Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះរាជអាជ្ញា​នៃ​អវតក​ស្នើ​ឲ្យ​ដាក់​​គុក នួន ជា និង​​ ខៀវ ​សំផន ​១ ​ជីវិត

Content image - Phnom Penh Post
សកម្មភាព​ធ្វើ​ត្រាប់​នៃ​របប​ខ្មែរក្រហម​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ បង្សុកូល នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក ម្សិលមិញ​។ ហុង មិនា

ព្រះរាជអាជ្ញា​នៃ​អវតក​ស្នើ​ឲ្យ​ដាក់​​គុក នួន ជា និង​​ ខៀវ ​សំផន ​១ ​ជីវិត

ភ្នំពេញ​: ការ​ស្នើ​របស់​សហព្រះរាជអាជ្ញា​សុំ​ឲ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ឲ្យ​សម្រេច​ដាក់គុក​អស់​មួយ​ជីវិត​ចំពោះ​ជន​ជាប់ចោទ នួន ជា និង ខៀវ សំផន ​នេះ​បាន​ធ្វើ​ឡើង​ជួន​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ សិស្ស និង​ព្រះសង្ឃ​ប្រមាណ​ជា​ ១០០០ ​នាក់​បាន​​ប្រមូលផ្ដុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើងឯក​គោរព​វិញ្ញាណក្ខន្ធ បង្សុកូល រាប់បាត្រ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាត់បង់​​ជីវិត​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​។

ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើជា​រៀងរាល់​ឆ្នាំ​ដោយ​មាន​ការ​សម្ដែង​ឡើង​វិញ​អំពី​កងទ័ព​ខ្មែរក្រហម​ដែល​បាន​ធ្វើ​ទារុណកម្ម និង​ការ​កាប់​សម្លាប់​យ៉ាង​ឃោរឃៅ​ព្រៃផ្សៃ​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជិត​ ២ ​លាន​នាក់​ស្លាប់​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ ៨ ​ខែ​ ២០ ​ថ្ងៃ​។

ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អ៊ំប្រុស​ម្នាក់​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នេះ​ថ្លែង​ថា​៖ «​ខ្ញុំ​សុំ​ឲ្យ​ពន្លឿន​តុលាការ​អន្តរជាតិ​ដែល​កំពុង​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​នេះ​ដើម្បី​កាត់ទោស​ពួក​អតីត​មេដឹកនាំ​ខ្មែរក្រហម​ឲ្យ​បាន​ចប់​ឆាប់ៗ និង​ដើម្បី​ជា​មេរៀន​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​ដោយ​មិន​ត្រូវ​ឲ្យ​កើតឡើង​សាជាថ្មី​ទេ​»​។

ខណៈ​ដែល លោក ងិន សេង អាយុ​ ៧០ ​ឆ្នាំ​បាន​ថ្លែង​ថា​៖ «​យើង​មិន​ដែល​ភ្លេច​ការ​រង​ទុក្ខ​វេទនា និង​ការ​ធ្វើ​ទារុណកម្ម​ទាំងអស់​នោះ​ទេ​ទាំង​មិត្តភក្តិ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​។ ខ្ញុំ​បាន​បាត់បង់​សាច់ញាតិ និង​សមាជិក​គ្រួសារ​អស់​ចំនួន ២០ ​នាក់​ហើយ​បើ​ទោះបី​សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​ក៏ដោយ តែ​សម្រាប់​ខ្ញុំ​នៅ​តែ​មិន​ពេញចិត្ត​ចំពោះ​យុត្តិធម៌​នេះ​ព្រោះ​ការ​សម្លាប់​រង្គាល​វា​ធំធេង​ពេក​»​។

ទោះ​យ៉ាងណា​ក៏ដោយ​សហព្រះរាជអាជ្ញា​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (​អ.វ.ត.ក​.) ឬ​សាលាក្ដី​ខ្មែរ​ក្រហម​កាលពី​ម្សិលមិញ​បាន​ស្នើសុំ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង នៃ អ.វ.ត.ក​. សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ជន​ជាប់ចោទ នួន ជា និង​ ខៀវ សំផន ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទប្រកាន់​នៅ​ក្នុង​សំណុំ​រឿង ០០២/០២ ​ហើយ​ដែល​ភាគី​នានា​នឹង​បង្ហាញ​ទឡ្ហីករណ៍​ផ្ទាល់មាត់​របស់​ខ្លួន​លម្អិត​លើ​សំណើ​ទាំង​នេះ​នៅក្នុង​អំឡុង​ពេល​សវនាការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​ការ​សួរ​ដេញដោល​លើ​អង្គ ភ័ស្តុតាង​ក្នុង​សំណុំ​រឿង​នេះ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​ ១៣ ខែ​មិថុនា​ឆ្នាំ ២០១៧ តទៅ​គឺ​រយៈពេល​ ៧ ​ថ្ងៃ​។

ការ​ស្នើ​របស់​សហ​ព្រះរាជអាជ្ញា​នេះ​គឺ​ធ្វើ​ឡើង​ក្រោយ​សារណា​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​របស់​ខ្លួន​ជនជាប់ចោទ​តាមរយៈ​មេធាវី​របស់​ខ្លួន​ស្នើសុំ​ឱ្យ​អង្គ​ជំនុំជម្រះ​ទម្លាក់​ចោល​បទចោទ​ប្រកាន់ និង​ដោះលែង​ជន​ជាប់ចោទ​ឱ្យ​មាន​សេរីភាព​។ យោង​តាម​លោក នេត្រ ភក្ត្រា មន្ត្រី​នាំ​ពាក្យ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​ ១៨ ខែ​ឧសភា ឆ្នាំ ២០១៧ នេះ​។

លោក នេត្រ ភក្ត្រា បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​បើ​តាម​ផែនការ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នឹង​ចេញ​សាលក្រម​លើ​សំណុំ​រឿង ០០២/០២ នៅ​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០១៨ ​បន្ទាប់ពី​ការ​ធ្វើ​​សេចក្តី​សន្និដ្ឋាន​ផ្ទាល់​មាត់​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​រួច​»​។

Content image - Phnom Penh Post
លោក នួន ជា និង ខៀវ សំផន នៅក្នុង​ក្រចក​សេះ​កន្លង​មក​។ រូបថត ស.វ.ត.ក.

លោក ភក្ត្រា ថ្លែង​ថា​យោង​តាម​សារណា​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​លើ​អង្គហេតុ​នៅ​ក្នុង​សំណុំ​រឿង ០០២/០២ ដែល​បាន​ដាក់​ជូន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​កាលពី​ថ្ងៃ​ទី​ ២ ខែ​ឧសភា ឆ្នាំ​ ២០១៧ កន្លង​ទៅ​សហព្រះរាជអាជ្ញា​ជាតិ​លោកស្រី ជា លាង និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​លោក នីកូឡា គុំជាន បាន​លើក​ឡើង​ថា​ដោយសារ​តែ​ពិចារណា​ឃើញ​អំពី​ភាព​ធ្ងន់ធ្ងរ​នៃ​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​បង្ក​នូវ​ភាព​រងទុក្ខ​វេទនា ខ្លោច​ផ្សា​សម្រាប់​ប្រជាជាតិ​ទាំង​មូល​បង្ក​ឱ្យ​មាន​ការ​ស្លាប់​ជីវិត​មនុស្ស​ជាច្រើន​លាន​នាក់​គឺ​ព្រះរាជអាជ្ញា​សូម​ស្នើ​ឱ្យ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​ជន​ជាប់ចោទ នួន ជា និង​ ខៀវ សំផន ​។

ព្រះរាជអាជ្ញា​បាន​សរសេរ​ថា​៖ «​ជន​ជាប់ចោទ​នៅ​ក្នុង​សំណុំរឿង​ក្តី​នេះ​គឺ នួន ជា បងធំ​ទី​ ២ និង​ ខៀវ សំផន ជា​មុខមាត់​សាធារណៈ​របស់​ខ្មែរ​​ក្រហម និង​ជា​ប្រធាន​រដ្ឋ​នៅក្នុង​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួកគេ​បាន​ស្វែងរក​គ្រប់​វិធី​ដើម្បី​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​របប​នេះ​។

ដោយ​ឡែក​សម្រាប់​ក្រុម​មេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​លើក​ឡើង​នៅ​ក្នុង​សារណា​​របស់​ខ្លួន​ថា​គាំទ្រ​ចំពោះ​អ្វី​ដែល​សហព្រះរាជអាជ្ញា​លើក​ឡើង និង​ស្នើ​ឱ្យ​អង្គ​ជំនុំជម្រះ​ពិនិត្យ​លើ​អង្គច្បាប់​ចំពោះ​អ្វី​ដែល​សហព្រះរាជអាជ្ញា​បាន​លើក​ឡើង​។

ជាមួយ​គ្នា​នេះ​​សហមេធាវី​នាំ​មុខ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​ស្នើសុំ​ឱ្យ​ទទួល​ស្គាល់​នូវ​ការ​បង្ហាញ​ភ័ស្តុតាង​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ព្រម​ទាំង​ការ​រងទុក្ខ​វេទនា​របស់​ជនរងគ្រោះ​ និង​ព្រម​ទាំង​សម្រេច​ផ្តល់​សំណង​ក្នុង​ករណី​ជន​ជាប់ចោទ​រកឃើញ​ថា​មាន​ពិរុទ្ធភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ចោទប្រកាន់​។

រីឯ​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា និង​ ខៀវ សំផន តាម​ឯកសារ​ដែល​បាន​លេចធ្លាយ​បាន​លើក​ឡើង​ថា​កូនក្តី​របស់​ខ្លួន​មិនមែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​កើតឡើង​ឡើយ និង​​ បាន​ស្តីបន្ទោស​ទៅ​លើ​វៀតណាម​ដែល​ធ្វើ​ឱ្យ​ការ​កសាង​ប្រទេស​មួយ​របស់​ខ្មែរក្រហម​ឱ្យ​ទៅ​ជា​រដ្ឋ​មួយ​ឯករាជ្យ និង​វិបុល​សុខ​ត្រូវ​បាន​បរាជ័យ​។

ក៏​ដូច​ក្រុម​មេធាវី​ នួន ជា ដែរ​ក្រុម​មេធាវី​ ខៀវ សំផន បាន​ថ្លែង​ថា​កូនក្តី​របស់​ខ្លួន​គួរ​រកឃើញ​ថា​មិន​មាន​កំហុស​ចំពោះ​បទ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទប្រកាន់​ដោយ​ស្នើឱ្យ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ទម្លាក់​ការ​ចោទប្រកាន់​ប្រឆាំង​កូនក្តី​ខ្លួន​។

មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ថា​ជន​ជាប់ចោទ នួន ជា និង​ ខៀវ សំផន ត្រូវ​បាន​រកឃើញ​ថា​មាន​ពិរុទ្ធភាព​នៅ​ក្នុង​សំណុំ​រឿង​ ០០២/០១ ​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ពាក់ព័ន្ធ​នឹង​ការ​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​សម្រេច​តម្កល់​សាលក្រម​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​។

បច្ចុប្បន្ន​នេះ​លោក នួន ជា មាន​​អាយុ ៩១ ឆ្នាំ និង​លោក ខៀវ សំផន មាន​អាយុ ៨៦ ​ឆ្នាំ​កំពុង​ប្រឈម​មុខ​នឹង​ការ​ជំនុំជម្រះ​ក្នុង​សំណុំ​រឿង ០០២/០២ ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម​ពាក់ព័ន្ធ​នឹង​សហករណ៍ មន្ទីរ​សន្តិសុខ ការ​រៀប​អាពាហ៍​ពិពាហ៍​ដោយ​បង្ខំ ការដ្ឋាន​ការងារ ការ​បោស​សម្អាត​ផ្ទៃក្នុង ជម្លោះ​ប្រដាប់​​អាវុធ​ជាដើម​៕

0

Comments

Please, login or register to post a comment