កោះកុងៈ មន្ត្រី​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្រុម​អ្នក​អភិរក្ស​របស់​រដ្ឋបាល​ជលផល​ និង​អង្គការ​ WCS ​រួមទាំង​ប្រជាជន​សហគមន៍​បាន​រកឃើញ​សម្បុក​អណ្តើក​ហ្លួង​ ១ ​សំបុក​ដែល​មាន​ពង​ ១៦ ​គ្រាប់​នៅ​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ក្នុង​ខេត្ត​កោះកុង​ដែល​ជា​ការ​រកឃើញ​ថ្មី​នៅ​ដើម​ឆ្នាំ​នេះ​។

លោក អេង ម៉េងអ៊ី មន្ត្រី​ទំនាក់ទំនង​នៃ​អង្គការ ​(WCS) ថ្លែង​ថា​សម្បុក​អណ្ដើក​ហ្លួង​ ១ នេះ​ត្រូវ​បាន​រកឃើញ​កាលពី​ថ្ងៃ​ទី​ ៣ ខែ​កុម្ភៈ​ឆ្នាំ​នេះ​នៅ​ភូមិ​ព្រះអង្គកែវ ស្រុក​ស្រែអំបិល​។

លោក​បាន​បញ្ជាក់​ថា​៖ «​វា​​គឺជា​សម្បុក​អណ្តើក​ហ្លួង​ទី​ ១ ​ដែល​ត្រូវ​បាន​រកឃើញ​នៅ​ឆ្នាំ ​២០១៨​នេះ​។ បច្ចុប្បន្ន​ អង្គការ ​WCS បាន​ជួល​សមាជិក​សហគមន៍​ ៤ ​នាក់​ឲ្យ​យាម​សម្បុក​អណ្តើក​ហ្លួង​នេះ​រហូត​ដល់​វា​ញាស់​»​។

លោក ម៉េងអ៊ី បាន​បន្ត​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្រុម​អ្នក​អភិរក្ស​បាន​រុករក​ឃើញ​សម្បុក​ពង​កូន​របស់​អណ្តើក​ហ្លួង​តែ​ ៣ ប៉ុណ្ណោះ​។

អណ្តើក​ហ្លួង​ ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ ​IUCN ជា​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​បំផុត និង​ស្ថិត​ក្នុង​ចំណោម​អណ្តើក​ទាំង​ ២៥ ​ប្រភេទ​ដែល​កំពុង​រងគ្រោះថ្នាក់​ខ្លាំង​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។

ការ​ដាក់​ឈ្មោះ​អណ្តើក​ហ្លួង​យ៉ាង​ដូច្នេះ ពីព្រោះ​កាលពី​មុន​មាន​តែ​គ្រួសារ​រាជវង្ស​ប៉ុណ្ណោះ​ដែល​អាច​សោយ​ពង​វា​បាន​។ ព្រះរាជក្រឹត្យ​​ នស/រកត/០៣០៥/១៤៩ ​ចុះ​ថ្ងៃ​ទី​ ២១ ខែ​មីនា ឆ្នាំ​ ២០០៥ ​បាន​ដាក់​បញ្ចូល​អណ្តើក​ហ្លួង​ជា​ប្រភេទ​សត្វ​ល្មូន​តំណាង​​ឲ្យ​ប្រទេស​កម្ពុជា​។

បើ​តាម​លោក អ៊ីន ហ៊ុល ចាប់ពី​ពេល​នេះ​រហូត​ដល់​ខែ​មីនា​គឺជា​រដូវ​ពង​កូន​របស់​សត្វ​អណ្តើក​ហ្លួង​ហើយ​ក្រុម​អ្នក​អភិរក្ស​កំពុង​សហការ​ជាមួយ​ប្រជាជន​សហគមន៍​ដើរ​ស្វែងរក​ទីតាំង​សម្បុក​ពង​កូន​របស់​ពួកវា និង​រក្សា​ការពារ​រហូត​ដល់​កូន​វា​ញាស់​។

លោក​ថ្លែង​ថា​៖ «​ពងអណ្ដើក​ហ្លួង​ញាស់​ក្នុង​ចន្លោះ​ពេល​ពី​ ៩០ ថ្ងៃ​ទៅ​ ១០០ ​ថ្ងៃ ក្រោយ​ពី​វា​ញាស់​ហើយ​នោះ ក្រុម​ការងារ​យើង​នឹង​យក​វា​ទៅ​មជ្ឈមណ្ឌល អភិរក្ស​សត្វ​ល្មូន​ខេត្ត​កោះកុង​ដើម្បី​ចិញ្ចឹម​និង​ថែរក្សា​រហូត​ដល់​ពួកវា​ធំ​ពេញ​វ័យ​ទើប​លែង​ទៅ​ក្នុង​ធម្មជាតិ​វិញ​»​។

ជាមួយ​គ្នា​នេះ​ លោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​៖ «​ការ​ប្រមូល​យក​ពង​កូន​ ឬ​ក៏​ចាប់​យក​មេអណ្តើក​ហ្លួង​មក​លក់​ ឬ​យក​មក​ហូប​គឺជា​សកម្មភាព​ខុស​ច្បាប់ ដែល​នឹង​ត្រូវ​ប្រឈមមុខ​នឹង​ការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៣ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​តាម​មាត្រា​ ៩៨ ​នៃ​ច្បាប់​ស្ដីពី​ជលផល​»​។

អណ្តើក​ហ្លួង​ធ្លាប់​ត្រូវ​បាន​គេ​គិត​ថា ផុត​ពូជ​ពី​កម្ពុជា​ទៅ​ហើយ​រហូត​ដល់​ឆ្នាំ​ ២០០០ ​នៅ​​ពេល​រដ្ឋបាល​ជលផល​ និង​អង្គការ​ WCS បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​ចំនួន​សេសសល់​តិចតួច​នៅ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​ក្នុង​ឆ្នាំ​ ២០០១ ​រដ្ឋបាល​ជលផល​ និង​អង្គការ​ WCS ​បាន​រៀបចំ​កម្មវិធី​ការពារ​សម្បុក​ដោយ​មាន​ការ​ចូលរួម​ពី​ប្រជាសហគមន៍​នៅ​ស្រុកស្រែ​អំបិល​ដោយ​បាន​ជ្រើសរើស​យក​អតីត​អ្នក​ប្រមូល​ពង​ និង​កូន​សត្វ​អណ្តើក​ហ្លួង​ឲ្យ​ចូល​បម្រើ​ការងារ​ជា​បុគ្គលិក​គម្រោង ដើម្បី​ស្វែងរក​ និង​ការពារ​សម្បុក សត្វ​អណ្តើក​ហ្លួង​ជំនួស​ឲ្យ​ការ​ប្រមូល​យក​ពង​កូន​ទៅ​លក់​។

លោក សោម ស៊ីថា ទីប្រឹក្សា​បច្ចេកទេស​គម្រោង​អភិរក្ស​ប្រចាំ​ខេត្ត​កោះកុង​នៃ​អង្គការ​ WCS បាន​ថ្លែង​ថា​៖ «​ទោះបី​ទទួល​បាន​ជោគជ័យ ក្រោយ​ពេល​រកឃើញ​ពួក​វា​ម្តង​ទៀត​នៅ​ក្នុង​ឆ្នាំ​ ២០០០ អណ្តើក​ហ្លួង​នៅ​តែ​ប្រឈម​នឹង​ការ​ផុត​ពូជ​។ ​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ជា​ទីជម្រក​ និង​ការ​នេសាទ​ខុស​ច្បាប់​កំពុង​តែ​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​សត្វ​អណ្តើក​ហ្លួង​»៕