កំពង់ស្ពឺៈ ពលរដ្ឋ​ប្រមាណ​ជាង​ ២០ ​នាក់​ប្រើ​ហិង្សា​តវ៉ា​ដុត​ឈើ​ប្រឆាំង​នឹង​កម្លាំង​នគរបាល​យុត្តិធម៌​នៅ​ស្រុក​ភ្នំស្រួច​កំពុង​តែ​ត្រូវបាន​ស្រាវជ្រាវ​ស្រប​ពេល​ដែល​មាន​ការ​ចោទប្រកាន់​ថា​មន្ដ្រី​យោធា​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង​រឿង​នេះ​។

លោក ជា សារ៉ន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​បសេដ្ឋ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កម្លាំង​រដ្ឋបាល​ព្រៃឈើ និង​នគរបាល​ស្រុក​ភ្នំស្រួច​ជាង​ ១០ ​នាក់​ទៅ​បង្ក្រាប​ការ​ស្តុក​ឈើ​ខុស​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ការ​លាក់​ឈើ​ខុស​ច្បាប់​នៅ​តាម​វាលស្រែ​នៅ​ក្នុង​ឃុំ​តាំងស្យា​។ ប៉ុន្តែ​ខណៈ​ពេល​ដែល​កម្លាំង​កំពុង​ចុះ​បង្ក្រាប​នោះ ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ២០ ​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​ទៅ​រារាំង​ការ​អនុវត្ត​ច្បាប់​នោះ ហើយ​បាន​យក​ជញ្ជ្រាំង​ស្រូវ និង​ស្លឹកត្នោត​ដុត​ឈើ​ចោល​អស់​មួយ​កំណាត់​ធំ​ទៀត​ផង​។ លើស​ពី​នោះ​ពលរដ្ឋ​ក៏​ប៉ុនប៉ង​រក​ដុត​ទាំង​ឡាន ដែល​យក​ទៅ​ស្ទូច​ឈើ​នោះ​ចោល​ផង​ដែរ​។

លោក សារ៉ន ថ្លែង​ថា​៖ «​យើង​មិន​បាន​ដឹងថា​ឈើ​ជា​របស់​អ្នកណា​ឲ្យ​ពិតប្រាដក​ទេ តែ​ពលរដ្ឋ​អះអាង​ថា​ឈើ​នោះ​ជា​របស់​គាត់​។ រក​ដុត​ទាំង​ឡាន​ទៀត​។ [​យើង​] ​ភ័យ​ដែរ​ហ្នឹង​»​។

លោក សារ៉ន ថ្លែង​ថា​៖ «​ពាក់ព័ន្ធ​ផ្លូវ​ច្បាប់​អ្នក​ដែល​រារាំង​ហ្នឹង​គឺ​ខុស​ទាំង​ស្រុង​ហើយ តែ​យើង​ធ្វើ​មិន​កើត ដោយសារ​តែ​គាត់​ជា​ប្រជាពលរដ្ឋ ហើយ​គ្នា​ច្រើន​នាក់​។ សំខាន់​មិន​បាន​ចូលរួម​ជ្រោមជ្រែង​ទាំងអស់​គ្នា​។ ខ្ញុំ​ព្យាយាម​អស់​លទ្ធភាព តែ​ពលរដ្ឋ​ចាប់​ក្រៀក​ដៃ​។ គាត់​គិត​ថា​កម្លាំង​យើង​មិន​តបត ទើប​ហ៊ាន​ដុត​»​។

ទោះ​យ៉ាង​ណា​ការ​ដុត​នោះ​មិន​បាន​បង្ក​របួស​ស្នាម​ដល់​កម្លាំង​ជំនាញ​នោះ​ទេ​។ ដោយសារ​តែ​ឈើ​នោះ​ដាក់​នៅ​កន្លែង​ផ្សេងៗ​គ្នា​ជាច្រើន​កន្លែង​តាម​វាលស្រែ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ ទើប​កម្លាំង​រដ្ឋបាល​ព្រៃឈើ​អាច​ស្ទូច​រឹបអូស​បាន​ ២ ​កំណាត់​ធំៗ​យក​ទៅ​រក្សា​ទុក​។

លោក សារ៉ន បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​ស្រាវជ្រាវ​លើ​ករណី​នេះ​ដើម្បី​រក​អ្នក​ទទួល​ខុសត្រូវ នៅ​ពេល​ដែល​ស្រាវជ្រាវ​ដឹង​ឈ្មោះ​អ្នក​ពាក់ព័ន្ធ​ហើយ​នឹង​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន​អះអាង​ថា ឈើ​នោះ​គេ​បាន​លក់​ទៅ​ឲ្យ​ឈ្មួញ​ម្នាក់​ជា​មន្ត្រី​យោធា​ឈ្មោះ​ យឹម សុផាន់ ហើយ​បើ​ឈើ​ត្រូវ​បាន​រឹបអូស​យក​អស់​នោះ​ពលរដ្ឋ​ជា​អ្នក​ទទួល​ខុសត្រូវ​ចេញ​លុយ​សង​ទៅ​លោក​ សុផាន់ ​វិញ​។ ឈើ​ទាំង​នោះ​ជា​ប្រភេទ​ឈើ​ម្រេញ​សរុប​ជាង​ ១០ ​កំណាត់ ដែល​គេ​កាប់​មកពី​តំបន់​ជួរ​ភ្នំក្រវាញ​។

លោក ហ៊ាន ថ្លែង​ថា​៖ «​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ឈ្មួញ​ឈើ​ឈ្មោះ​ យឹម សុផាន់ ​ដែល​ជា​មន្ត្រី​យោធា​ហ្នឹង​បាន​ឲ្យ​ទៅ​បាតុកម្ម គំរាម​ដុត​ឡាន និង​ដុត​ឈើ​ចោល​ពលរដ្ឋ​ទាំង​នោះ​ជា​អ្នកលក់​ឈើ​ឲ្យ​ យឹម ​សុផាន់​។ មិនមែន​ជា​ឈើ​គ្រឿង​ផ្ទះ​ទេ​»​។

លោក​ ជា ហ៊ាន ​បាន​ឲ្យ​ដឹង​ថា​លោក​ យឹម សុផាន់ គឺជា​ឪពុក​របស់​ឈ្មោះ​ យឹម សុកាន ​ជា​មន្ត្រី​យោធា​នៅ​អង្គភាព​រថក្រោះ ដែល​ត្រូវ​បាន​មន្ត្រី​អាវុធហត្ថ​ចាប់​ពី​បទ ​«​ប្រើប្រាស់​រថយន្ត​ពណ៌​ត្រេអ៊ី​ និង​ក្លែង​ស្លាក​លេខ​» ​យក​ទៅ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​។ ដែល​ជា​អ្នក​រកស៊ី​ឈើ​ជាច្រើន​ឆ្នាំ​ហើយ​។

លោក ជា ហ៊ាន ​បញ្ជាក់​ថា​៖ «​គាត់​ថា គាត់​ជា​មិត្តភក្តិ​របស់​រដ្ឋបាល​ព្រៃឈើ​របស់​អភិបាល​ខេត្ត និង​បង​ប្អូនធម៌​ជាមួយ​ព្រះរាជអាជ្ញា​។ អ៊ីចឹង​រាយការណ៍​ទៅ​ស្ថាប័ន​ណា​ក៏​គ្មាន​នរណា​ចាប់​ដែរ​។ គាត់​ថា​រាយការណ៍​ក៏​អត់​ប្រយោជន៍​ដែរ​»​។

ទោះ​យ៉ាង​ណា​លោក ​យឹម សុផាន់ ​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំង​នោះ ហើយ​ក៏​អត់​មាន​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ព្រៃឈើ ឬ​បាន​ឲ្យ​ពលរដ្ឋ​ទៅ​បាតុកម្ម​យក​ឈើ​នោះ​ទេ​។

លោក​ សុផាន់ ថ្លែង​ថា​៖ «​អូ អត់​ពាក់ព័ន្ធ​ជាមួយ​ខ្ញុំ​ទេ​។ រឿង​ហ្នឹង​គឺ​អត់​ពាក់ព័ន្ធ​ជាមួយ​ខ្ញុំ​។ អត់​ទេ​។ ខ្ញុំ​គ្មាន​បញ្ជា​ដល់​ពលរដ្ឋ​ណា​ម្នាក់​ទេ​»​។

ទាក់ទង​ទៅ​នឹង​ការ​ចោទប្រកាន់​កូនប្រុស​របស់​លោក​វិញ លោក​ សុផាន់ ​បាន​អះអាង​ថា រថយន្ត​នោះ​ត្រូវ​បាន​កូនចៅ​របស់​កូនប្រុស​លោក​យក​ទៅ​ស៊ីឈ្នួល​ដឹកឈើ​ឲ្យ​គេ​។ រីឯ​កូនប្រុស​លោក​មិន​បាន​ដឹង​នោះ​ទេ តែ​បែរ​មាន​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន និង​ចាប់​ខ្លួន​កូនប្រុស​លោក​​មុន​ថ្ងៃ​កំណត់​ទៅ​វិញ​។

លោក​អះអាង​ថា ​កូនប្រុស​របស់​លោក​ក៏​បាន​ដាក់​ពាក្យ​ប្រើ​ស្លាក​លេខ ខ.ម ​នោះ​ដែរ​៕