ភ្នំពេញៈ ជនសង្ស័យ​ ៦នាក់ ​ដែល​ពាក់​ព័ន្ធ​នឹង​​ការ​បាញ់​សម្លាប់​អ្នក​ការពារ​និងអភិរក្ស​ព្រៃ​ឈើ​ នៅស្រុក​អូររាំង​ ​ខេត្ត​មណ្ឌល​គិរី នៅ​ថ្ងៃ​អាទិត្យ​ ទី​៤ ខែ​កុម្ភៈ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត ដើម្បី​ធ្វើការ​​ផ្តន្ទាទោស​តាម​ច្បាប់។

ជនទាំ​ងនេះ ដែល​មាន​មន្ត្រី​យោធា និង​​មន្ត្រី​ប៉ូលីស​ព្រំដែន​ផងដែរ ត្រូវ​បាន​ដឹក​បញ្ជូន​ចេញពី​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​មណ្ឌល​គិរី ដើម្បី​បញ្ជូន​ទៅ​កាន់​តុលាការ​ខេត្ត​។

បើ​តាម​លោក ប៊ូ ប៊ុនឈាត ​អធិការនគរបាលស្រុកអូររាំង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ជន​សង្ស័យ​សរុប​៦​នាក់​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឃាត​កម្ម​បាញ់​ប្រហារ​ សម្លាប់​ជន​រង​គ្រោះបីនាក់​ មាន​ម្នាក់​ជា​មន្ត្រី​កងរាជ​អាវុធ​​ហត្ថ​លើ​ផ្ទៃ​ប្រទេស ម្នាក់​ជា​មន្ត្រី​បរិស្ថាន និង​ម្នាក់​ជា​មន្ត្រី​អង្គការ​ការ​ពារ​សត្វ​ព្រៃ WCS។

ចំណែក​ជន​សង្ស័យ​ទាំង​៦ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​​ឈ្មោះ ១. ផល ពេញ ជា​នាយ​​នគរ​បាល​ប៉ុស្ដិ៍​អូររលែ ​នៃ​វរៈ​ការពារ​ព្រំដែន​លេខ ៦២១ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​មណ្ឌល​គិរី​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ ទី០២ ខែ​កុម្ភៈ​ នៅ​ខេត្ត​ត្បូងឃ្មុំ​ ២.ឈ្មោះ កើត វេតា ជា​ទាហាន​ការពារ​ព្រំដែន​ ៣. ឈ្មោះ​ ឡាយ​ សាវី​ ជា​ទាហាន​ការពារ​ព្រំ​ដែន ៤. ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រី​នគរ​បាល​ប៉ុស្ដិ៍​អូរ​រលែ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​យប់​ថ្ងៃ​ទី​០១ ខែកុម្ភៈនិង ៥.​ឈ្មោះ​ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ ចំណែក​ទី​៦ ឈ្មោះ កើត វេហា ត្រូវ​បាន​ចូល​ខ្លួន​មក​សារភាព​ នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។

ជនសង្ស័យ កើត វេហា នៅ​កងរាជ​អាវុត្ថហត្ថ​ខេត្ត​មណ្ឌលគិរី។ រូប ​ហ្វ្រេសញូវ

គួរបញ្ជាក់​ថា ករណី​បាញ់​ប្រហារ​នោះ បណ្តាល​ឲ្យ​មន្ត្រី​ការ​ពារ​ព្រៃ​ឈើ​បីរូប​ស្លាប់​ នៅ​ចំណុច​អូរ​ហ៊ុច ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី​ បាន​កើតឡើង​​នៅ​ចន្លោះ​ម៉ោង​ ៤ រសៀល​ ​ថ្ងៃ​ទី​ ៣០ ខែ​មករា ឆ្នាំ​ ២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ ៣ ​នាក់​ រួមមាន​មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ ឈ្មោះសេក វឌ្ឍនា មន្ដ្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ឈ្មោះ តើន សុខណៃ និង​បុគ្គលិក​អង្គការ​សមាគមន៍ អភិរក្ស​​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល​ ខ្នា។

​ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​ករណី​នេះ ​សមត្ថកិច្ច​ ឲ្យ​ដឹង​ថា គេ​​បាន​រកឃើញ​គ្រាប់​កាទូស​កាំភ្លើង ៧ គ្រាប់​សុទ្ធ​តែ​ប្រភេទ AK និង​ថា ជន​រងគ្រោះ​ត្រូវ​គេ​ពួនស្ទាក់​បាញ់​ពេល​កំពុង​ល្បាត​។

អង្គការ WCS បាន​ចេញ​សេ​ចក្តី​ថ្លែង​ការណ៍​ កាលពីថ្ងៃ​សុក្រ ដោយ​ហៅជន​រងគ្រោះ​ទាំង​បីថា ជា «វីរជនអភិរក្ស​​ព្រៃឈើ»​។

(សូម​អាន​ព័ត៌មាន​ពិស្តារក្នុង​កាសែត)