ស្ទឹងត្រែងៈ អ្នក​ភូមិ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង និង​យុវជន​មកពី​ភូមិ​ក្បាល​រមាស និង​ស្រែគ​នៃ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន​ប្រមាណ​ជាង​ ១០០ ​នាក់​កាលពី​ម្សិលមិញ​អះអាង​ថា​ពួកគេ​សុខចិត្ត​ស្លាប់ និង​មិន​ព្រម​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពី​ភូមិ​ចាស់​ជា​ដាច់​ខាត បើ​ទោះបី​ជា​ត្រូវ​ប្រឈម​នឹង​ការ​រស់នៅ​ដោយ​លិច​ទឹក​ក្តី​។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​វេទិកា​មួយ​ក្រោម​ប្រធានបទ​ «​ព្រេង​និទាន ទ្រាញ់​យ៉ាំង​» បកប្រែ​ថា​រឿងរ៉ាវ​អំពី​ដែនដី​ភាគ​ឦសាន​ខេត្ត​ស្ទឹងត្រែង​ដើម្បី​បង្ហាញ​ពី​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ការ​ប្រមូល​ផល​អនុផល​ព្រៃឈើ ទន្លេ​សេសាន និង​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ភាគ​ឦសាន​រាប់ពាន់​នាក់​ដែល​ទទួល​រង​ផលប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ទំនប់​​វារីអគ្គិសនី​សេសាន​ក្រោម​ ២​។

អ្នកស្រី​ សារុន សាខុម ពលរដ្ឋ​ភូមិ​ស្រែគ​ថ្លែង​ថា​បញ្ហា​ក្តៅ​ដែល​សហគមន៍​កំពុង​តែ​ប្រឈម​ខ្លាំង​នោះ​គឺ​នយោបាយ​សំណង​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​បាន​រៀបចំ​រួច​ជា​ស្រេច​ដោយ​អាជ្ញាធរ​មិន​បាន​បើក​ឱកាស​ឲ្យ​ប្រជាសហគមន៍​ និង​ភាគី​ពាក់ព័ន្ធ​ចូលរួម​ជជែក​ពិភាក្សា​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​រក​ដំណោះស្រាយ​ពី​ផលប៉ះពាល់​ទាំង​នោះ​។ «​កត្តា​ជំរុញ​ឲ្យ​ខ្ញុំ​ និង​ប្រជាសហគមន៍​តាំង​ចិត្ត​ស៊ូស្លាប់​មិន​ចេញ​ពី​ដី​ភូមិ​នោះ​ព្រោះ​វា​ជា​ដី​តាំង​ពី​ដូនតា​ដី​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​ងាយស្រួល​ក្នុង​ការ​ប្រក​បរបរ​ចិញ្ចឹម​ជីវិត ការ​នេសាទ កសិកម្ម​។

អាជ្ញាធរ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​រៀបចំ​សំណង​ជូន​ពលរដ្ឋ​ដោយ​គ្មាន​តម្លាភាព​ហើយ​បាន​គំរាម​កំហែង​ឲ្យ​ពលរដ្ឋ​ត្រូវ​ចាកចេញ​ហើយ​ទទួល​យក​សំណង​ដែល​បាន​រៀបចំ​ទុក​ឲ្យ​បាន​មុន​ឆ្នាំ​ ២០១៧ ​។ ពួក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​»​។

អ្នកស្រី ច្រូ ដាំ អាយុ​ជាង ៤០ ​ឆ្នាំ​មកពី​ភូមិ​ក្បាលរមាស​បាន​លើក​ឡើង​ថា ពលរដ្ឋ​ទាំង​នេះ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ដី​ភូមិឋាន​ចាស់​របស់​ខ្លួន និង​ដីព្រៃ​របស់​សហគមន៍​ដែល​ធ្លាប់​តែ​អាស្រ័យ​ផល​តាំង​ពី​ដូនតា​មក​នោះ​ទេ បើ​ទោះបី​ជា​មាន​សំណង​ច្រើន​លើស​លប់​យ៉ាង​ណា​ក៏ដោយ​។ «​ពួក​ខ្ញុំ​សូម​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ទឹក​លិច​ភូមិ និង​កុំ​បណ្ដេញ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ចេញ​ពី​ភូមិ​ចាស់​»​។

អ្នកស្រី ស្រាំង ឡាញ់ តំណាង​សហគមន៍​ក្បាល​រមាស​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​ទាក់ទិន​នឹង​បញ្ហា​សំណង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​លើស​ពី​គម្រោង​ស្តារ​បាត​អាង​ទំនប់​មាន​ចំនួន​រាប់ម៉ឺន​ហិកតា​យ៉ាង​អនាធិបតេយ្យ​។

លោក ហែម ឧត្តម អ្នក​ប្រឹក្សាយោបល់​ឯករាជ្យ​ថ្លែង​ថា​ជនជាតិ​ភាគតិច​គឺជា​ជនជាតិ​ដែល​ងាយ​រងគ្រោះ​ជាងគេ​បង្អស់​ដែល​ស្ថិត​នៅ​ក្រោម​ស្លាក​ថា​អភិវឌ្ឍ​ដូច្នេះ​បាន​ជា​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គោរព និង​ឲ្យ​តម្លៃ​ទៅ​លើ​ពួកគាត់​។

លោក ម៉ែន គុង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​ថ្លែង​ថា​បញ្ហា​ដែល​ពួកគាត់​ចង់​ទៅ​រស់នៅ​កន្លែង​ចាស់​នោះ​គឺ​មិន​អាច​ទៅ​រួច​ទេ ព្រោះ​ពេល​នេះ​ទឹក​កំពុង​លិច​ភូមិ​របស់​ពួកគាត់ ហើយ​ក៏​មិន​ទាន់​ដឹង​ថា​ពេល​ណា​វា​ស្រក​វិញ​ទេ​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​នៅ​តែ​រង់ចាំ​ទទួល​ពួកគាត់​មក​ទទួល​សំណង​ដែល​យើង​បាន​ផ្ដល់​ឲ្យ​ស្មើៗ​គ្នា​»៕