ភ្នំពេញៈ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​កាលពី​ម្សិលមិញ​បាន​បើក​សម័យ​ប្រជុំ​លើក​ទី​ ២៩ ​ក្រោម​ព្រះរាជាធិបតី​របស់​ព្រះមហាក្សត្រ​កម្ពុជា​ដោយ​សម្រេច​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ ១០ ក្នុង​នោះ​ក៏​មាន​ការ​ដាក់​ពិន័យ​ដល់​ចៅក្រម​ ១២ ​រូប​ និង​ព្រះរាជអាជ្ញា​ ៥ ​រូប​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​ភារកិច្ច​ «​ដោយ​ការ​ភ្លេចភ្លាំង​» ​ផង​ដែរ​។

លោក សំ ប្រជាមានិត អគ្គលេខាធិការ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ថ្លែង​ក្រោយ​កិច្ចប្រជុំ​ថា ពិន័យ​សម្រាប់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ទាំងនោះ «​ភាគច្រើន​ជា​ការ​ស្តីបន្ទោស​ផ្ទាល់​មាត់ ពិន័យ​ចុះ​ក្នុង​សំណុំ​លិខិត​ផ្ទាល់​ខ្លួន តែ​ប៉ុណ្ណឹង​មិនមែន​ពិន័យ​អី​ធំ​ពេក​ទេ ព្រោះ​នេះ​​ស្ថិត​ក្នុង​នីតិវិធី​តូចតាច​ការ​ភ្លេច​របស់​គាត់​តែ​ប៉ុណ្ណឹង​។ ​ការងារ​​ផ្នែក​រដ្ឋបាល​ដែល​គាត់​ភ្លេចភ្លាំង​មួយ​ចំនួន​តូច​»​។

លោក​បន្ថែម​ថា ប្រសិន​បើ​មាន​ការ​ពិន័យ​ដោយ​កំហុស​ធំ​​ដុំ​នោះ​នឹង​មាន​ព្រះរាជក្រឹត្យ​​ដូច​ករណី​ដែល​ធ្លាប់​បាន​ធ្វើ​ពី​ពេល​មុន ហើយ​ថា​លោក​មិន​អាច​បញ្ចេញ​ឈ្មោះ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​រង​ពិន័យ​នោះ​បាន​ទេ​។

យ៉ាង​ណា​ក៏ដោយ​លោក សំ ប្រជាមានិត បាន​ឲ្យ​ដឹង​ដែរ​ថា ប្រធាន​សាលា​ដំបូង​ ២ ​រូប​ត្រូវ​បាន​ផ្ទេរ​កន្លែង​បំពេញ​ការងារ​កន្លែង​ថ្មី​គឺ​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃវែង​លោក​ សុខ កល្យាណ ត្រូវ​ផ្ទេរ​ទៅ​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ហើយ​លោក ម៉ុង មុន្នីចរិយា ដែល​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ត្រូវ​ផ្ទេរ​មក​ទទួល​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រៃវែង​វិញ​។

លោក​ថា​ ការ​ផ្ទេរ​នេះ «​វា​ជា​រឿង​ធម្មតា​ដូចជា​ការ​ផ្លាស់​ប្តូរ​មន្ត្រីរាជការ​ធម្មតា​ទេ​»​។

ជាមួយ​នេះ​ដែរ​អង្គប្រជុំ​នេះ​​ក៏​បាន​សម្រេច​ដាក់​ឲ្យ​លោក សាំង សេរី អតីត​ចៅក្រម​សាលា​ដំបូង​ខេត្ត​កោះកុង​ចូល​បំពេញ​ការងារ​វិញ​ដោយ​ត្រូវ​​ទៅ​បំពេញ​ការងារ​នៅ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​។

ចៅក្រម សាំង សេរី ធ្លាប់​ត្រូវ​បាន​ដាក់​ពិន័យ​កាលពី​ខែ​មីនា ឆ្នាំ​ ២០១៧ ដោយ​តម្រូវ​ឲ្យ​ទៅ​ទទួល​ការ​បណ្ដុះបណ្ដាល​បន្ថែម និង​ព្យួរ​ការងារ​មិន​ឲ្យ​មាន​ប្រាក់បៀវត្សរ៍​អស់​រយៈពេល​ ៩ ​ខែ​។

លោក ប្រជាមានិត ថ្លែង​ថា​ការ​សម្រេច​ឲ្យ​លោក សាំង សេរី វិល​ចូល​ការងារ​វិញ​នេះ​គឺ​ដោយសារ​​ «​គាត់​បាន​រៀបរយ​ការងារ​គាត់​ល្អ​ឡើង​វិញ​ហើយ​»​។

លោក អ៊ិន គង់ជិត មន្ដ្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះកុង​បាន​ថ្លែង​ថា លោក​មិន​ដឹង​ច្បាស់​ករណី​លោក សាំង សេរី ទេ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ជាទូទៅ​ថា ចៅក្រម សាំង សេរី បាន​បំពេញ​ការងារ​ល្អ​​ប្រសើរ លើកលែង​ត្រង់​គាត់​ឧស្សាហ៍​អវត្តមាន​។

លោក​បន្ត​ថា​៖ «​គាត់​អនុវត្ត​វិជ្ជាជីវៈ​របស់​គាត់ គាត់​មិន​មាន​រឿង​អាស្រូវ មិន​សូវ​មាន​គេ​និយាយ​ដើម​។ យើង​មិន​ដឹង​មូលហេតុ​នៃ​ការ​ដាក់​ពិន័យ​គាត់​ទេ តែ​ការ​សង្កេត​ខាង​ក្រៅ គាត់​អត់​ធ្លាប់​មាន​បញ្ហា​អី​ធ្ងន់ធ្ងរ​ផង​។ កំហុស​ដែល​គាត់​ធ្លាប់​មាន​ គឺ​ច្រើន​តែ​អវត្តមាន​»​។

លោក​បន្ដ​ទៀត​ថា​ចៅក្រម សាំង សេរី «​កាលពី​ខែ​សីហា ២០១៦ គាត់​សម្រេច​លើក​លែង​ចោទប្រកាន់​សកម្មជន​​ដីធ្លី​ម្នាក់​នៅ​ខេត្ត​កោះកុង​»​។

លោក ឌិត មន្ទី ប្រធាន​តុលាការ​កំពូល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិន័យ​បដិសេធ​អត្ថាធិប្បាយ​ករណី​ដាក់​ពិន័យ​នេះ ខណៈ​លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញា​នៃ​តុលាការ​កំពូល​​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិន័យ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​។

ទាក់ទិន​នឹង​ការ​ដាក់​ពិន័យ​នេះ​លោក សន ជ័យ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​យល់​ថា​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​ប្រព្រឹត្ត​ខុស គួរ​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ​ដើម្បី​ឲ្យ​សាធារណជន​បាន​ដឹង​។

លោក​ថា​៖ «​ចៅក្រម​ធ្វើ​ខុស​ហើយ​មិន​ហ៊ាន​ប្រកាស​ជា​សាធារណៈ ខណៈ​ដែល​ពលរដ្ឋ​ និង​អ្នក​នយោបាយ​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​ត្រូវ​បាន​គេ​ដាក់​ខ្នោះដៃ​។ ការ​កែលម្អ​ការងារ​របស់​ចៅក្រម​គួរតែ​បង្ហាញ​​ឈ្មោះ បង្ហាញ​ទីកន្លែង​ធ្វើការ​ជាដើម​ជា​ប្រយោជន៍​ដើម្បី​កុំ​ឲ្យ​ការ​ប្រព្រឹត្ត​ដោយ​កំហុស​ហ្នឹង​កើតឡើង​តទៅ​ទៀត​»​។

លោក​ថា​ប្រសិន​បើ​លើក​ហេតុផល​ថា ដោយសារ​តែ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​បាន​ប្រព្រឹត្ត​កំហុស​រដ្ឋបាល​តូចតាច​មែន​នោះ កំហុស​បែប​នេះ​មិន​គួរ​លើក​មក​វែកញែក​ធំដុំ​ទេ «​ព្រោះ​ការ​ប្រជុំ​លើ​ការងារ​របស់​ចៅក្រម​គួរ​ពិនិត្យ​មើល​លើ​ការងារ​សំខាន់ៗ​ជា​ជាង​យក​កំហុស​កំប៉ិក​កំប៉ុក ក្រោម​ព្រះរាជា​អធិបតី​នៃ​អង្គ​ព្រះមហាក្សត្រ​វា​ជា​រឿង​មួយ​មិន​ល្អ​មើល​»​។

លោក​បន្ត​ថា​៖ «​ក្នុង​ប្រទេស​យើង​ស្ថាប័ន​តុលាការ​នេះ​ត្រូវ​បាន​គេ​រិះគន់​ច្រើន​ណាស់​។ អ្នកក្រ គាត់​គិត​ថា​រឿង​ក្តី​គាត់​មិន​ទទួល​បាន​យុត្តិធម៌​ទេ បើ​រឿង​ក្តី​គាត់​ចូល​ទៅ​តុលាការ​»​។

កាលពី​ឆ្នាំ​មុន ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សៀមរាប លោក សំរិទ្ធ សុខុន ត្រូវ​បាន​រាយការណ៍​ថា បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​ស្លាប់​។ ករណី​មួយ​ទៀត​នៅ​ខេត្ត​កំពង់ស្ពឺ ចៅក្រម​ឈ្មោះ ម៉ែន វណ្ណៈ ត្រូវ​បាន​រាយការណ៍​ថា​បាន​យក​កាំភ្លើង​ភ្ជង់​ក្រឡា​បញ្ជី​ដែល​ពិការ​ជើង​។ ​ប៉ុន្តែ​ថា​តើ​គាត់​ទាំង​ ២​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ១៧ ​រូប​ ឬ​​យ៉ាង​ណា ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ស្ថាប័ន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​បាន​ទេ​កាលពី​ម្សិលមិញ​។

យ៉ាង​ណា​ក្ដី​ នៅ​ក្នុង​ពិធី​បិទ​​ព្រះមហាក្សត្រ​ បាន​ថ្លែង​អំណរ​​គុណ​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​​នៃ​អង្គចៅក្រម​ដែល​បាន​យក​ចិត្ត​​ទុក​ដាក់​បំពេញ​ការងារ​ប្រកប​​ដោយ​ជោគជ័យ​ និង​បរិយាកាស​​ល្អ​ប្រសើរ​៕