ភ្នំពេញៈ អតីត​សកម្មជន​បឹងកក់ និង​ជា​ម្ចាស់​ពាន​រង្វាន់​ផ្នែក​តស៊ូ​មតិ ហើយ​ដែល​រង​បណ្តឹង​ពាក់ព័ន្ធ​បង្ក​របួស​ស្នាម​ក្នុង​ការ​ធ្វើ​កូដកម្ម​កាលពី​ឆ្នាំ​ ២០១៣ ​នៅ​ក្បែរ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បាន​តុលាការ​កំពូល​កាលពី​ម្សិលមិញ​សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ថ្នាក់​ក្រោម​ឲ្យ​ជាប់​ពន្ធនាគារ ២ ឆ្នាំ​កន្លះ​ដដែល បន្ទាប់ពី​បើក​សវនាការ​ជំនុំជម្រះ​ប្រមាណ​ជាង​ ១ ​ម៉ោង​មក​។

ក្នុង​ការ​ជំនុំជម្រះ​ដែល​មាន​សមាសភាព​ចៅក្រម ៥ រូប​នោះ​លោកស្រី​ចៅក្រម គឹម សត្ថាវី ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​សាលដីកា​នៅ​ចំពោះ​មុខ​អ្នកស្រី ទេព វន្នី ថា​ក្រោយ​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​ពិភាក្សា​គ្នា​មក​យល់​ឃើញ​ថា ប្រការ​ដែល​ជន​ជាប់ចោទ ទេព វន្នី និង​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់ចោទ​លើក​ឡើង​ថា​មិន​បាន​ប្រព្រឹត្ត​ក្នុង​អំពើ​ហិង្សា​នោះ​គឺជា​ការ​មិន​ត្រឹមត្រូវ​ទេ ហើយ​សភា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​សម្រេច​មក​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ច្បាប់​ហើយ​។

លោកស្រី​ចៅក្រម គឹម សត្ថាវី ​បញ្ជាក់​ថា​៖ «​សំអាង​លើ​ចម្លើយ​ជនរងគ្រោះ​ឈ្មោះ​ ហោ ហឿន ​និង​ឈ្មោះ​ អ៊ុក រតនា រួម​សាក្សី​ដែល​បាន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ថ្នាក់​ក្រោម​គឺ​មាន​ភាព​ស៊ីចង្វាក់​គ្នា​នៃ​ការ​ប្រព្រឹត្ត​របស់​ជន​ជាប់​ចោទ​។ ចំពោះ​មេធាវី​លើក​ឡើង​ថា​មាន​វិមតិ​សង្ស័យ​ច្រើន​ក្នុង​សំណុំ​រឿង​នេះ​នោះ​តុលាការ​មិន​យល់​ស្រប​ឡើយ​...»​។

នៅក្នុង​សវនាការ​ពី​ម្សិលមិញ​នេះ​ដែរ​លោកស្រី​ សាម សុគន្ធា ​និង​លោក​ ហម ស៊ុនរិទ្ធ ​ជា​មេធាវី​ការពារ​សិទ្ធិ​បាន​សន្និដ្ឋាន​ថា​ការ​ចោទប្រកាន់​មក​លើ​កូនក្តី​លោកស្រី​នេះ​លោកស្រី​នៅ​តែ​មើល​ឃើញ​ថា​មាន​វិមតិសង្ស័យ​ច្រើន​បើ​ផ្អែក​តាម​មាត្រា ៣៨ នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​ ៣៥១ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​មាត្រា​ ២៤ ​នៃ​ក្រមព្រហ្មទណ្ឌ​។ «​ចម្លើយ​ដើម​បណ្តឹង​ដែល​ឆ្លើយ​កន្លង​មក​សុទ្ធតែ​ជា​ចម្លើយ​ដាក់​បន្ទុក​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ​។ បន្ទាប់ពី​ដាក់​បណ្តឹង​មក​ពួកគាត់​ចូល​បំភ្លឺ​នៅ​តុលាការ​បាន​តែ​ម្តងគត់​។ ​ពួកគាត់​ចោទ​ដោយ​គ្មាន​រូបភាព​ និង​សំឡេង​ដើម្បី​សំអាង​ជា​ភ័ស្តុតាង​ឡើយ​»​។

បន្ទាប់ពី​បញ្ចប់​ការ​ប្រកាស​សាលដីកា​ហើយ​ត្រូវ​អម​ដោយ​កង​អនុរក្ស​ពន្ធនាគារ​បណ្តើរ​ចេញ​ពី​បន្ទប់​សវនាការ​ឡើង​រថយន្ត​ទាំង​តក់ក្រហល់​នោះ​អ្នកស្រី ទេព វន្នី ​បាន​និយាយ​មុន​ត្រូវ​បង្ខំ​ឲ្យ​ឡើង​រថយន្ត​បាន​ប៉ុន្មាន​ម៉ាត់​ថា​៖ «​ពេល​នេះ​សេរីភាព​សម្រាប់​ខ្ញុំ​គ្មាន​ទេ តែ​មាន​តែ​ភាព​អយុត្តិធម៌​សម្រាប់​ខ្ញុំ​»​។

កូនស្រី អ្នកស្រី ទេព វន្នី នៅ​មុខ​តុលាការ​កំពូល​។ផា លីណា

នៅ​ខាង​ក្រៅ​របង​តុលាការ​​កំពូល​អ្នកស្រី បូវ សោភា ក្នុង​ចំណោម​អ្នក​មក​គាំទ្រ​អ្នកស្រី​ ទេព វន្នី ប្រមាណ​ ២០ ​នាក់​បាន​និយាយ​ថា​នៅ​គ្រប់​ទីកន្លែង​ណា​ក៏ដោយ​ឲ្យ​តែ​មាន​ទំនាស់​ដីធ្លី​ហើយ​ចូល​តុលាការ​គឺ​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ទេ​មិន​ដែល​មាន​ក្តីសង្ឃឹម​ទេ​បើ​សិន​ជា​គ្មាន​លុយ​ពុករលួយ​ឲ្យ​តុលាការ​។

អ្នកស្រី​ថា​៖ «​តុលាការ​ចោទ​អ្នកស្រី​ ទេព វន្នី ​គ្មាន​សាក្សី​គ្មាន​ភ័ស្តុតាង​គឺ​គេ​ចោទ​តែ​តាម​ពាក្យបណ្តឹង​ហើយ​តុលាការ​គួរ​តែ​ដោះលែង​ឲ្យ​អ្នកស្រី​ ទេព វន្នី ​បាន​ជួបជុំ​កូន​ដែល​គ្នា​បែក​ម្តាយ​ព្រោះ​តំបន់​បឹងកក់​រដ្ឋាភិបាល​បាន​ដោះស្រាយ​អស់​ហើយ​។ ​បញ្ចប់​ការ​គុំកួន​លើ​ស្ត្រី​ម្នាក់​នេះ​ទៅ​។ តុលាការ​គួរ​តែ​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​ខ្ញុំ​តែ​ផ្ទុយ​ទៅ​វិញ​មិន​បាន​ជួយ​ពួក​ខ្ញុំ​ហើយ​ថែម​ទាំង​ព្រួត​គ្នា​ធ្វើ​បាប​ពួក​ខ្ញុំ​...»​។

លោក អំ សំអាត ទីប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​លីកាដូ​ថ្លែង​ថា​លោក​មាន​ការ​សោកស្តាយ​ចំពោះ​សាលដីកា​នេះ​ព្រោះ​អ្នកស្រី វន្នី អាច​ត្រូវ​បាន​លើកលែង​ការ​ចោទ​ហើយ​ឲ្យ​គាត់​ទៅ​ថែរក្សា​កូនៗ និង​ម្តាយ​ចាស់ជរា​។ រឿង​នេះ​ជា​ការ​ផ្តើម​ចេញ​ពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​តំបន់​បឹងកក់​។

គួរ​រំឭក​ថា​កាលពី​ថ្ងៃ​ទី​ ១៣ ​ខែ​មីនា ឆ្នាំ​ ២០១៣ អ្នកស្រី វន្នី ​បាន​ចូលរួម​ដាក់​ញត្តិ​ពាក់ព័ន្ធ​ដីធ្លី​នៅ​បឹងកក់​ហើយ​បាន​ដើរ​ជា​ក្បួន​ទៅ​ក្រសួង​យុត្តិធម៌ ហើយ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន ទៀត​។ ប៉ុន្តែ​ត្រូវ​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​រារាំង និង​វាយតប់​គ្នា​ដែល​បណ្តាល​ឲ្យ​ក្រុម​ហែ​ក្បួន​រងរបួស​៕