Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​កោះកុង ថា​អាជ្ញាធរ​រើសអើង

Content image - Phnom Penh Post
ប្រជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លីមកពីខេត្តកោះ​កុង ពេល​មក​តវ៉ានៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នៅរាជធានីភ្នំពេញ កាលពី​ខែ​សីហា​​​។ ផា លីណា

ពលរដ្ឋ​មាន​ទំនាស់​ដី​នៅ​កោះកុង ថា​អាជ្ញាធរ​រើសអើង

កោះកុង៖ តំណាង​ពលរដ្ឋ​ចំនួន​ ១៥ ​គ្រួសារ​មក​ពី​ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្ត​​កោះកុង ដែល​បាន​បាត់​បង់​ដីធ្លី កាល​ពី​ម្សិល​មិញ បាន​ចោទ​អាជ្ញាធរ ​ថា​រើសអើង​មិន​ព្រម​ចុះ​បញ្ជី​ដីធ្លី និង​ទទួល​ស្គាល់​ពួក​គាត់​ជា​ពលរដ្ឋ​​ក្នុង​ភូមិ ប៉ុន្ដែ​អាជ្ញាធរ​ថា ពលរដ្ឋ​ទាំង​នោះ​មិន​ទាន់​មាន​ឯកសារ​គ្រប់គ្រាន់។

អ្នក​ស្រី ផាវ ញ៉ឺង​ អាយុ​ជាង​ ៤០ ឆ្នាំ​ដែល​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ និង​ក្រុមហ៊ុន ហេង ហ៊ុយ បាន​ប្រាប់​កាលពី​ម្សិល​មិញ​ថា ​បន្ទាប់​ពី​ពួក​គាត់​បាន​ជួប​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី ក្នុង​ពេល​តវ៉ា​នៅ​ទី​ភ្នំពេញ​នោះ ​ក្រសួង​បាន​រុញ​រឿង​នេះឲ្យ​ថ្នាក់​ខេត្ត​ចាត់​ចែង តែ​រហូត​មក​ទល់​ពេល​នេះ​ខេត្ត​មិន​ទាន់​ផ្ដល់​ដំណឹង ​ទេ។ ចំណែក​អាជ្ញាធរ​ភូមិ/ឃុំ ក៏​មិន​ទាន់​ទទួល​ស្គាល់​ពួក​គាត់​ជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នោះ​ដែរ។

អ្នកស្រី​បន្ត​ថា ដោយឡែក​ ពលរដ្ឋ​ដែល​មិន​មក​តវ៉ា​នៅ​ភ្នំពេញ បែរជា​អាជ្ញាធរ​ចុះហត្ថលេខា​លើ​ឯកសារ ព្រម​ទាំង​វាស់​កាត់​ដី​ឲ្យ​ពួក​គាត់​ទៀត​ផង។

អ្នកស្រី​បញ្ជាក់​ថា៖ «គេ​ថា ពួក​ខ្ញុំ​ហ្នឹង មិន​មាន​ឯកសារ​គ្រប់​គ្រាន់ និង​រស់នៅ​លើ​ដី​មិន​មាន​ក្នុង​ផែនទី​រដ្ឋបាល ហើយ​ពួក​គាត់​ថា ចាំ​គេ​ឲ្យ​ផែនទី​រដ្ឋបាល​ពី​ថ្នាក់​លើ​មក​សិន ព្រោះ​អត់​មាន​ផែន​ទី​រដ្ឋបាល​អ៊ីចឹង ពិបាក​វាស់​កាត់​ដី​ចែក​ពលរដ្ឋ។ អ៊ីចឹង ពួក​ខ្ញុំ​អស់​ជំនឿ​លើ​អាជ្ញា​ធរ​ថ្នាក់​ក្រោម​ខេត្ត​និង​ស្រុក​ហើយ»។

តំណាង​សហគមន៍​ជម្លោះដីធ្លី​នៅ​ស្រុក ស្រែ​អំបិល អ្នក​ស្រី ណុំ វណ្ណារី បាន​ថ្លែង​ថា៖ «អាជ្ញាធរ​បាន​រើសអើង​ពួកខ្ញុំ ឥឡូវ​ពួក​យើង​អស់​ជំនឿ​ហើយ អាជ្ញាធរ​ខេត្ត​ទាំង​នោះ ចាប់ផ្ដើម​សន្យា​ខ្យល់​ទៀត​ហើយ យើង​នៅតែ​បន្ត​មកសុំ​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​កំពូលៗ​ទៀត»។

ប៉ុន្តែ មេភូមិ​ព្រៃកជីក ឃុំ​ជីខ​ក្រោម លោក ថាន នូ បាន​ថ្លែង​ពី​ម្សិល​មិញ​ថា រឿង​ដីធ្លី​នេះ វា​ពាក់​ព័ន្ធ​ច្រើន​ភាគី​ពេក ធ្វើ​ឲ្យលោក​​អត់​ហ៊ាន​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ទេ។​

លោកថា៖«ខ្ញុំ​បាន​ត្រឹម​តែ​សរសេរ​របាយការណ៍ ឬ​រាយការណ៍​បន្ត​ទៅ​ថ្នាក់​លើ​ទេ ខ្ញុំ​អត់​ហ៊ានស៊ី​ញ៉េ​អ្វី​ឲ្យ​លើសពី​កិច្ចការ​ងារ​រដ្ឋបា​លរ​បស់​ខ្ញុំ​ទេ។ ពិបាក​ណាស់​ក្មួយ ពូ​មិន​សូវ​មាន​សិទ្ធិ ហើយ​ដី​វា​ជាប់​ពាក់ព័ន្ធ​ច្រើន​ទៀត ក្មួយ​សួរ​ទៅ​ថ្នាក់លើ​ទៅ»។

លោក ​ទេព ហៃ មេឃុំ​ជីខ​ក្រោម បាន​ថ្លែង​កាលពី​ម្សិលមិញ​ដែរ​ថា ថ្នាក់​ខេត្ត​បាន​ទម្លាក់​ឯកសារ​នេះ​ដល់​ឃុំ​ហើយ ដោយ​ឃុំ​កំពុង​ពិនិត្យ​នៅ​ឡើយ​។

លោក​បញ្ជាក់ថា៖«ការ​ដែល​ខ្ញុំ​មិន​ទាន់​បាន​ចុះ​ហត្ថ​លេខា​ទទួល​ស្គាល់​ គឺ​ដោយ​ឃុំ​ខ្ញុំ​នេះ មិន​ទាន់​មាន​ផែនទី​រដ្ឋបាល ឯ​ឃុំ​ផ្សេងៗគេ​មាន តែ​ឃុំ​ខ្ញុំ​អត់​ទាន់​មាន អ៊ីចឹ​ង​ខ្ញុំ​មិន​ទាន់​ហ៊ាន​វាស់​កាត់​ដី​ ឲ្យ​ពួកគាត់​…ទេ។ ​ថ្ងៃ ១៤នេះ ខ្ញុំ​នឹង​ហៅ​ក្រុម​ប្រឹក្សា​ឃុំ​ខ្ញុំ​មក​ប្រជុំ​សម្រេច​ហើយ… ខ្ញុំ​មិន​មាន​រើស​អើង​អ្វី​ដល់​បង​ប្អូន​យើង​ទេ»។

លោក​ស្រី មិថុនា ភូថង អភិបាល​ខេត្ត​ កោះកុង មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ទេ កាល​ពី​ម្សិល​មិញ។

មន្ត្រី​សមាគម​អាដហុក​ខេត្តកោះ​កុង លោក ស៊ឹង សែនករុណា បាន​ថ្លែង​ថា​ ប្រសិន​បើ​មាន​ករណី​នេះ​មែន អាជ្ញាធរ​មិន​គួរ​ រើស​អើងឬ​ប្រកាន់​បក្ខ​ពួក​​ទេ ព្រោះ​ ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​ស្មើភាព​គ្នា រាល់​សេវា​សង្គម ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

ពលរដ្ឋ​ទាំង​ ១៥ ​គ្រួសារ​នោះ​បាន​បាត់​ដី ៥៩,៣៩ ហិកតា និង​បាន​ចោទ ក្រុមហ៊ុន លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន ហេង ហ៊ុយ អ្រា​ហ្គី​ខ័លឈ័រ គ្រុប បាន​រំលោភ​យក​តាំងពី​ឆ្នាំ ២០០០ មក។

កាលពី​ថ្ងៃ ៣០ សីហា ឆ្នាំ នេះ ក្រសួង​ចំនួន​ ៤ បាន​ប្រជុំ​សម្រេច​រក​ដំណោះស្រាយ​លើ​បញ្ហា​ពាក់​ព័ន្ធ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ ​ខេត្ត កោះកុង កំពង់ស្ពឺ និង​ខេត្ត​ព្រះវិហារ ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​នៅ​ក្នុង​វិវាទ​នេះ ​បំពេញ​ទម្រង់​បែប​បទ​និង​ធ្វើ​អត្ត​សញ្ញាណ​កម្ម​ពលរដ្ឋ​​រយៈពេល​ ៣០ ​ថ្ងៃ។

បន្ទាប់ពី​បញ្ចប់​កិច្ច​ប្រជុំ​នោះ លោក ជា សុផារ៉ា បាន ​ប្រគល់​ការងារ​នេះ​ទៅខេត្ត​មាន​ទំនាស់​ឲ្យ​ដោះ​ស្រាយ​រៀងៗ​ខ្លួន និង​បាន​ព្រមាន​​អ្នក​បន្លំ​យក​ដី​រដ្ឋ​ដោយ​អនាធិបតេយ្យ​ផងដែរ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ