ភ្នំពេញៈ អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី និង​មជ្ឈដ្ឋាន​អ្នក​គោរព​ស្រឡាញ់​លោក កែម ឡី បាន​រិះគន់​លោក កែម រិទ្ធិសិត ប្អូនប្រុស​លោក កែម ឡី ដែល​ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដោយ​ដាក់​ឈ្មោះ​អ្នក​វិភាគ​ល្បី​ឈ្មោះ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ នៅ​កណ្តាល​ក្រុង​ភ្នំពេញ ដែល​មាន​មនុស្ស​ច្រើន​កុះករ​កាលពី​ថ្ងៃ​ ១០ ខែ​កក្កដា ឆ្នាំ ២០១៦​។

លោក​ កែម រិទ្ធិសិត ប្អូនប្រុស​បង្កើត​លោក កែម ឡី អ្នកវិភាគ​ល្បី​ឈ្មោះ​បាន​ប្រកាស​បង្កើត​គណបក្ស​នយោបាយ​មួយ​ដោយ​ដាក់​ឈ្មោះ​ថា គណបក្ស​ កែម ឡី​។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​កាលពី​ថ្ងៃទី​ ២៤ ខែ​កុម្ភៈ ការ​បង្កើត​បក្ស​នេះ គឺ​ដើម្បី​យក​ទស្សនទាន​ល្អៗ​របស់​លោក កែម ឡី ទៅ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ចំណែក​គោលបំណង​ដ៏ចម្លែក​មួយ​ទៀត​គឺ «​ដើម្បី​ទប់ស្កាត់​ដល់​ក្រុម​ជ្រុលនិយម​មួយ​ចំនួន​តែងតែ​យក​ឈ្មោះ​លោក​បណ្ឌិត កែម ឡី ​​ទៅ​ធ្វើ​ជា​ឧបករណ៍​កេងចំណេញ​ផ្នែក​នយោបាយ​ដើម្បី​បម្រើ​មហិច្ឆតា​របស់​ពួកគេ​ជា​រៀងរាល់​ថ្ងៃ​»​។

លោក រិទ្ធិសិត បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ដោយសារ​តែ​ច្បាប់​ហាម​មិន​ឲ្យ​ដាក់​ឈ្មោះ​គណបក្ស​ដោយ​ប្រើ​ឈ្មោះ​បុគ្គល លោក​ និង​ក្រុម​ការងារ​កំពុង​ពិភាក្សា​លើ​ឈ្មោះ​ថ្មី​។

លោក រិទ្ធិសិត ថ្លែង​ថា​ក្រោយ​ពេល​ប្រកាស​បង្កើត​គណបក្ស​នេះ​ធ្វើឲ្យ​មាន​ការ​មិន​ពេញចិត្ត​ពី​មជ្ឈដ្ឋាន​មួយ​ចំនួន ប៉ុន្តែ​លោក​ថា​លោក​នៅ​តែ​បន្ត​ធ្វើ​ដោយ​មិន​បញ្ឈប់​ឡើយ​។ «​គេ ខមមិន (comment) ​ជេរ​អី​លេង​អ៊ីចឹង​ទៅ គេ​មិន​ចង់​ឲ្យ​បង្កើត​។ គេ​ថា យើង​ហ្នឹង​យក​កេរ្តិ៍​ឈ្មោះ​បង​ទៅ​ធ្វើ​ម៉េចៗ​។ កេរ្តិ៍ឈ្មោះ​ម៉េច បើ​គាត់​ស្លាប់​ហើយ​ហ្នឹង ហើយ​គ្នា​ស្លាប់​ហើយ មិន​ឲ្យ​ប្អូន​ធ្វើ​ការងារ​សង្គម ដើម្បី​រក​យុត្តិធម៌​ទៅ​ថ្ងៃ​ក្រោយ ប្រសិន​បើ​យើង​មាន​លទ្ធភាព​ឈាន​ដល់​ដឹកនាំ​ប្រទេស​...»​។ លោក​អះអាង​ថា​មាន​ស្ថាបនិក​ជាច្រើន​បាន​មក​សុំ​ធ្វើ​ការងារ​នេះ​។

លោក​និយាយ​ទៀត​ថា​៖ «​យើង​នឹង​ដំណើរ​ការងារ​ផ្សេងៗ​មាន​ដូចជា​លក្ខន្តិកៈ ច្បាប់​ទម្លាប់ គោល​នយោបាយ យើង​ធ្វើ​ទាំងអស់​តាំងពី​ស្លាក​សញ្ញា​អី តែ​យើង​មិន​ទាន់​អាច​ផ្សាយ​បាន​នៅ​ឡើយ​។ ដំបូង​យើង​ចង់​ដឹង​ថា មាន​អ្នក​មិន​ពេញ​ចិត្ត​ប៉ុន្មាន ជំហាន​ដំបូង​ដូច survey មួយ​អ៊ីចឹង​។ យើង​អាច​នឹង​ចូលរួម​ការ​បោះឆ្នោត​ខាង​មុខ យើង​នឹង​ព្យាយាម​ធ្វើឲ្យ​ទាន់​»​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រសួង​មិន​ទាន់​បាន​ទទួល​ពាក្យ​សុំ​បង្កើត​គណបក្ស​នេះ​ទេ​។

អ្នកស្រី ប៊ូ រចនា ភរិយា​លោក កែម ឡី ដែល​ទើប​ទៅ​ដល់​ប្រទេស​អូស្ត្រាលី ក្នុង​នាម​ជន​ភៀសខ្លួន​បាន​ប្រតិកម្ម​មិន​ពេញ​ចិត្ត​នឹង​ការបង្កើត​គណបក្ស​នេះ ដោយ​អ្នកស្រី​ថ្លែង​ថា ស្វាមី​អ្នកស្រី​មិន​ដែល​ប្រាថ្នា​ចង់​បង្កើត​បក្ស​នយោបាយ​ទេ​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​បាន​ដឹង​ឮ​មកពី​គាត់​នោះ​ទេ ពី​រឿង​កាល​ដែល​គាត់​បង្កើត​គណបក្ស​ទាល់​តែ​សោះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា មិន​សប្បាយ​ចិត្ត​ទេ ចំពោះ​ប្អូនថ្លៃ​ខ្ញុំ​ដែល​បង្កើត​គណបក្ស​នេះ​ឡើង ដោយសារ​កាលពី​ប្តី​ខ្ញុំ​នៅ​រស់​គាត់​មិន​ដែល​ធ្លាប់​មាន​គំនិត​បង្កើត​ចង់​គណបក្ស​នយោបាយ​អី​ទេ​។ ខ្ញុំ​មិន​យល់​ហេតុ​អ្វី​បាន​គាត់​បង្កើត​គណបក្ស​នយោបាយ​ដោយ​បាន​ដាក់​ឈ្មោះ​ប្តី​របស់​ខ្ញុំ ហើយ​កាល​ដែល​ធ្វើ​នេះ គឺ​ផ្ទុយ​ពី​គំនិត និង​ឆន្ទៈ​របស់​ប្តី​ខ្ញុំ​»​។

លោក សៅ កុសល ប្រធាន​មូលនិធិ កែម ឡី ដែល​ទើប​បង្កើត​ឡើង​កាលពី​ចុង​ខែ​មករា​បាន​ថ្លែង​ថា លោក រិទ្ធិសិត ដែល​មាន​ឈ្មោះ​ជា​សមាជិក​គណៈកម្មការ​នាយក​នៃ​មូលនិធិ​នេះ​បាន​ទូរស័ព្ទ​មក​លោក​កាលពី​ថ្ងៃ​សៅរ៍​ដោយ​ប្រាប់​ថា លោក​នឹង​លាលែង​ពី​សមាជិក​មូលនិធិ​នេះ​ដើម្បី​ទៅ​បង្កើត​គណបក្ស​នយោបាយ​។

លោក កុសល ថ្លែង​ថា លោក​មិន​គាំទ្រ​ការ​បង្កើត​គណបក្ស​នេះ​ទេ ព្រោះ​វា​ប៉ះពាល់​ដល់​លោក កែម ឡី ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​វា​ជា​សិទ្ធិ​របស់​លោក រិទ្ធិសិត​។ «​បើ​ខ្ញុំ​ជា​គាត់​វិញ ខ្ញុំ​អត់​ធ្វើ​ទេ​។ មូលហេតុ​គឺ​យើង​ឃើញ​ថា ពលរដ្ឋ​គេ​គោរព​ស្រឡាញ់​បង​ ឡី គេ​មិន​គោរព​ស្រឡាញ់​គាត់ (​រិទ្ធិសិត​) ​ទេ​។ គេ​ស្រឡាញ់​បង​ ឡី ដោយសារ​បង​ ឡី ​គាត់​ធ្វើ​ការងារ​សង្គម មិនមែន​ការងារ​នយោបាយ​ទេ​។ អ៊ីចឹង​មិនមែន​មាន​ន័យ​ថា គេ​ស្រឡាញ់​បង​ ឡី ហើយ​អស់​ពី​គាត់​ទៅ​គេ​ស្រឡាញ់​ប្អូន​បង​ ឡី ​ទេ​»​។

លោក​ ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ថ្លែង​ថា ការបងើ្កត​គណបក្ស​នេះ អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក កែម ឡី ប្រសិន​បើ​គណបក្ស​នេះ​មិន​ទទួល​បាន​ជោគជ័យ​។ «​បើ​សិន​មិន​ជោគជ័យ​ទេ គណបក្ស​នេះ​នឹង​បំផ្លាញ​កេរ្ដិ៍ឈ្មោះ​របស់​លោក​បណ្ឌិត កែម ឡី​»​។

នៅលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ក៏​មាន​ការ​រិះគន់​ជាច្រើន​ពី​សំណាក់​អ្នក​គោរព​ស្រឡាញ់​លោក កែម ឡី ដែរ ចំពោះ​ការ​បង្កើត​គណបក្ស​នេះ​។ ប៉ុន្តែ​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​អបអរសាទរ ចំពោះ​ការ​បង្កើត​គណបក្ស​នេះ​។

លោក ពេជ្រ ស្រស់ គឺជា​អ្នក​ដាក់​ពាក្យ​ប្តឹង​គណៈកម្មការ​បុណ្យសព​លោក កែម ឡី ដែល​រួម​មាន​លោក ប៉ា ងួនទៀង លោក មឿន តុលា និង​ព្រះសង្ឃ ប៊ុត ប៊ុនតិញ ទៅ​តុលាការ ហើយ​តុលាការ​បាន​ចោទប្រកាន់​ពួកគាត់​ទាំង​ ៣ ​នាក់​ពី​បទ​ «​រំលោភ​លើ​ទំនុកចិត្ត​»​។

លោក ស្រស់​ថ្លែង​កាលពី​ម្សិលមិញ​ថា ក្រោយ​ពេល​លោក​ឃើញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក​ កែម រិទ្ធិសិត ភ្លាម​លោក​បាន​ទូរស័ព្ទ​ទៅ​អបអរសាទរ​។ «​ខ្ញុំ​អត់​មាន​អី​ច្រើន​ក្រៅ​ពី​អបអរសាទរ ចំពោះ​គំនិត​របស់​លោក កែម រិទ្ធិសិត ទេ​ដោយសារ​តែ​វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការ​បង្កើត​គណបក្ស ហើយ​បើ​លោក កែម រិទ្ធិសិត ភ្ជាប់​ទៅ​នឹង​បងប្រុស​របស់​លោក​នោះ​វា​ល្អ​ប្រសើរ ព្រោះ​គាត់​ជា​សាច់​ឈាម​ផ្ទាល់​ផង និង​ដើម្បី​ការពារ​កិត្តិនាម​របស់​លោក​បណ្ឌិត​ កែម ឡី ព្រម​ទាំង​មិន​ឲ្យ​ជន​ណា​យក​ឈ្មោះ​លោក​បណ្ឌិត កែម ឡី ទៅ​ធ្វើ​អាជីវកម្ម ឬ​ធ្វើ​ជា​ឈ្នាន់​នយោបាយ​»​។

ប៉ុន្តែ​លោកប៉ា ងួនទៀង ដែល​ជា​មិត្ត​ស្និទ្ធ​នឹង​លោក កែម ឡី កាលពី​លោក​នៅ​មាន​ជីវិត​បាន​ចោទ​ជា​សំណួរ​ចំពោះ​គំនិត​បង្កើត​បក្ស​នេះ​។

លោក​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​តើ​នរណា​ជា​ម្ចាស់​គំនិត​? ខ្ញុំ​គិត​ថា លោក កែម រិទ្ធិសិត គ្មាន​សមត្ថភាព បង្កើត និង​ដឹកនាំ​គណបក្ស​នយោបាយ​ទេ​។ ដូច្នេះ​វា​ជា​ការ​ប្រាកដ​ណាស់​ថា គណបក្ស​នេះ​នឹង​មិន​ឈ្នះ​ឆ្នោត​ទេ ហើយ​ពេល​នោះ​គេ​នឹង​ចោទ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​តម្លៃ​បណ្ឌិត កែម ឡី ខុស​»៕