ភ្នំពេញៈ ពលរដ្ឋ​រាប់​រយ​គ្រួ​សារ​ ត្រូវបាន​បង្ខំ​ឲ្យ​បោះ​បង់​លំនៅ​ឋាន​​របស់​ពួកគេ​ នៅ​ពេល​ដែល​ផ្ទះ​សម្បែង​របស់​​ពួកគេ​ត្រូវ​បាន​បំផ្លាញ​​ចោល ​កាល​ពី​ឆ្នាំ​ ២០១២ ​ដើម្បី​យក​ទីតាំង​នោះ​ សម្រាប់​គម្រោង​អភិ​វឌ្ឍន៍។ ថ្វីបើ​មាន​ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​ បាន​ព្រម​ទទួល​យក​សំណង ​នឹង​ផ្លាស់​​ប្តូរ​ទី​លំនៅ​​ទៅ​រស់នៅ​លើ​ទីតាំង​ថ្មី​ក្តី​ ក៏​នៅមាន​ពល​រដ្ឋ​ពីរ​ក្រុម​ទៀត​ ដែល​មិន​ព្រម​ចាក​ចេញ។

មួយ​ក្រុម​ក្នុង​ចំណោម​ប្រាំបួន​គ្រួសារ​ ត្រូវ​បាន​គេ​ដាក់​ឱសាន​វាទ ​ឲ្យ​ត្រឹម​ថ្ងៃទី​ ២២​ ខែធ្នូ​ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ការ​​​​ផ្តល់​សំណង​បន្ថែម​ទៀត ហើយ​មួយ​ក្រុម​ទៀត​ ដែល​មាន​ ៣០ ​គ្រួសារ​ ចាប់​តាំង​ពី​ខែ​ធ្នូ​មក​ ក៏មាន​ការ​​​​ផ្តល់​សំណង​ផ្នែក​ហិរញ្ញ​វត្ថុ​និង​ផ្ទះ​មួយ​កន្លែង ​ដែល​មាន​ទី​តាំង​នៅ​ជាយ​ក្រុង​ ដែល​ស្ថិត​នៅ​ក្នុង​​ភូមិ​អណ្ដូង ​ឬ​ក៏​ទាំង​ពីរ​ផង​ដែរ។

សម្រាប់​ក្នុង​ក្រុម​ទី ២​ ចំនួន​អ្នក​ដែល​ព្រម​ទទួលយក​សំណង ​បាន​កើន​ឡើងដល់២៦គ្រួសារ​ កាលពី​ថ្ងៃ​ទី ២ ខែ​កុម្ភៈ ​នៅ​ពេល​ដែល​អ្នក​ស្រី ​កៅ​ ចាន់ធូ​ និង ​មឿ​ន​ ប៊ុនធឿន ​បាន​ព្រម​ទទួលយក​ផ្ទះ​ នៅក្នុង​ភូមិ​អណ្តូង​និង​ប្រាក់​ចំនួន ២០០០​ ដុល្លារ។

នៅ​ថ្ងៃ​ទី ៦ ខែ​កុម្ភៈ អ្នកស្រី​ចាន់ធូ​ បាន​ថ្លែង​ថា​ អ្នកស្រី​គ្មាន​ជម្រើស​ទេ។ អ្នក​ស្រី​បន្ត​ថា៖«វា​ពិបាក​ណាស់​​សម្រាប់​ពួក​យើង ​ក្នុង​ការ​រង់ចាំ​ ដើម្បី​ទទួល​នូវ​អ្វី​ដែល​យើង​ចង់បាន។ វា​ត្រូវ​ការ​ពេលវេលា​ច្រើន។ ដូច្នេះ​ហើយ ​ខ្ញុំ​ត្រូវ​បិទ​ភ្នែក​​ ដើម្បី​ទទួល​យក​សំណង​នោះ»។

លោក ​វណ្ណ​ សូ​ផាត ​អ្នក​សម្រ​បសម្រួល​របស់​មជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ សម្រាប់​ពលរដ្ឋ​បុរី​កីឡា​ បាន​ថ្លែង​ថា​ ក្រៅ​ពី​ក្រុម​ទាំង​ពីរ​នេះ​ នៅ​មា​ន១១​គ្រួសារ​ផ្សេង​ទៀត ​ដែល​កំពុង​ពិចារ​ណា​អំពី​សំណង​នេះ​ពី​សាលា​រាជ​ធានី​ភ្នំពេញ។

អ្នកស្រី​ ដា​ញ់​ គង្គា​ ដែល​ជា​សមាជិក​​ក្រុម​​ប្រាំ​បួន​គ្រួសារ​ បាន​និយាយ​​នៅ​ថ្ងៃ​ទី ៦ ខែ​កម្ភៈ​​ថា ​អ្នក​ស្រី​នៅតែ​រង់ចាំ​ស្តាប់​ដំណឹង​ពី​សាលា​រាជ​ធានី​ភ្នំពេញ។

អ្នក​ស្រី​បញ្ជាក់​ថា៖«យើង​នឹង​មាន​កិច្ច​ប្រជុំ​ជាថ្មី​ម្តង​ទៀត​ជាមួយ​ក្រុម​របស់​យើង​ ដើម្បី​ពិភា​ក្សា​គ្នា​ អំពី​អ្វីដែល​យើង​ត្រូវ​ធ្វើ​បន្ទាប់​ ថា​តើ​ត្រូវធ្វើ​ការ​តវ៉ា ​ឬ​រង់ចាំ​ស្តាប់​ដំណឹង​ពី​សាលា​រាជ​ធានី​ភ្នំពេញ»។

លោក ម៉េ​ត មាស​ភក្តី​ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ និង​​អភិ​បាល​ខណ្ឌ​​៧មករា លោក លឹម ​សុភា​ បាន​បដិ​សេធ​​ធ្វើ​អត្ថា​ធិប្បាយ​៕ NS