តដេកលង់លក់ជាមួយស្ត្រីរងគ្រោះរហូតទៀបភ្លឺទើបស្ត្រីរងគ្រោះដឹងហើយស្រែកហៅឪពុកម្ដាយស្ទុះមកចាប់គេក្នុងបន្ទប់តែម្ដង។
ចំណែកលោក សៅ ចាន់ថា អធិការស្រុកកញ្ជ្រៀចបានថ្លែងថាសំណុំរឿងបញ្ជូនឡើងតុលាការចាត់ការតាមនីតិវិធីច្បាប់គេបាននិយាយថានៅក្នុងយប់ថ្ងៃកើតហេតុគេបានរួមភេទជាមួយស្ត្រីរងគ្រោះបានសម្រេចតែមួយលើកប៉ុណ្ណោះ។
លោក ចាន់ថា បានបញ្ជាក់ថា៖ «ជនសង្ស័យត្រូវបានក្រុមគ្រួសារស្ត្រីជាកូនក្រមុំរងគ្រោះចាប់បានក្នុងបន្ទប់ដេកទាំងខ្លួនអាក្រាត»។
យ៉ាងណាក៏ដោយកាលពីល្ងាចថ្ងៃពុធយុវជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តព្រៃវែងតាមបញ្ជារបស់លោក ភា ជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែងដែលបានសម្រេចចោទប្រកាន់ពីបទ «រំលោភសេពសន្ថវៈ» ដោយផ្អែកលើមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌដែលអាចជាប់គុកពី ៥ ឆ្នាំទៅ ១០ ឆ្នាំ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នលេខ ២១ ចុះថ្ងៃ ១៧ មករា ២០១៨ របស់លោកចៅក្រមស៊ើបសួរ ភា ជា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន។
ជុំវិញករណីខាងលើនេះភ្នំពេញប៉ុស្តិ៍មិនអាចស្វែងរកការទំនាក់ទំនងស្នើសុំការអធិប្បាយពីភាគីកូនកំលោះ ឬ ក្រុមគ្រួសារកូនកំលោះបានទេកាលពីម្សិលមិញ។ ប៉ុន្តែបើយោងតាមការអះអាងរបស់អ្នកស្រី លាត ឈាត មេភូមិឆ្ពឹសក្រោយពីកើតរឿងហេតុដ៏អាក្រក់ខាងលើនេះក្រុមគ្រួសារខាងកូនកំលោះ បានបដិសេធស្ត្រីជាកូនក្រមុំរងគ្រោះជាកូនប្រសា និងមិនអនុញ្ញាតឲ្យបុរសជាកូនកំលោះដែលជាកូនប្រុសរបស់ពួកគេទទួលស្គាល់ស្ត្រីរងគ្រោះជាប្រពន្ធឡើយ មិនតែប៉ុណ្ណោះបានទាមទារឲ្យខាងឪពុកម្ដាយស្ត្រីជាកូនក្រមុំរងគ្រោះ សងថ្លៃបង្គាប់គ្រឿងបណ្ណាការចំនួន ១៤០០ ដុល្លារថែមទៀត។
អ្នកស្រី ឈាត បានបញ្ជាក់ថា៖ «ក្នុងករណីនេះយើងមានការអាណិតអាសូរស្ត្រីជាកូនក្រមុំ និងក្រុមគ្រួសាររបស់នាងខ្លាំងណាស់ព្រោះនេះជាក្ដីអាម៉ាស់មួយដ៏ធំ។ ឪពុកម្ដាយខាងប្រុសបាននាំកូនប្រុសរបស់ពួកគេត្រឡប់ទៅស្រុកវិញដោយមិននិយាយស្ដីអ្វីទាំងអស់ក្រៅពីទារប្រាក់បណ្ណាការវិញចំនួន ១៤០០ ដុល្លារនោះ»។
បើគិតតាមផ្លូវច្បាប់ករណីបែបនេះឪពុកម្ដាយខាងស្ត្រីជាកូនក្រមុំរងគ្រោះអាចមិនបង់សងថ្លៃបណ្ណាការនោះព្រោះវាត្រូវបានចំណាយទៅលើពិធីមង្គលការអស់ទៅហើយ។ នេះបើយោងតាមការលើកឡើងរបស់អ្នកស្រី គឹម លី អ្នកសម្របសម្រួលអង្គការអាដហុក ខេត្តព្រៃវែង៕