ភ្នំពេញៈសាលា​​ឧទ្ធរណ៍​ កាល​ពី​ម្សិលមិញ​​ បាន​ប្រកាស​សាលដីកា​ សម្រេច​តម្កល់​ទោស​​​​ ២​​នាក់​ប្តី​ប្រពន្ធ​ឲ្យ​ជាប់​ពន្ធនា​គារ​​​​ក្នុង​ម្នាក់​ ៦​ និង ៨ឆ្នាំ​ដដែល ពាក់ព័ន្ធ​​បទ​ចោទ​ជួញដូរ​គ្រឿង​ញៀន​​យ៉ាម៉ា​ចំនួន​​ ៥២៤​​ គ្រាប់ ​​និង​ម៉ាទឹក​កក​ចំនួន​៣៣ ​កញ្ចប់​នៅ​ភូមិ​នាង​កុក​ ឃុំ​បាក់​ខ្លង ​ស្រុក​បណ្ឌលសិមា​ ខេត្ត​កោះកុង​ កាល​ពី​ឆ្នាំ ​២​០​១​៦​។

លោក ​យន់​ ណារ៉ុង​ចៅក្រម​ប្រឹក្សា​ជំនុំជម្រះ​​ បាន​អាន​សាលដីកា​កំបាំង​មុខ​ជនជាប់ចោទ​ទាំង ​២ ​នាក់​ថា​​ឈ្មោះ​ សៅ ​​​សុខ​ណា​ និង​ប្តី​ឈ្មោះ​​ សុយ ​​ប៉ូឡូញ​ ត្រូវ​​បាន​ជំនុំជម្រះ​ កាល​ពី​ថ្ងៃ​ទី ២២ ខែ​មករា ឆ្នាំ ២០១៨ ពាក់ព័ន្ធ​បទ​ជួញដូរ​គ្រឿង​ញៀន​ ហើយ​​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ សម្រេច​ថា​ តម្កល់​សាលក្រម​ជន​ទាំង​ពីរ​ឲ្យ​នៅ​ដដែល។

​កាល​ពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០១៧ សាលា​ដំបូង​ខេត្ត​កោះ​កុង បាន​សម្រេច​ផ្តន្ទា​ទោស​ស្ត្រី​ជាប់​ចោទ សៅ សុខណា អាយុ ៤៨ ឆ្នាំ ឲ្យ​ជាប់​ពន្ធនាគារ ៨ ឆ្នាំ និង​បុរស​ជា​ប្តី ឈ្មោះ សុយ​ ប៉ូឡូញ​ អាយុ​ ៤៩ ​ឆ្នាំ​ ឲ្យ​ជាប់​ពន្ធ​នាគារ ៦ ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​​​«​ជួញដូរ​និង​រក្សា​ទុក​គ្រឿងញៀន​ខុស​ច្បាប់​»​​៕