ក្រចេះ៖ ពលរដ្ឋ​ជាង ២០០ នាក់​ ក្នុង​ចំណោម​ជាង​ ៤០០ គ្រួសារ​ នៅ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ​ កាលពី​ព្រឹកថ្ងៃចន្ទ​នេះ បាន​លើកគ្នា​មក​តវ៉ា​នៅ​សាលាឃុំ​ពីរ​ធ្នូ ដើម្បី​​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរា​គមន៍ និង​ប្រឆាំង​នឹង​ការបណ្ដេញ​ពួកគាត់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ របស់​ក្រុមហ៊ុន​វៀត​ណាម​ ដោយ​សុំ​ឲ្យ​អាជ្ញាធរ ​កំណត់​ព្រំប្រទល់ និង​ឆ្វៀល​​ដី​ពី​ក្រុមហ៊ុនកៅ​ស៊ូ​វៀត​ណាម​​មក​ឲ្យ​ពលរដ្ឋ​វិញ។

ការ​លើក​គ្នា​ទៅ​តវ៉ា​នៅ​សាលា​ឃុំ​២​ធ្នូ​នេះ ធ្វើ​ឡើង​​បន្ទាប់​ពី​ពួក​គាត់​បាន​ធ្វើ​ការ​តវ៉ា​បិទ​ផ្លូវ​អស់​រយៈ​ពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី ៩ និង​ទី ១០ ខែ​កុម្ភៈ ហើយ​អាជ្ញាធរ​បាន​ទៅ​បំបែក​ឲ្យ​បើក​ផ្លូវ​ឡើង​វិញ ដែល​ការ​តវ៉ា​បិទ​ផ្លូវ​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ហ៊ុន​ចំការ​កៅ​ស៊ូវៀត​ណាម​បាន​ប្រើ​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​ដី​របស់​ពួក​គាត់ ដែល​ពួក​គាត់​បាន​កាន់​កាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ ២០១០​មក​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ ២ ធ្នូ ស្រុក​ស្នួល​ ​លោក ម៉េ​ត ធី អាយុ ៥០ ឆ្នាំ បាន​​ឲ្យ​ដឹង​​ថា​ ពួកលោក​មកកាន់​កាប់​ដី​តំបន់​នេះ​ជិត ១០ ឆ្នាំ​មក​ហើយ និង​ស្នើ​ឲ្យ​អាជ្ញាធរ​ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ ព​ន្លឿ​ន​ការ​ឆ្វៀល​ដី​ពី​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ ដើម្បី​បំប្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ ជូន​ពលរដ្ឋ​ក្រីក្រ​ ដែល​គ្មាន​ដី​បានធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត។

លោក​បន្តថា៖ «ពួក​ខ្ញុំ​បាន​តវ៉ា​ជាច្រើនលើក​មកហើយ ប៉ុន្ដែ​អាជ្ញាធរ​ មិនបាន​ដោះស្រាយ​ជូន​ទេ តែ​ថែមទាំង​ឲ្យ​ពួក​ខ្ញុំ​ចាក​ចេញពី​ដី​នេះ​ទៀត។ បន្ទាប់​ពី​ពួក​ខ្ញុំ​ បាន​តវ៉ា​អាជ្ញាធរ​ស្រុក​ បាន​ឲ្យ​ពួក​ខ្ញុំ​ជ្រើសរើស​តំណាង ៣ នាក់​ ទៅ​ជួបចរចា និង​បាន​សន្យាថា​ នឹង​ជួយ​ដោះ​ស្រាយ ប៉ុន្ដែ​ពួក​ខ្ញុំ​នៅ​មិនទាន់​ជឿ​នោះ​ទេ»។

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ឃុំ​ពីរ​ធ្នូ អ្នកស្រី ម៉េ​ត សារ៉េត បាន​ថ្លែង​ដែរ​​ថា ​ពលរដ្ឋ​មួយចំនួន ​បានមក​តាំង​​ទី​លំនៅ​ក្នុង​តំបន់​នោះ​ចាប់ពី​ឆ្នាំ ២០១០ មក​ ដោយ​ខ្លះ​មាន​ដី​ក្បាល​ចាប់ពី ៥ ម៉ែត្រ​ដល់ ៤០ ម៉ែត្រ​ បណ្ដោយ​ចាប់ពី ២៥០ ម៉ែត្រ​ដល់ ៤០០ ម៉ែត្រ។ អ្នកស្រី​ថា ដី​នេះ​ ជា​ប្រភេទ​ដី​លំនៅឋាន និង​ជា​ដី​កសិកម្ម​ ដោយ​ផ្នែក​ខ្លះ​ មាន​ដំណាំ​ដំឡូង​មី និង​ស្វាយចន្ទី​ជាដើម​។

អ្នកស្រី​បាន​បន្តថា​ កាលពី​ព្រឹក​ថ្ងៃទី ៦ កញ្ញា​ អាជ្ញាធរខេត្ត​ បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​សហការ​ជាមួយ​ក្រុមហ៊ុន​ដើម្បី​កំណត់ព្រំដែន​ជាក់ស្ដែង និង​ក្នុង​បំណង​ការពារ​កុំ​ឲ្យ​ពលរដ្ឋ​ទន្ទ្រាន​បន្តទៀត។ ប៉ុន្តែ​ពលរដ្ឋ​បារម្ភ​ថា​ការ​កំណត់​​ព្រំប្រទល់​ដី​នៅ​ខែវស្សា​នឹង​ប៉ះពាល់​ដល់​ផល​ដំណាំ​ពល​រដ្ឋ។ អ្នកស្រី​បញ្ជាក់ថា៖ «គ្រាន់តែ​តវ៉ា​ឲ្យ​ចែក​ប្លង់​ជូន​ពលរដ្ឋ​សិន​ទៅ ចាំ​ឈូស​ឆាយ។ គេ​ចង់​ឲ្យ​ពលរដ្ឋ​កាយ​ក្រវាត់ ​ឈូស​ឆាយ​ទៅ​ ដើម្បី​ឲ្យ​គេ​បង់ពន្ធ​ចូលទៅ​រាជការ»។

លោក ​ប៉ឹង វិ​ន មេឃុំ ២ ធ្នូ​ បាន​ឲ្យ​ដឹង​កាលនៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​ថា៖«ពលរដ្ឋ​ដែល​រស់ក្នុង​បរិវេណ​ដី​ក្រុម​ហ៊ុន​នោះ​មាន ៤១៨ គ្រួសារ​ក្នុង​នោះ​អ្នក​ចំណាក​ស្រុក​មាន​ប្រហែល ៧០ ភាគរយ។ បើ​យើង​វាយតម្លៃ​តាមច្បាប់​ពួកគាត់​មាន​កំហុស​ដែល​បានមក​រស់នៅ​លើដី​ក្រុម​ហ៊ុន ប៉ុន្ដែ​អាជ្ញាធរ​ស្រុក ឬ​ខេត្ត​ថា​ នឹង​ជួយ​ដោះ​ស្រាយ...ខាង​ខ្ញុំ​អាជ្ញាធរ​ឃុំ​មិនមាន​អ្វី​អារកាត់​ទេ»៕