ភ្នំពេញៈ ខណៈ​ភ្លៀង​កំពុង​ធ្លាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​កម្ពុជា-ថៃ នៅឯ​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​ព្រៃវែង​មាន​បាតុភូត​រន្ទះបាញ់​កើតឡើង​ដែល​បង្ក​ឲ្យ​មនុស្ស​ ២ ​នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ កែវ វី អ្នក​នាំពាក្យ​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ម្សិលមិញ​។

របាយការណ៍​បាន​បង្ហាញ​ថា​ជនរងគ្រោះ​ឈ្មោះ យូ សុលាង ភេទ​ប្រុស អាយុ​ ៥៦ ​ឆ្នាំ​ជា​កសិករ​នៅ​ភូមិ​បឹងវាល ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈ​កំពុង​ធ្វើ​ការងារ​ដក​ដំឡូងមី​នៅក្នុង​ចម្ការ​ខាង​ក្រោយ​ភូមិ ចំណែក​អ្នកស្រី​ យួន ច្រឹម អាយុ​ ៤៥ ​ឆ្នាំ​ជា​កសិករ​នៅ​ភូមិ​ព្រំ ឃុំ​ព្រៃព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង​ត្រូវ​រន្ទះបាញ់​ស្លាប់​ខណៈ​កំពុង​ជញ្ជូន​កណ្ដាប់​ដាក់​ពង្រាយ​នៅ​តាម​ភ្លឺស្រែ​ដើម្បី​រៀបចំ​ស្ទូង​។

ដោយឡែក​អ្នកស្រី អ៊ន សុខឿន អាយុ​ ២៦ ​ឆ្នាំ​ជា​កសិករ​នៅ​ភូមិ​កូន​ក្រាយ​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់​ក៏​ត្រូវ​បាន​រន្ទះបាញ់​ដែរ​គ្រា​ដែល​គាត់​កំពុង​ប្រមូល​មើម​ដំឡូងមី​គរ​ទុក ប៉ុន្តែ​គាត់​គ្រាន់​តែ​ដួល​សន្លប់​បាត់​ស្មារតី​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​។

លោក​​ វី បាន​ថ្លែង​ថា​៖ «​ការ​ប្រែប្រួល​អាកាសធាតុ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​ជំរុញ​ឲ្យ​បាតុភូត​គ្រោះធម្មជាតិ​កើត​មាន​កាន់តែ​ច្រើន​ឡើង​ និង​ខុស​ប្រក្រតី ដែល​បង្ក​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង​ដល់​ជិវិត​មនុស្ស សត្វ និង ជីវៈ​ចម្រុះ​ក្នុង​ភពផែនដី​»​។

លោក​បន្ត​ថា​៖ «​ជាទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាតុភូត​រន្ទះបាញ់​ចាប់​ផ្ដើម​កើត​មាន​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ ឬ​ដើម​ខែ​មីនា​មិន​ដែល​កើត​មាន​នៅ​ដើម​ខែ​មករា​បែប​នេះ​ទេ​»​។

កាលពី​ថ្ងៃ​ចន្ទ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ថា​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ​កំពុង​ទទួល​រង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ពី​ប្រទេស​ចិន​ដោយ​ឥទ្ធិពល​នៃ​បាតុភូត​ទាំង​ ២ ​នេះ​នឹង​បង្ក​ឲ្យ​កម្រិត​សីតុណ្ហភាព​នៅ​កម្ពុជា​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​ ១០ ខែ​មករា ឆ្នាំ ២០១៨ ជាពិសេស​ចាប់​ពី​ថ្ងៃ​ ១២ ដល់​ថ្ងៃ​ទី​ ១៥ ខែ​មករា​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ភាគ​ឦសាន​ដែល​រួមមាន ខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និង​ប៉ៃលិន សីតុណ្ហភាព​នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​រង្វង់​ពី​ ១៦ ​អង្សា​ទៅ​ ១៨ ​អង្សា ខណៈ​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​ធ្លាក់​ដល់​កម្រិត​ ១៤ ​អង្សា​។ ដោយឡែក​នៅ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​សីតុណ្ហភាព​អប្បបរមា​នឹង​ធ្លាក់​ចុះ​នៅ​ក្នុង​រង្វង់​ពី ១៩ អង្សា​ទៅ​ ២១ អង្សា​។

លើក​លែង​តែ​បណ្ដា​ខេត្ត​ជាប់​មាត់​សមុទ្រ​សីតុណ្ហភាព​អប្បបរមា​ស្ថិត​នៅ​ក្នុង​រង្វង់​ពី​ ២៣ ទៅ​ ២៤ ​អង្សា​៕