ភ្នំពេញៈ ប្រជាពលរដ្ឋ​ ២៦ ​សហគមន៍​មកពី​ខេត្ត​ចំនួន​ ៤ ប្រមាណ​ជាង​ ៣០០ ​នាក់​កាលពី​ម្សិលមិញ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង​ភ្នំពេញ ដោយ​យក​ញត្តិ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ទៅ​ដាក់​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ខណៈ​ដែល​ពលរដ្ឋ​ជាង​ ៣០០ ​នាក់​ផ្សេងទៀត​មកពី​ខេត្ត​ស្វាយរៀង​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ហាមឃាត់​ក្នុង​ការ​មក​ដាក់​ញត្តិ​នេះ​ដែរ​។

ខេត្ត​ទាំង ៤ ដែល​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ឡើង​មក​តវ៉ា​រហូត​ដល់​ភ្នំពេញ​នេះ គឺ​ខេត្ត​កណ្តាល ស្វាយរៀង ត្បូងឃ្មុំ និង ខេត្ត​ព្រះសីហនុ​។ ទោះជា​យ៉ាង​ណា មន្ត្រី​ដែល​បាន​ទទួល​ញត្តិ​អះអាង​ថា នឹង​យក​ទៅ​ពិនិត្យ និង​ដោះស្រាយ​ម្តង​មួយៗ​។

អ្នកស្រី ខៀវ សាវុន តំណាង​សហគមន៍​មកពី​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​បាន​លើក​ឡើង​ថា ក្រុមហ៊ុន អិន.ខេ.វិនឈ័រ (N.K Ventures) ​បាន​រំលោភ​លើ​ដី​ជាង​ ៨០០ ​ហិកតា​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៤៤០ ​គ្រួសារ​នៅ​ឃុំ​អម្ពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង​។

អ្នកស្រី​បន្ថែម​ថា ពួកគាត់​បាន​ដាំដុះ​នៅលើ​ដី​ទំនាស់​នេះ​តាំងពី​យូរណាស់​មក​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៤ ​ក្រុមហ៊ុន​មួយ​នេះ​បាន​បណ្តេញ​ពួកគាត់​មិន​ឲ្យ​ដាំ​ដុះ​លើ​ដី​នោះ​បន្ត​ទៀត ហើយ​ពួកគាត់​ក៏​បាន​តវ៉ា​ជា​បន្តបន្ទាប់​មក​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ដី​ហ្នឹង​ពីមុន​របស់​ពួក​ខ្ញុំ ហើយ​ក្រោយ​មក​រដ្ឋ​យក​វិនិយោគទុន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​ពួក​ខ្ញុំ​ទេ​។ ខ្ញុំ​មក​នេះ​សុំ​ឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ ជា សុផារ៉ា ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង ពួក​ខ្ញុំ​គ្មាន​ដី​សម្រាប់​ធ្វើ​ផ្ទះ​រស់នៅ​ទេ គ្មាន​ស្រែចម្ការ​សម្រាប់​ដាំដុះ​ទេ​»​។

លោក សេន ចន្ថា តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មកពី​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ដី​កំពុង​មាន​ជម្លោះ​ចំនួន​ ៣ ​តំបន់​រួមមាន តំបន់​ថ្ម​ធំ តំបន់​អណ្ដូងទឹក និង​តំបន់​ព្រែក​ត្របែក​ចំនួន ៣០០ ​ហិកតា ដែល​បាន​ប៉ះពាល់​ប្រជាសហគមន៍​ ១០៦ ​គ្រួសារ​ចាប់​តាំងពី​ឆ្នាំ ២០០៧ ហើយ​ថា កន្លង​មក​មាន​ការ​ជួយ​សម្របសម្រួល​ដោះស្រាយ​ជាច្រើន​លើក​មក​ហើយ ប៉ុន្ដែ​មិន​ទាន់​បាន​បញ្ចប់ និង​មិនទាន់​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដី​អាស្រ័យ​ផល​បាន​ទេ​។

លោក​ថា​៖ «​បញ្ហា​ដី​នេះ​បាន​ពន្យារពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដោយ​មន្ត្រី​គ្រាន់តែ​ប្រាប់​ឲ្យ​ពលរដ្ឋ​នៅ​ចាំ​បន្ដិច​ទៀត​សិន​ទៅ រង់ចាំ​គេ​ដោះស្រាយ​ឲ្យ​តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គឺ​មិន​បាន​ឃើញ​ចុះ​មក​អន្តរាគមន៍​ទេ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ដី​នោះ​ទៀត​។ ជីវភាព​ពួកយើង​ពិតជា​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​តែ​រង់ចាំ​គេ​ដោះស្រាយ​ដី​នេះ​»​។

លោក​ថា លោក​ក៏​បាន​ជំរុញ​ឲ្យ​ពន្លឿន​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​នេះ ព្រោះ​វា​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

លោក​ ញ៉ិល ភាព មន្ត្រី​សម្រប​សម្រួល​សហគមន៍​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ​លើក​ឡើង​ថា មុន​ពេល​ប្រជាពលរដ្ឋ​សម្រេចចិត្ត​មក​ដាក់​ញត្តិ​នៅតាម​ស្ថាប័ន​កំពូលៗ ពួកគាត់​បាន​សុំ​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរខេត្ត និង​មូលដ្ឋាន​របស់​ពួកគាត់​ជាច្រើន​លើក​មក​ហើយ ប៉ុន្ដែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​។

ពលរដ្ឋ​មក​តវ៉ា​រឿង​ដីធ្លី​នៅ​ក្រសួង​ដែនដី​ពី​ម្សិលមិញ​។ហុង មិនា

លោក​និយាយ​ថា​៖ «​ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ​មូលដ្ឋាន​ហើយ តែ​បើ​នៅ​ស្ថាប័ន​កំពូល​របស់​ជាតិ​ទាំង​នេះ​នៅ​មិន​អាច​ដោះស្រាយ​បាន​ទៀត​ទាំង​ខ្ញុំ ទាំង​ពួកគាត់​ក៏​មិន​ដឹង​ថា​យក​ញត្តិ​ទៅ​ដាក់​នៅ​ទី​ណា​ទៀត​ដែរ​»​។

លោក​ថា​មន្ត្រី​រដ្ឋាភិបាល​គួរ​ពន្លឿន​ការដោះស្រាយ​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់ ព្រោះ​វិវាទ​ដីធ្លី​នេះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគាត់​ជា​ខ្លាំង​។

លោក​ អុល សុខយស អនុប្រធាន​រដ្ឋបាល​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បាន​ចុះ​មក​ទទួល​ញត្តិ​ពី​ប្រជាពលរដ្ឋ​ដោយ​លោក​បាន​លើក​ឡើង​ថា បញ្ហា​វិវាទ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នីមួយៗ​ត្រូវ​បាន​មន្ត្រី​យក​ទៅ​ពិនិត្យ ទាំង​ឯកសារ​ពលរដ្ឋ និង​ឯកសារ​ក្រុមហ៊ុន និង​ថ្លឹងថ្លែង​តាម​ទំហំ​នៃ​ការប៉ះពាល់​ពលរដ្ឋ​។ ម្យ៉ាង​ទៀត​ពិនិត្យ​មើល​លទ្ធភាព​តាម​នីតិវិធី​នៃ​ច្បាប់ និង​ពិនិត្យ​មើល​ប្រវត្តិ​ដីធ្លី​នៅ​តំបន់​នោះ​ឲ្យ​បាន​ច្បាស់លាស់​។

លោក​ថា​៖ «​យើង​នៅ​ធ្វើការ​ស្រាវជ្រាវ​ថា តើ​ពួកគាត់​រស់នៅ​ដោយ​ស្រប​ច្បាប់ ឬ​ខុស​ច្បាប់​? ហើយ​នរណា​រំលោភ​យក​នោះ រំលោភ​ដោយ​របៀប​ណា​? ​ការ​ដោះស្រាយ​វា​មិនមែន​ដោះ​បាន​ភ្លាមៗ​ដូច​ចិត្ត​ពួកគាត់​ដែល​ចង់​បាន​ឯណា ប៉ុន្ដែ​ពេល​យើង​ដោះស្រាយ​ជាក់ស្ដែង​គឺ​ត្រូវ​ប្រើ​ពេលវេលា​»​។

តាម​របាយការណ៍​របស់​អង្គការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) ​បង្ហាញ​ពី​ម្សិលមិញ ពលរដ្ឋ​ដែល​មាន​ផលប៉ះពាល់​សរុប​ ៦៨២២ ​គ្រួសារ​លើ​ផ្ទៃដី​ចំនួន​ ១៩២៤៥,០២ ​ហិកតា​។ ទំនាស់​អូសបន្លាយ​ជាង​ ១០ ​ឆ្នាំ​ឯ​ការទាមទារ​របស់​ពួកគេ​តែងតែ​ទទួល​ការគំរាម​កំហែង​។

ពី​ម្សិលមិញ​លោក​ ម៉ែន វិបុល អភិបាល​ខេត្ត​ស្វាយរៀង​និយាយ​ថា ប្រជាពលរដ្ឋ​ទាំងនោះ​មិន​ត្រូវ​បានទទួល​ស្គាល់​ជា​ជនរងគ្រោះ​ដោយសារ​ដីធ្លី​នោះ​ទេ ដោយសារ​អាជ្ញាធរ និង​ក្រសួង​ដែនដី​បាន​ចុះ​ទៅ​វាស់វែង និង​កាត់​ឲ្យ​ពួកគាត់​រួចរាល់​ហើយ​។

លោក​ថា​៖ «​ប៉ុន្តែ​គាត់​នៅ​តែ​ទាមទារ​នេះ​ទាមទារ​នោះ​ជឿ​តាម​អ្នក​ញុះញង់​ពីក្រោយ​។ ពួកគាត់​ទាំងអស់​នោះ​មិន​មាន​អ្វី​ជា​អំណះអំណាង​ក្នុង​ការតវ៉ា​ទេ​ព្រោះ​មន្ត្រី​សុរិយោដី​បាន​ច្រាន​ចោល​ឯកសារ​ដែល​មិន​ពិត​ទាំងអស់​នេះ​»៕