ភ្នំពេញៈ ពលរដ្ឋ​ប្រមាណ ២០ នាក់ មក​ពី​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ផ្ទះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ​នៅ​ព្រឹក​មិញ​នេះ ក្នុង​បំណង​ដើម្បី​ទទួល​បាន​អាំង​ប៉ាវ​ម្នាក់ ៥ ម៉ឺន​រៀល ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន ក្រោយ​ការ​លេច​ឮ​តៗ​គ្នា​ថា លោក​បាន​ផ្តល់​ឲ្យ​ពលរដ្ឋ កាល​ពី​ឆ្នាំ​មុន​ផង​ដែរ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ក្រុម​សន្តិសុខ។

អ្នកស្រី សម ចាន់ ដែល​ជា​ស្ត្រី​មេ​ផ្ទះ​មក​ពី​សង្កាត់​ច្បារ​អំពៅទី ១ បាន​បញ្ជាក់​ប្រាប់​ថា ក្រុម​គាត់​បាន​ជិះ​ម៉ូតូ​កង់បី ចំនួន​ពីរ មក​កាន់​ទី​នេះ ពីព្រោះ​ពួកគាត់​បាន​ឮ​ថា លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ផ្តល់​ថវិកា​ចំនួន ៥០០០០ រៀល ទៅ​កាន់​ប្រជាជន​កាល​ពី​ឆ្នាំ​មុន។

អ្នកស្រី​និយាយ​ថា៖ «ថ្ងៃនេះ គ្មាន​នរណា​ម្នាក់​ឲ្យ​ប្រាក់​ដល់​ពួក​យើង​ទេ ប៉ុន្តែ​ពួកយើង​បែរ​ជា​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្តេច​ដោយ​ក្រុម​សន្តិសុខ​ទៅ​វិញ»។

ក្រុម​សន្តិសុខ​បាន​ប្រាប់​ដល់​ប្រជាជន​ទាំង​នោះ​ថា​ថ្ងៃនេះ​ជា «ថ្ងៃសែន» ចូល​ឆ្នាំ​ចិន​ដូច្នេះ​គ្មាន​នរណា​ឲ្យ​អាំងប៉ាវ​ក្នុង​ថ្ងៃ​នេះ​ទេ។

លោក គង់ ចំរើន ដែល​ជា​មន្រ្តី​មួយ​រូប​មក​ពី​ឧទ្ទុកាល័យ​លោក ហ៊ុន សែន បាន​ប្រាប់​ថា គាត់​មិន​បាន​ដឹង​ពី​រឿង​មួយ​នេះ​ទេ ហើយ​គាត់​ក៏​បាន​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​មុន​សម្តេច ហ៊ុន សែន ក៏​មិន​បាន​ផ្តល់​អាំងប៉ាវ ដល់​ពលរដ្ឋ​នោះ​ដែរ។

លោកថា៖ «លោក​ផ្ដល់​ឲ្យ​តែ​ចំពោះ​តែ​ប៉ូលិស​ចំនួន ១០ ទៅ ២០ នាក់ ដែល​យាម​នៅ​ពី​មុខ​ផ្ទះ​សម្តេច​តែ​ប៉ុណ្ណោះ»។

ជំនួស​ដោយ​ការ​ផ្តល់​ប្រាក់​លោក ចំរើន បន្ថែម​ទៀត​ថា៖ «លោក​នាយក​រដ្ឋ​មន្រ្តី តែងតែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទាំង​អ្នក​មាន និង​អ្នកក្រ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ»។

ទោះជា​យ៉ាង​ណាក្តី អ្នក​លក់​ទឹក​អំពៅ​ម្នាក់​តាម​ផ្លូវ​ម្នាក់ ដែល​រស់​នៅ​សង្កាត់​ព្រែកឯង ខណ្ឌ​ច្បារអំពៅ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​មុន គាត់​បាន​ទទួល​ប្រាក់​ចំនួន ៥ ម៉ឺន​រៀល​ដែល​ផ្តល់​ឲ្យ​ដោយ​អង្គរក្ស​មួយ​រូប​នៅ​ក្នុង ភូមិ​គ្រឹះ​នាយក​រដ្ឋ​មន្ត្រី​តែ​ម្តង៕(រាយការណ៍​បន្ថែម​ដោយ អ៊ុក សុន្ទ​ថារ័ត្ន​)