ភ្នំពេញៈ កាលពី ១៣ ឆ្នាំ​មុន​បុរស​ ២ ​នាក់​បាន​មក​ផ្ទះ​របស់​អ្នកនាង អេង ពៅ ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​បាន​គោះ​ទ្វារ​ផ្ទះ​របស់​នាង​។ អ្នកនាង ពៅ ដែល​កាល​ពេល​នោះ​អាយុ​ប្រមាណ​ជា ២១ ​ឆ្នាំ​មិន​បាន​ចាំ​ឈ្មោះ​ពួកគេ​ទេ​។

អ្វី​ដែល​នាង​ចាំ​គឺ​ពួកគេ​សន្យា​ផ្តល់​ឲ្យ​នូវ​ការងារ​ជា​ស្ត្រី​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ប្រាក់ខែ ១៨០ ដុល្លារ​ក្នុង​មួយ​ខែ​ជាមួយ​និយោជក​ចិត្ត​ល្អ​ផ្តល់​អាហារ​ហូបចុក សម្លៀកបំពាក់ និង​សេរីភាព​ទូរស័ព្ទ​មក​ផ្ទះ​តាម​ការ​ចង់​។

១៣ ឆ្នាំ​ក្រោយ​មក​អ្នកនាង​ អេង ពៅ ទើប​ដឹង​ថា​នាង​គឺជា​ទាសករ​ម្នាក់​។ អ្នកនាង ​ពៅ បាន​ថ្លែង​ខណៈ​កំពុង​ជូត​ទឹកភ្នែក និង​រៀបរាប់​អំពី​ការ​រំលោភ​បំពាន​រយៈពេល​ជាង​មួយ​ទសវត្សរ៍ និង​ការ​រត់​គេច​ដែល​បាន​ធ្វើឲ្យ​អ្នកនាង ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​វិញ​តាមរយៈ​ការ​ជួយ​ពី​ក្រសួង​ការងារ​កាលពី​ខែ​មុន​ថា​៖ «[​ខណៈ​កំពុង​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​] ខ្ញុំ​ស្ទើរ​តែ​បាត់បង់​ជីវិត​»​។

អ្នកនាង ពៅ ឥឡូវ​នេះ​គឺជា​ស្ត្រី​ទី​ ២ ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​ពី​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​ប្រមាណ ១០០ នាក់​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​លោក​អះ​ម៉ាត់ យ៉ះយ៉ា ដែល​ជា​មេដឹកនាំ​សហគមន៍​អ៊ិស្លាម​ក្នុង​ឆ្នាំ​​ ២០០៥ ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក្រោម​កម្មវិធី​ដែល​ក្រសួង​ការងារ​ឥឡូវ​នេះ និយាយ​ថា​ខុស​ច្បាប់​។

លោក យ៉ះយ៉ា បាន​ទទូច​ថា​លោក​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការ​អនុញ្ញាត​ច្បាស់លាស់​ក្នុង​ការ​ជ្រើសរើស និង​បញ្ជូន​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ តាមរយៈ​ប្រកាស​មួយ​ស្តីពី​ «​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ACCEPT Group ជ្រើសរើស​បណ្តុះបណ្តាល បញ្ជូន​និង គ្រប់គ្រង​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​] ដែល​ចុះហត្ថលេខា​ដោយ​លោក ញ៉េប ប៊ុនជិន ដែល​ជា​រដ្ឋមន្ត្រី​ការងារ​កាល​ពេល​នោះ និង​ជា​តំណាងរាស្ត្រ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន​។

ប៉ុន្តែ​លោក ប៊ុនជិន នៅ​ពេល​ទាក់ទង​បាន​ថ្លែង​ថា​លោក​បាន​ផ្តល់​ការ​អនុញ្ញាត​ដល់​លោក យ៉ះយ៉ា តែ​ដើម្បី​ «​ស្វែងរក​ទីផ្សារ​» ហើយ​រាយការណ៍​មក​ក្រសួង​វិញ​។

លោក ប៊ុនជិន ថ្លែង​ថា​៖ «​ខ្ញុំ​និយាយ​ថា​នេះ​ជា​ពេលវេលា​ត្រឹមត្រូវ ដោយសារ​ទីផ្សារ​បាន​បើកចំហ​មួយរយៈ​ហើយ​វា​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​ស្វែងរក និង​បញ្ជូន​ពលករ​ចំណាកស្រុក​ទៅ​ប្រទេស​ផ្សេងៗ​» ​។

ទោះបី​យ៉ាង​ណា​ក្តី​លោក​បន្ត​ថា​៖ «​ខ្ញុំ​ប្រាកដ​ថា ខ្ញុំ​មិន​បាន​ផ្តល់​សិទ្ធិ​នូវ​កិច្ចព្រមព្រៀង​បច្ចេកទេស​ណា​មួយ​ដើម្បី​បញ្ជូន​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នោះ​ទេ​»​។

គេ​មិន​ដឹង​ថា​តើ​មាន​ស្ត្រី​ចំនួន​ប៉ុន្មាន​នាក់​នៅ​ក្នុង​ក្រុម​របស់​អ្នកនាង ពៅ មាន​សំណាង​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​នោះ​ទេ​។

លោក យ៉ះយ៉ា ដែល​ជា​មេដឹកនាំ​សហគមន៍​អ៊ិស្លាម​ល្បី​ម្នាក់​ថ្លែង​ថា​លោក​បាន​បាត់ដាន​ពួកគេ បន្ទាប់ពី​ក្រសួង​ដក​អាជ្ញាប័ណ្ណ​របស់​លោក ទើប​តែ​បី​ខែ​បន្ទាប់​ពី​ទទួល​បាន​លិខិត​អនុញ្ញាត​។

លោក​ យ៉ះយ៉ា ថា​៖ «​វា​មិន​ស្ថិត​នៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ទៀត​ទេ​»​។ ខ្ញុំ​បារម្ភ ប៉ុន្តែ​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​? គ្មាន​នរណា​ម្នាក់​ទាក់ទង​មក​ខ្ញុំ ដូច្នេះ​តើ​ខ្ញុំ​អាច​ដឹង​អំពី​ស្ថានភាព​នៅ​ទី​នោះ​យ៉ាង​ម៉េច​ទៅ​?»​។

កាល​ពេល​នោះ​បុគ្គលិក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​របស់​លោក យ៉ះយ៉ា បាន​ចុះ​ទៅ​ឃុំ​ស្វាយ​ឃ្លាំង ក្នុង​ស្រុក​ក្រូចឆ្មារ ខណៈ​អ្នកនាង​ ពៅ កំពុង​ចង់​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន​។

អ្នកនាង ពៅ បាន​រត់​ចេញ​ពី​ឪពុកចុង​ដែល​មាន​លក្ខណៈ​បំពាន​នៅ​អាយុ​ ១៦ ​ឆ្នាំ​។ អ្នកនាង​មិន​ចេះ​អក្សរ និង​រស់នៅ​ជាមួយ​ម្តាយ​ចិញ្ចឹម​អាយុ​ ៥៤ ឆ្នាំ​ឈ្មោះ​ ស្លិះ ម៉ាស់យ៉ាន់ ហើយ​នៅ​ទីបំផុត​បាន​រៀបការ​ជាមួយ​ក្មួយប្រុស​របស់ ម៉ាស់យ៉ាន់ និង​មាន​កូន​ប្រុស​ម្នាក់​។

នៅ​ពេល​ទៅ​ដល់​ទីភ្នាក់ងារ​ជ្រើសរើស​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ទីក្រុង Jeddah អ្នកស្រី​ ពៅ និង​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​ដទៃៗ​ទៀត​ត្រូវ​បាន​គេ​រឹបអូស​យក​លិខិត​ឆ្លងដែន និង​បំបែក​ឲ្យ​រស់នៅ​ផ្សេង​គ្នា​។ បន្ទាប់ពី​ធ្វើ​ការងារ​បាន​ពីរ​បី​ខែ​ជាមួយ​គ្រួសារ​មួយ អ្នកនាង​ត្រូវ​បាន​គ្រួសារ​នោះ​ប្រាប់​ឲ្យ​រើ​អីវ៉ាន់​ចេញ​។ ភ្លាមៗ​នោះ​អ្នកនាង ពៅ ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ទះ​មួយ​ទៀត​ដែល​មាន​ចម្ងាយ​ជាង ២០០០ គីឡូម៉ែត្រ​គឺ​នៅ​ទីក្រុង Riyadh​។

នៅ​ទី​នោះ​អ្នកនាង ពៅ បាន​និយាយ​ថា​ប្តី​ប្រពន្ធ​ក្នុង​វ័យ​អាយុ​ជាង​ ៥០ ​ឆ្នាំ​បាន​បង្ខំ​អ្នកនាង​ឲ្យ​ធ្វើ​ការងារ​ ២០ ​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​ហូប​របស់​នៅ​សល់ ហើយ​ចាក់សោ​ឃុំ​អ្នកនាង​នៅ​ក្នុង​ផ្ទះ នៅ​ពេល​ពួកគេ​ចាកចេញ និង​កាត់​ផ្តាច់​លទ្ធភាព​ប្រើប្រាស់​ទូរស័ព្ទ​។

អ្នកនាង​បន្ត​ថា​ នៅ​ពេល​អ្នកនាង​សួរ​រក​ប្រាក់ខែ ពួកគេ​ស្រែក​ដាក់​នាង​។ នៅ​ពេល​បុណ្យ​រ៉ាម៉ាដាន អ្នកនាង​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការងារ​ច្រើន​ដែល​ស្ទើរ​តែ​មិន​អាច​ដេក​បាន​រយៈពេល​ជាច្រើន​សប្តាហ៍​។ បន្ទាប់ពី​ស្ថានភាព​ដូច​ទាសករ​រយៈពេល ៥ ឆ្នាំ អ្នកនាង ពៅ បាន​ព្យាយាម​រត់​ប៉ុន្តែ​ត្រូវ​គេ​ចាប់​បាន​។

អ្នកនាង​ថ្លែង​ថា​៖ «​ពួកគេ​បាន​ចាប់ផ្តើម​វាយ​ខ្ញុំ ទះ​កំផ្លៀង មុខ​ខ្ញុំ និង​ទាត់​ខ្លួន​ខ្ញុំ​»​។ «​បុរស​ទាំង​ ២​ នាក់​នោះ​គឺជា​ឪពុក​ និង​កូន​បាន​វាយ​ខ្ញុំ​យ៉ាង​ខ្លាំង​...​បន្ទាប់មក​ពួកគេ​ឃុំ​ខ្ញុំ​នៅ​ជាន់​ក្រោម​ដី ហើយ​ប្រពន្ធ​បុរស​នោះ​បាន​មក​ដល់ ហើយ​ចាប់ផ្តើម​វាយ​ខ្ញុំ​ដែរ​»​។

ខណៈ​កំពុង​អង្គុយ​នៅ​ក្នុង​ភោជនីយដ្ឋាន​តូច​មួយ​របស់​គ្រួសារ​ដែល​មាន​ពេទ្យធ្មេញ​ផង​ដែរ​នោះ​អ្នកនាង ពៅ មាន​អារម្មណ៍​ក្តុកក្តួល​យ៉ាង​ខ្លាំង​នៅ​ពេល​កំពុង​រៀបរាប់​អំពី​ការ​ចាក់សោ​នៅ​ក្នុង​ជាន់​ក្រោម​ដី​រយៈពេល​ច្រើន​ថ្ងៃ​ហើយ​ទទួល​រង​ការ​វាយដំ​។ «​ខ្ញុំ​មិន​អាច​ទាក់ទង​នរណា​បាន​។ ខ្ញុំ​គ្មាន​មិត្តភក្តិ​ ឬ​គ្មាន​នរណា​ជួយ​ខ្ញុំ​»​។

ត្រឡប់​មក​ត្បូងឃ្មុំ​វិញ​ម្តាយ​ចិញ្ចឹម​របស់​អ្នកនាង ពៅ និង​ មីង បាន​ថ្លែង​ថា ពួកគាត់​បាន​ទៅ​ជួប​លោក យ៉ះយ៉ា ចំនួន​ ២ ​ដង​ម្តង​ប្រហែល​ ២ ​ឆ្នាំ​បន្ទាប់ពី​នាង​បាន​បាត់​ខ្លួន និង​ម្តង​ទៀត​ ៣ ​ឆ្នាំ​ក្រោយ​មក ខណៈ​ការ​អះអាង​នេះ​ត្រូវ​លោក​ យ៉ះយ៉ា បដិសេធ​។

អ្នកស្រី ម៉ាស់យ៉ាន់ ដែល​ជា​ម្តាយ​ចិញ្ចឹម​របស់​អ្នកនាង ពៅ បាន​ថ្លែង​ទាំង​ទឹកភ្នែក​ថា​នៅ​​ទីបំផុត​អ្នកស្រី​បាន​ «​សន្មត​ថា​នាង​បាន​ស្លាប់​»​។ ប្តី​របស់​អ្នកនាង ពៅ បាន​ធ្វើការ​ជា​អ្នក​នេសាទ​នៅ​ប្រទេស​ថៃ និង​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្លន់​មួយ​មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​អ្នកនាង ពៅ បាន​ចាកចេញ​។ កូនប្រុស​របស់​អ្នកនាង ពៅ ឥឡូវ​នេះ​ធាត់ កាលពី​មុន​ស្គម​មាន​តែ​ឆ្អឹង​។ អ្នកស្រី ម៉ាស់យ៉ាន់ ថ្លែង​ថា​៖ «​ខ្ញុំ​ស្ទើរ​តែ​ភ្លេច​នាង​»​។

នៅ​ទីក្រុង Riyadh អ្នកនាង ពៅ បាន​សម្រេច​ចិត្ត​ព្យាយាម​រត់​គេច​ម្តង​ទៀត លើក​នេះ​ក្នុង​អំឡុង​បុណ្យ​រ៉ាម៉ាដាន​ធំ​នៅ​សួនច្បារ​របស់​គ្រួសារ​នោះ​។ ដោយ​គ្មាន​យក​អ្វី​ជាប់​នឹង​ខ្លួន​ច្រើន អ្នកនាង ពៅ បាន​រត់​ទៅ​ប៉ុស្តិ៍​នគរបាល​ក្នុង​ស្រុក ដែល​នគរបាល​បាន​បដិសេធ​ជួយ​នាង​។ បន្ទាប់​មក​អ្នកនាង​បាន​ដើរ​ដោយ​គ្មាន​គោលដៅ​អស់​រយៈពេល​ជាច្រើន​ម៉ោង​រហូត​ដល់​អ្នកនាង​ទៅ​ដល់​មុខ​ផ្ទះ​ចម្លែក​មួយ និង​បាន​លុតជង្គង់​សុំ​ការ​ជួយ​។

ប្រពន្ធ​ម្ចាស់​ផ្ទះ​នេះ​អាណិត​នាង ហើយ​នៅ​ទីបំផុត​បាន​យក​អ្នកនាង ពៅ ធ្វើ​ជា​អ្នក​បម្រើ​ក្នុង​ផ្ទះ និង​ផ្តល់​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​មក​គ្រួសារ​។

វា​ចំណាយ​ពេល​មួយ​ឆ្នាំ​ទៀត​សម្រាប់​អ្នកនាង​ ពៅ និង​គ្រួសារ​របស់​អ្នកនាង ដើម្បី​ស្វែងរក​ពលរដ្ឋ​ជនជាតិ​កម្ពុជា​ម្នាក់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​បុរស​ម្នាក់​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល​ដែល​នៅ​ទីបំផុត​អ្នកនាង ពៅ ​បាន​រៀបការ​ជាមួយ​។ បុរស​ម្នាក់​នេះ​មាន​ឆន្ទៈ​ជួយ​បញ្ជូន​អ្នកនាង​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​។

នៅ​ត្រឹម​រយៈពេល អ្នកនាង​ពៅ​បាន​ត្រឡប់​មក​ដល់​ព្រលាន​យន្តហោះ​ភ្នំពេញ​កាលពី​ខែ​មុន​តាមរយៈ​ការ​ជួយ​ពី​មន្ត្រី​ក្រសួង​ការងារ លោក ឧស្មាន ហាស្សាន់ អ្នកនាង​ ពៅ បាន​ជាប់​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​រយៈពេល​ ១៣ ​ឆ្នាំ​។

អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​ការងារ​ថ្លែង​ថា​សាច់​រឿង​របស់​អ្នកនាង​ ពៅ គឺជា​ឧទាហរណ៍​នៃ​ហានិភ័យ​ដែល​ពលករ​ចំណាកស្រុក​ជួប​ប្រទះ​នៅ​ពេល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស រួមមាន​ដូច​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​។

លោក មឿន តុលា នៅ​អង្គការ Central ថ្លែង​ថា​ករណី​របស់​អ្នកនាង​ពៅ «​គឺជា​រឿង​គួរ​ឲ្យ​រន្ធត់ ជាពិសេស​ដោយសារ​អ្នកនាង​ត្រូវ​បាន​កាត់ផ្តាច់​ពី​គ្រួសារ​អស់​រយៈពេល​ជាង​ ១០ ​ឆ្នាំ​»​។

បើ​តាម​លោក​ តុលា លិខិត​អនុញ្ញាត​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​លោក ប៊ុនជិន ហាក់​ដូចជា​រំលោភ​ច្បាប់​ដោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន Yahya បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ទោះបី​ជា​ការ​ពិត​រដ្ឋាភិបាល​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ​នៅ​ឈូង​សមុទ្រ​នោះ​ក៏ដោយ​។

លោក​ តុលា បន្ត​ថា​៖ «​វា​គួរ​តែ​មាន​វិធានការ​រដ្ឋបាល​ត្រឹមត្រូវ ដើម្បី​ប្រឆាំង​នឹង​អ្នក​ដែល​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ហើយ​វា​ក៏​គួរ​តែ​មាន​វិធានការ​ជាក់លាក់​ចំពោះ​ក្រុមហ៊ុន ... ដើម្បី​ព្រមាន​ដល់​អ្នក​ជ្រើសរើស​ ឬ​ក្រុមហ៊ុន​ឯកជន​ដែល​មិន​អនុវត្ត​តាម​»​។

អ្នកស្រី សូហ្វា រីណា ជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​ចាម​ថ្លែង​ថា​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​របស់​ខ្លួន​ដែល​មាន​ស្រាប់​ជាមួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយសារ​តែ​មាន​ករណី​រំលោភ​បំពាន​លើ​អ្នកស្រី​ ពៅ និង​មាន​ករណី​ជាច្រើន​ផ្សេង​ទៀត​ដែល​បាន​កើតឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

ប្រទេស​កម្ពុជា និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​មួយ​ដើម្បី​ចាប់ផ្តើម​ការ​ពិភាក្សា​ចុង​ក្រោយ​អំពី​ការ​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​កាលពី​​ ២ ​ឆ្នាំ​មុន ប៉ុន្តែ​កិច្ចព្រមព្រៀង​នោះ​មិន​ដែល​បាន​បញ្ចប់​នោះ​ទេ​។

ទោះបី​យ៉ាង​នេះ​ក្តី​ក៏​នៅ​តែ​មាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ចំនួន​ ១៨ ​នៅ​តែ​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បញ្ជូន​ពលករ​បម្រើការ​តាម​ផ្ទះ​ទៅ​កាន់​រដ្ឋ​ក្នុង​ឈូង​សមុទ្រ​នោះ​ដដែល ប៉ុន្តែ​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ និយាយ​ថា​ពួកគេ​បាន​ទៅ​តាមរយៈ​ឈ្មួញ​កណ្តាល​ឯករាជ្យ​។

អ្នកស្រី​ ហ្វារីយ៉ា បាន​ថ្លែង​ថា​៖ «​ស្ត្រី​ម្នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​វិញ ប៉ុន្តែ​វា​បាន​ផ្តល់​សញ្ញា​មួយ​ឱ្យ​យើង​គួរ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន​។ ឥឡូវ​នេះ​យើង​បាន​ដឹង​ពី​បញ្ហា​នោះ​។ យើង​មិន​ចង់​ឲ្យ​បញ្ហា​បែប​នោះ​កើតឡើង​ជាថ្មី​ម្តង​ទៀត​ទេ​»​។

អ្នក​នាំពាក្យ​ក្រសួង​ការងារ​លោក​ ហេង សួរ មិន​បាន​ឆ្លើយ​សំណួរ​ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ​ទេ ហើយ​សំណួរ​ថា​តើ​ក្រសួង​មាន​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​រំលោភបំពាន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាលពី​អតីតកាល​ដែរ​ឬ​ក៏​អត់​?

លោក​សួរ​បាន​លើក​ឡើង​តាមរយៈ​សារ​មួយ​ថា​៖ «​នៅ​ពេល​ណា​យើង​ទទួល​បាន​ពាក្យ​បណ្តឹង និង​ព័ត៌មាន​នោះ​យើង​នឹង​ធ្វើ​អន្តរាគមន៍​»​។

ប៉ុន្តែ​លោកស្រី ជូ ប៊ុនអេង ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ថា​វា​មិន​ងាយស្រួល​ទេ សម្រាប់​ករណី​របស់​អ្នកស្រី​ ពៅ ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ពី​អ្នក​រំលោភ​បំពាន​លើ​រូបគាត់​។

លោកស្រី​បន្ត​ថា​៖ «​គាត់​អាច​ដាក់​ពាក្យបណ្តឹង​បាន ប៉ុន្តែ​ការ​សម្រេច​គឺ​អាស្រ័យ​លើ​តុលាការ​នៅ​ទី​នោះ [​នៅ​អារ៉ាប៊ីសាអ៊ូឌីត​]​។ មិនមែន​នៅ​ខាង​យើង​ទេ​»​។

ចំពោះ​អ្នកស្រី​ ពៅ ការ​ទទួល​បាន​យុត្តិធម៌​ហាក់​ដូចជា​នៅ​ឆ្ងាយ​ណាស់​។ គាត់​នៅ​តែ​មាន​បញ្ហា​ចំពោះ​ការ​និយាយ​ភាសា​អារ៉ាប់​ជំនួស​ឱ្យ​ការ​និយាយ​ភាសា​ខ្មែរ​នៅ​ឡើយ ហើយ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ដើម្បី​បំភ្លេច​អំពី​ការ​រំលោភ​បំពាន​លើ​រូបនាង​។ លើស​ពី​នេះ​អ្នកស្រី​ ពៅ កំពុង​ព្យាយាម​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​របស់​នាង​ឡើង​វិញ បន្ទាប់ពី​នាង​អវត្តមាន​អស់​រយៈពេល​ ១៣ ​ឆ្នាំ​មក​ហើយ​នោះ​។

អ្នកស្រី​ ម៉ាយ៉ាន ថ្លែង​ថា​នៅ​ពេល​អវត្តមាន​របស់​អ្នកស្រី​ ពៅ គឺ​ពិតជា​លំបាក​ខ្លាំង​ណាស់​សម្រាប់​កូនប្រុស​របស់​គាត់​។ ដោយ​អ្នកស្រី​បាន​រំឭក​ថា ពេល​នោះ​កូន​អ្នកស្រី​ ពៅ គឺ​គ្រាន់តែ​​ជា​ក្មេងប្រុស​តូច​ម្នាក់​ដែល​មាន​អាយុ​ទើប​តែ ៦ ឬ ៧ ​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គាត់​តែងតែ​យំ​នៅ​ពេល​ក្មេងៗ​ដទៃ​ទៀត​សើច​ចំអក​ឲ្យ​គាត់​ថា​ជា​ក្មេង​ដែល​ត្រូវ​ឪពុកម្តាយ​បោះបង់​ចោល​។

អ្នកស្រី​ថ្លែង​ថា​រហូត​មក​ដល់​ពេល​នេះ​កូន​អ្នកស្រី​ ពៅ ឈ្មោះ ស្មាន សុគ្រី អាយុ​ ១៨ ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​និយាយ​រក​ម្តាយ​របស់​គាត់​នៅ​ឡើយ​ទេ បើ​ទោះបី​ជា​មាន​ការ​ជំរុញ​ក្តី​។ ប៉ុន្តែ​គាត់​និយាយ​ថា​គាត់​សប្បាយ​ចិត្ត​នៅ​ពេល​ម្តាយ​របស់​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​។ សុគ្រី​ ថា​៖ «​ខ្ញុំ​គ្រាន់​តែ​អៀន​»​។ «​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​នៅ​មាន​ម្តាយ​នោះ​ទេ​»​។

ប៉ុន្តែ​នៅ​ពេល​អ្នកស្រី​ ពៅ ដាក់​ដៃ​លើ​ស្មា​ដើម្បី​ថតរូប​ សុគ្រី ​បាន​ងាក​ចេញ​មិន​ឲ្យ​គាត់​ដាក់​ដៃ​ឱប​ទេ​។

អ្នកស្រី​ ពៅ ​និយាយ​ថា​៖ «​គាត់​ខឹង​ខ្ញុំ នៅ​ពេល​នោះ​ទឹកភ្នែក​គាត់​បាន​ហូរ​ម្តង​ទៀត​ហើយ​ការពិត​នេះ​ហាក់​ដូចជា​បាន​ធ្វើ​ឱ្យ​គាត់​សោកសៅ​ខ្លាំង​បំផុត​»៕ PS /NS