ភ្នំពេញៈព្រះមហាក្សត្រ​ នរោត្តម សីហ​មុនី អម​ព្រះរាជ​ដំណើរ​ដោយ​សម្ដេច​ម៉ែ ន​រោត្តម ​មុន្នីនាថ ​សីហនុ នៅ​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ បាន​យាង​ចាក​ចេញ​ពី​ប្រទេស​ដើម្បី​ទៅ«ពិ​និ​ត្យ​ព្រះរាជ​សុខ​ភាព»ក្នុង​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ខណៈ​ដែល​ព្រះអង្គ​បាន​ផ្ទេរ​ព្រះរាជសិទ្ធិ​ ឲ្យ​លោក សាយ ឈុំ ​ប្រធាន​ព្រឹទ្ធសភា​ ដែល​នឹងត្រូវ​ចុះហត្ថលេខា​ ក្នុងឋានៈ​ជា​ប្រមុខ​រដ្ឋស្ដីទី​ លើ​វិសោធនកម្ម​ច្បាប់​ ដែល​មាន ភាព​​ចម្រូង​ច្រាស​ ដែល​ច្បាប់​ទាំង​នេះ ត្រូវ​បាន​​អង្គការ​ជាតិ និង​អន្តរ​ជាតិ​ចាត់ទុក​ថា​ ជាការ«គំរាម​កំហែង​ធ្ងន់​ធ្ងរ» និង​ជា«គ្រោះ​មហន្តរាយ​ សម្រាប់​សេរីភាព ​នៃ​ការ​បញ្ចេញ​មតិ»​នៅ​កម្ពុជា​។

​វិសោធន​កម្ម​​ច្បាប់​ទាំង ៤ ដែល​ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​ គណបក្សកាន់​អំណាច​ អនុម័ត​ដោយ​សំលេង​ឯក​ច្ឆ័​ន ​កាលពី​ថ្ងៃ​ពុធ នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្ម​នុញ្ញ ដើម្បី​ពិនិត្យ​ពី​ធម្ម​នុញ្ញ​ភាព មុន​នឹង​​ថ្វាយ​ទៅ​ព្រះ​មហាក្សត្រ​ ដើម្បី​ឡាយ​ព្រះ​ហស្ថ​លេខា មុន​ពេល​ដាក់​ឲ្យ​ប្រើ​ប្រាស់។

ច្បាប់​ទាំង​នោះ រួម​មាន​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ ​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការរៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ព្រម​ទាំង​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​ លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​ការ​ជំរុញ និង​សម្រួល​ពាណិជ្ជ​កម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា វៀត​ណាម ឡាវ។

នៅឯ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ កាល​ពី​ព្រឹក​ម្សិលមិញ​ មាន​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ជា​ច្រើន​ រួម​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន ​ប្រធាន​ព្រឹទ្ធ​សភា​លោក សាយ ​ឈុំ​ និង​ប្រធាន​រដ្ឋសភា​លោក​ ហេង សំរិន​ បាន​អញ្ជើញ​ទៅ​ជូន​ព្រះ​រាជ​ដំណើរ​ព្រះ​មហា​ក្សត្រ​។

លោក អ៊ុំ ដារ៉ាវុធ នាយក​ព្រះរាជ​ខុ​ទ្ធ​កាល័យ​ ហ្លួង​ម៉ែ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖«ព្រះអង្គ​លោក​យាង​ទៅតាម​ការ​កំណត់​របស់​ក្រុម​ពេទ្យ​ចិន​ ដោយ​មានការ​ណាត់​ជួប​ក្នុង​រវាង ៦ ខែ ម្ដង​ក្នុង ១ ឆ្នាំ។ បើ​ថា​ តាម​ទម្លាប់​គ្មាន​ប​ព្ហា​ព្រះរាជ​សុខ​ភាព ព្រះអង្គ​ទ្រង់​យាង​ចេញ​តែ ១ ខែ។ ព្រះអង្គ​ទ្រង់​នឹង​យាង​មកវិញ​មុន​ចូល​ឆ្នាំ​ខ្មែរ»។

មុន​យាង​ចាក​ចេញ​ពី​ប្រទេស គឺ​នៅ​ថ្ងៃ​ទី ១៩ ខែ​កុម្ភៈ ព្រះ​អង្គ​បាន​ឡាយ​ព្រះ​ហស្ថលេខា ត្រាស់​បង្គាប់ តែង​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ២ រូប មាន​សម្ដេច​រាជបុត្រី​ព្រះអនុជ នរោត្តម អរុណរស្មី និង​លោក​ស្រី អ៊ុំ សុ​ម៉ា​និ​ន ខណៈ​ដែល​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា នឹង​​ធ្វើ​ឡើង នៅ​ថ្ងៃទី ២៥ ខែ​កុម្ភៈ​នេះ។

លោក​ ម៉ម ប៊ុន​នាង អ្នក​នាំពាក្យ​ព្រឹទ្ធសភា​ថ្លែងថា ​ព្រះមហា​ក្ស​នរោត្តម សីហមុនី កាលពី​ថ្ងៃ​ពុធ បាន​ផ្ទេរ​ព្រះរាជសិទ្ធិ​ឲ្យ​លោក សាយ​ ឈុំ ប្រធាន​ព្រឹទ្ធ​សភា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋស្ដី​ទី ខណៈ​ព្រះអង្គ​យាង​ទៅ«ពិនិត្យ​ព្រះរាជ​សុខ​ភាព​»នៅ​បរទេស​ដោយ​គ្មាន​កាល​កំណត់​។

លោ​កថា ​វិសោធនកម្ម​​ច្បាប់​ទាំង ​៤​ ដែល​ត្រូវ​ព្រឹទ្ធសភា​អនុម័ត​ កាលពី​ថ្ងៃ​ពុធ នឹងត្រូវ​លោក​សាយ ឈុំ ចុះ​ហត្ថ​លេខា​ជំនួស​ព្រះ​មហា​ក្សត្រ។ លោក​បន្ថែមថា ​វិសោធន​កម្ម​ច្បាប់​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដើម្បី​ពិនិត្យ​ធម្មនុញ្ញ​ភាព​ នៅ​ថ្ងៃនេះ​ ឬ​យ៉ាងយូ​ត្រឹម​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។

លោក​ថ្លែង​ថា៖«ក្រោយពេល​យើង​បាន​ប្រជុំ​ពេញអង្គ​អនុម័ត យើង​នឹង​រៀបចំ​បញ្ជូនទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដើម្បី​ពិនិត្យ​ទៅលើ​សំណុំ​ច្បាប់ តើ​មាន​ធម្មនុញ្ញភាព​ដែរ​ឬទេ។ បើ​ស្រប​ហើយ​ ត្រូវ​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ​ដើម្បី​​ឡាយ​ព្រះហស្ថ​លេខា​ដាក់​ឲ្យ​ប្រើ​ប្រាស់​តែម្ដង»។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ មាស នី ថ្លែង​ថា៖«អ្វីដែល​ខ្ញុំ​យល់ ព្រះ​មហាក្សត្រ​ នឹង​ប្រឈមមុខ​នឹង​ភារកិច្ច​មួយទៀត​ដែល​ទ្រង់​នឹងត្រូវ​ឡាយ​ព្រះ​ហត្ថលេខា​ លើ​ច្បាប់​ថ្មី ដូច្នេះ​ព្រះអង្គ​ប្រហែលជា​ចង់​គេចចេញ​ពីអ្វី​ទាំងអស់នេះ។ ច្បាប់​មិន​ឲ្យ​ប្រមាថ​ព្រះ​មហាក្សត្រ ​ប្រហែលជា​ផ្ទុយ​នឹង អ្វីដែល​ព្រះអង្គ​ធ្លាប់មាន​ប​ន្ទួ​លពី​ពេលមុន​ថា គ្មាន​ពលរដ្ឋ​ក​ម្ពុ​ជា​ណាមួយ​នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ដោយ​សារតែ​ពួកគេ​រិះគន់​ព្រះ​មហា​ក្សត្រ​ទេ»។

ប៉ុន្តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​​ថ្លែង​ថា ​ព្រះមហាក្សត្រ​ មិនបាន​គេច​ពី​ការ​ឡាយ​ព្រះហ​ស្ថលេខា​ លើ​វិសោធនកម្ម​​ច្បាប់​ទាំង​នេះ​នោះ​ទេ ផ្ទុយទៅវិញ ​ព្រះអង្គ​ត្រូវ​យាង​ទៅពិនិត្យ​ព្រះរាជ​សុខ​ភាព​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា​លោក​ទទួល​ស្គាល់​ថា​ ព្រះមហាក្សត្រ​ មិនបាន​ស្នើរ​ឲ្យ​មាន​វិសោធន​កម្ម​ច្បាប់​ទាំង​នោះ​ឡើយ។

លោក​ថ្លែង​ថា៖«ព្រះអង្គ​លោក​អត់​បាន​ស្នើរ ក៏​ប៉ុន្តែ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ និង​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​នាម​ជា​អ្នក​កាន់​អំណាច​ ក្នុង​របប​រាជា​ធិប​តេយ្យ​អាស្រ័យ​រដ្ឋ​ធម្មនុញ្ញ​ ត្រូ​វ​តែ​យក​ចិត្ត​ទុក​ដាក់​គិត​គូ​ការពារ​កិត្តិយស​ ការពារ​ព្រះមហាក្សត្រ​ មិន​ឲ្យ​ជន​ណា បុគ្គល​ណា​ប្រមាថ​[ព្រះ​មហាក្សត្រ​] ស្រប​ទៅ​តាម​ខ្លឹម​សារ​រដ្ឋ​ធម្មនុញ្ញ​ ដែល​ចែង​ថា​ អង្គ​ព្រះ​មហាក្សត្រ ​មិន​អាច​អ្នក​ណា​បំពារ​បំពាន​បាន​ឡើយ។​ អ៊ីចឹង​មាន​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ក៏ប៉ុន្តែ​អ្នក​ដែល​បំពារបំពាន​មិន​ទាន់​មាន​ មាត្រា​ច្បាប់​ណា​មួយ​កំណត់​ដាក់​ទោស​ទណ្ឌ​ទេ អ៊ីចឹង​បាន​ជា​ក្នុង​នាម​ ជា​អ្នក​រាជានិយម​ ជា​អ្នក​ស្រលាញ់​ព្រះករុណា​ ការ​ពារ​ព្រះករុណា ការ​ពារ​របប​រាជា​និយម​ អា​ស្រ័យ​រដ្ឋធម្មនុញ្ញ​ បាន​ជា​គណបក្ស​ប្រជាជន ​ក៏ដូចជា​ប្រមុខ​រាជរដ្ឋា​ភិបាល ​សម្ដេច​តេ​ជោ ហ៊ុន សែន លោក​ផ្តួច​ផ្តើម​គំនិត​ធ្វើ​វិសោធន​កម្ម​ច្បាប់»៕