ឧត្តរមានជ័យៈ ពលរដ្ឋម្នាក់កាលពីថ្ងៃសៅរ៍បានប្ដឹងមេភូមិ និងឈ្មួញរកស៊ីដីល្បីឈ្មោះម្នាក់ឈ្មោះ ជា កុយ ទៅសាលាខេត្ត និងសាលាដំបូងខេត្តឧត្តរមានជ័យ ខណៈដែលមានពលរដ្ឋប្រមាណជាង ១០០ នាក់ស្ម័គ្រចិត្តធ្វើជាសាក្សីគាំទ្រដើមបណ្ដឹង។ ប៉ុន្ដែមេភូមិជំនួសមុខឲ្យឈ្មួញល្បីឈ្មោះរូបនោះ បានប្ដឹងប្រជាពលរដ្ឋវិញពីបទបរិហារកេរ្ដិ៍សាធារណៈ។
តាមពាក្យបណ្ដឹងរបស់លោក មុត កៅ ហៅ យាន អាយុ ៥៨ ឆ្នាំរស់នៅភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោងបានបង្ហាញថា លោកជាអតីតយុទ្ធជនរស់ក្នុងជីវភាពក្រលំបាកជាមួយប្រពន្ធឈ្មោះ សាន់ ស៊ីនៀត បានដាក់ពាក្យបណ្តឹងទៅសាលាខេត្ត និងសាលាដំបូងខេត្តចំពោះបុគ្គល ៧ នាក់ ទី ១- ឈ្មោះ អ្នកស្រី វង់ ស៊ីថា មេភូមិផ្អុង ទី ២- ជា កុយ រស់នៅភ្នំពេញ ទី ៣- ឈ្មោះ តារា រស់នៅភ្នំពេញ ជាមេការរបស់ឈ្មោះ ជា កុយ និង ៤ នាក់ផ្សេងទៀតជាប្រជាការពារភូមិដោយចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងរំលោភបំពានលើដីកម្មសិទ្ធិឯកជន។
ពាក្យបណ្ដឹងនេះបញ្ជាក់ថាឈ្មោះទាំង ៧ នាក់ខាងលើបានឃុបឃិតគ្នា រំលោភយកដីស្រែចម្ការរបស់លោក ទំហំជាង ៤ ហិកតា ស្មើនឹង ៤៧.២៩១ ម៉ែត្រការ៉េ និងយកគ្រឿងចក្រប្រភេទអេស្កាវ៉ាទ័រទៅកាយបំផ្លាញផលដំណាំរួមមានដើមស្វាយចំនួន ២៥០ដើម និងដើមសិរមាន់ចំនួន ១៣ ដើម ដើមឫស្សីជាង ១០០ គុម្ព និងបង្គោលរបង ១៥០ ដើម។
ពាក្យបណ្ដឹងនោះបញ្ជាក់ថា៖ «ខ្ញុំកាន់កាប់ និងអាស្រ័យផលនៅលើដីនេះនៅដើមឆ្នាំ ១៩៩៩ និងធ្វើលិខិតផ្ទេរឲ្យប្អូននៅឆ្នាំ ២០០៧ ដោយមានការបញ្ជាក់ពីអតីតមេភូមិផ្អុងរហូតបានដាំដុះដំណាំជាច្រើន។
ពាក្យបណ្តឹងបន្តថាលុះមកដល់ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៧ អ្នកស្រី វង់ ស៊ីថា ជាមេភូមិបានចុះហត្ថលេខានៅលើប្លង់ផែនទីបង្ហាញទីតាំងនៅក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោងទៀត។ រហូតមកដល់ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ស្រាប់តែបុគ្គលទាំង ៧ នាក់ខាងលើបានយកគ្រឿងចក្រមកធ្វើសកម្មភាពបំផ្លាញផលដំណាំនៅលើដីរបស់ខ្ញុំតែម្ដង»។
លោក មុត កៅ ហៅ យាន ពលរដ្ឋដែលបានដាក់ពាក្យប្ដឹងនោះ មិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមបានទេ។
កាលពីថ្ងៃទី ២២ ខែមីនាឆ្នាំ ២០១៨ នេះមានពលរដ្ឋជាសាក្សីចូលរួមចំនួន ១១៤ នាក់ស្ម័គ្រចិត្តចេញញត្តិគាំទ្រឈ្មោះ មុត កៅ ជាដើមបណ្ដឹង និងប្រពន្ធឈ្មោះ សាន់ ស៊ីនាត និងមានកូនចំនួន ១០ នាក់រស់នៅក្នុងបន្ទុក។
លោក ជា កុយ ដែលជាចុងបណ្ដឹងនោះក៏មិនអាចទាក់ទងសុំការបញ្ជាក់បានដែរកាលពីម្សិលមិញ។ ប៉ុន្ដែអ្នកស្រី វង់ ស៊ីថា មេភូមិផ្អុងបានឲ្យដឹងថា ដីនេះមិនមែនជាដីរបស់ឈ្មោះ មុត កៅ ទេ គឺដីរបស់ឈ្មោះ ហាត់ ភាព ដោយបានលក់បន្ដឲ្យគេផ្សេងយូរហើយ «បើលោកមិនជឿសូមសួរទៅមេភូមិចាស់ទៅបានដឹងហើយ ព្រោះមេភូមិចាស់បានមកផ្ដិតមេដៃធ្វើសាក្សីឲ្យលោក មុត កៅ ដើមបណ្ដឹងទៀតផង»។
អ្នកស្រីបានថ្លែងបន្តថា អ្នកស្រីគ្រោងនឹងដាក់ពាក្យប្ដឹងពលរដ្ឋរូបនេះវិញពីបទបរិហារកេរ្ដិ៍ជាសាធារណៈ ដោយចោទថាអ្នកស្រីបានឃុបឃិតគ្នាចេញឯកសារខុសច្បាប់ឲ្យទៅឈ្មោះ ជា កុយ ខណៈដែលអ្នកស្រីបានធ្វើអ្វីៗទៅតាមនីតិវិធីច្បាប់។
លោក ហង់ ហ្រ៊ីដ្ដា អ្នកនាំពាក្យតុលាការខេត្តឧត្តរមានជ័យបានឲ្យដឹងថា លោកទើបតែបានទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋឈ្មោះ មុត កៅ ដែលប្ដឹងអ្នកស្រី វង់ ស៊ីថា មេភូមិរបស់គាត់។ ប៉ុន្ដែការចាត់ចែងយ៉ាងណានោះ គឺស្ថិតនៅលើចៅក្រមជាអ្នកសាកសួរ និងសម្រេចតាមស្ថានភាពជាក់ស្ដែង។
លោកបញ្ជាក់ថា៖ «ខ្ញុំទើបតែទទួលកាលពីម្សិលមិញ ហើយខ្ញុំបានប្រគល់ជូនទៅថ្នាក់លើទៀត ហើយការសម្រេចបែបណានោះនឹងធ្វើតាមនីតិវិធីច្បាប់»។
លោក ស្រី ណារ៉េន មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តឧត្តរមានជ័យបានថ្លែងថា លោកនៅមិនទាន់បានដឹងពីបញ្ហានេះនៅឡើយទេ ប៉ុន្ដែយ៉ាងណាក្តីលោកនឹងបន្តឃ្លាំមើលស្ថានភាពនេះ៕